ជាតិ
អ្នកជំនាញ​៖ រដ្ឋ​គួរផ្ដោត​ការអប់រំ​ផ្លូវចិត្ត និង​រឹតបន្តឹង​គ្រឿង​ស្រវឹង ដើម្បី​ទប់ស្កាត់​អំពើ​ឃោរឃៅ​ក្នុងសង្គម​
19, Jan 2021 , 2:13 pm        
រូបភាព
សមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបក្រុមជនសង្ស័យដែលបង្កហិង្សាបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣មករា ឆ្នាំ២០២០ នៅសង្កាត់ទួលតាឯក ខេត្តបាត់ដំបង។ រូ
សមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបក្រុមជនសង្ស័យដែលបង្កហិង្សាបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣មករា ឆ្នាំ២០២០ នៅសង្កាត់ទួលតាឯក ខេត្តបាត់ដំបង។ រូ
​ភ្នំពេញ​៖ អំពើហិង្សា និង​ករណី​ឃាតកម្ម បានកើត​ឡើងជា​ញឹកញយ ដែល​បង្កក្តី​ព្រួយបារម្ភ​នៅក្នុង​សង្គម​នា​រយៈពេល​ចុងក្រោយ​នេះ​។ កត្តា​នេះ អាច​បណ្ដា​មកពី​គ្រឿង​ស្រវឹង រួមជាមួយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​។ អ្នកជំនាញ ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់​លើ​សុខភាព​ផ្លូវចិត្ត​ពលរដ្ឋ និង​រឹតបន្តឹង​គ្រឿង​ស្រវឹង​។​


​អ្នកជំនាញ​ទស្សនវិជ្ជា លោក ប៉ា ចន្ទ​រឿន ដែលជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​អះអាងថា បញ្ហា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា​និង​សម្លាប់​យ៉ាង​ឃោរឃៅ​ជា​បន្តបន្ទាប់ គឺ​បណ្ដាលមកពី​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​សន្តិភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​។ នោះ​ក៏​ព្រោះ​ពលរដ្ឋ​ខ្លះ នៅ​ដិតដាម​ជាប់​រូបភាព​សល់​ពី​សម័យ​ស​ង្គ្រា​ម​។​


អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន។ រូបថត ហ្វេសប៊ុក Chanroeun Pa 

​ក្រៅពី​បញ្ហា​ផ្លូវចិត្ត អ្នកជំនាញ​ទស្សនវិជ្ជា​រូបនេះ ពន្យល់ថា កត្តា​គ្រឿង​ស្រវឹង គ្រឿងញៀន និង​នយោបាយ ក៏​ធ្វើឱ្យ​មនុស្ស​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង ហើយ​ឈានដល់​ការប្រព្រឹត្ត​អំពើហិង្សា បាញ់​/​កាប់សម្លាប់ និង​រំលោភបំពាន​អ្នកដទៃ​។ ម្យ៉ាងទៀត ការ​ចែកចាយ​ព័ត៌មាន​អំពី​ករណី​ហិង្សា​ឃាតកម្ម​ផ្សេងៗ តាម​បណ្ដាញ​សង្គម ក៏​ជាការ​រួមចំណែក​ជះ​ផល​អវិជ្ជមាន​ដែរ​។​
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ប៉ា ចន្ទ​រឿន ថ្លែងថា​៖ «​បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវ​លើកកម្ពស់​ការអប់រំ​ស្ដីពី​វិធី​ទប់ស្កាត់​បញ្ហា​ខាងលើ ពិសេស​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង និង​គោលការណ៍​នៃ​គុណ​តម្លៃសង្គម​ដល់​សាធារណជន​។ ហើយ​អ្នកចូលរួម​សំខាន់បំផុត​គឺ​រដ្ឋាភិបាល លោកគ្រូ​អ្នកគ្រូ ព្រះសង្ឃ និង​អ្នកចេះដឹង​គ្រប់គ្នា​ចូល​ជួយ​ពន្យល់​ផ្សព្វផ្សាយ​បន្ត​គ្នា ទើប​សង្គម​មាន​សន្តិភាព​។ ហើយ​អាជ្ញាធរ​ក៏ត្រូវ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ផងដែរ​»​។ 
 
​ដូចគ្នានេះដែរ លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ​សម្ព័ន្ធ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា​(​លីកាដូ​) ក៏​កត់សម្គាល់​ឃើញថា ការអនុវត្ត​ច្បាប់​នៅមានកម្រិត ក៏​អាចជា​មូលហេតុ​នាំឱ្យមាន​ការប្រើ​អំពើហិង្សា រហូតដល់​មាន​អ្នកស្លាប់​។ 
 
«​កត្តា​ហិង្សា​នៅ​បន្ត​កើតមានឡើង​ដោយសារ ជនរងគ្រោះ​និង​ជនបង្ក​ហេតុ​មានការ​ដោះស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ ដោយសារ​ការខ្វះ​ចំណេះដឹង​។ ហើយ​ការ​ប្រច័ណ្ឌ ការទាមទារ​សិទ្ធិអំណាច​ក្នុង​គ្រួសារ និង​បញ្ហា​ហិរញ្ញវត្ថុ​(​ទាំង​គ្រួសារ​មាន​និង​ក្រ​) ទាំងអស់​នេះហើយ​វា​បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​មិនចេះចប់​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អំ សំអាត ដោយ​បន្ថែមថា គ្រប់​ក្រសួង​និង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន ដែល​ធ្វើ​មនុស្ស​ឲ្យ​បាត់បង់​ស្មារតី​និង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ 
 
​មិនតែប៉ុណ្ណោះ លោក សំអាត ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​បទល្មើស​អំពើហិង្សា ហើយ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​សីលធម៌​រស់នៅ រួមទាំង​សិទ្ធិ​ទទួលបាន​ការពារ ។ ជាពិសេស​ប្រឹក្សា​យោបល់​រាល់ពេល​រង​អំពើ​រំលោភបំពាន​ឬ​ហិង្សា​ណាមួយ​។ 
 


លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

​បទល្មើស​ហិង្សា បាន​កើតមាន​ច្រើន គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​២០២០​។ ជាពិសេស​កាលពី​ថ្ងៃទី​៣០ ធ្នូ​ចុងឆ្នាំ​នោះ មាន​ករណី​ឃោរឃៅ​មួយ​បាន​កើតឡើង ដោយ​ជនសង្ស័យ​ម្នាក់ បាន​បាញ់សម្លាប់​នាយរង​កា​រិ​យា​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ម្នាក់​ឈ្មោះ រ៉េត ស៊ី​ណែ​ត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ផ្តើមចេញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រោយមក​ជនសង្ស័យ​ដែល​គេ​ស្គាល់​ឈ្មោះថា លោក អ៊ា ណា​រ៉េ​ន នេះ​បាន​រត់​គេចខ្លួន ដោយ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត រហូតដល់​ថ្ងៃទី​១៥ មករា ២០២១ ទើប​សមត្ថកិច្ច​បាញ់សម្លាប់​នៅ​ខេត្តក្រចេះ ក្រោយ​មិន​ព្រម​ប្រគល់​ខ្លួន ដោយ​បាញ់​តដៃ​មកលើ​សម​ត្ច​កិច្ច​។​
 
​ជុំវិញ​ករណី​ហិង្សា​នេះ ក៏​អាចមកពី​ភាពកម្សោយ​នៃ​ការគ្រប់គ្រង​អាវុធ​ដែរ​។ តែ​យ៉ាងណា​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ អះអាងថា រាល់​អ្នកប្រើប្រាស់​អាវុធ​(​កាំភ្លើង​) មិនមែន​សុទ្ធតែ​សមត្ថកិច្ច​នោះទេ ហើយ​ម​ន្រី្ត​នគរបាល​ណា​ដែល​ប្រើ​អាវុធ​ខុសច្បាប់​នឹង​ទទួលទោស​ឬ​បញ្ជូន​សំណុំរឿង​តុលាការ​។ ជាមួយគ្នា​ដែរ លោក​បញ្ជាក់ថា ការគ្រប់គ្រង​អាវុធ​ប្រទេស​ណា​ក៏​ដូចគ្នា​ដែរ គឺ​សុទ្ធ​តែមាន​ចន្លោះប្រហោង​។ 
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ពាក់​ពន្ធ​នឹង​បញ្ហា​ហ្នឹង​(​ការគ្រប់គ្រង​អាវុធ​) ខ្ញុំ​អត់​ដឹង​និយាយ​ម៉េច​ដែរ ។ ប៉ុន្តែ​មិនមែន​អ្នកប្រើប្រាស់​អាវុធ​គឺ​សុទ្ធតែ​សមត្ថកិច្ច​នោះទេ​, ច្បាប់គ្រប់គ្រងអាវុធ​សម្រាប់​ម​ន្រី្ត​នគរបាល​គឺមាន ហើយ​អ្នកប្រើប្រាស់​ខុសច្បាប់​វា​ពាក់ព័ន្ធ​នឹង​សីលធម៌ ហើយ​អ្នកខ្លះ​យើង​ក៏​ដាក់ទោស​ណែនាំ ខ្លះ​ក៏​បញ្ជូនទៅ​តុលា​។ ប៉ុន្តែ​អ្នក​គេ​កាន់​អាវុធ​(​ម​ន្រី្ត​នគរបាល​)​ស្រួល គេ​គ្មាន​បង្កបញ្ហា​អ្វី​ទេ គេ​មាន​លក្ខខណ្ឌ​ក្រឹត្យក្រម គេ​កាន់​ត្រឹមត្រូវ​។ ហើយ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ច្បាប់​គ្រប់គ្រង​តែងមាន​ចន្លោះប្រហោង​ហើយ​»​។ 
 
​ការអង្កេត​របស់លោក ហួរ ស៊ី​ថុល អ្នកជំនាញ​ផ្នែក​ពិគ្រោះ​យោបល់​ចិត្ត​វិទ្យា​នៃ Khmer Counselling Psycho Education Services បាន​សម្គាល់​ឃើញ​ដូចគ្នា​ដែរ​ថា គ្រឿងញៀន​និង​គ្រឿង​ស្រវឹង ជា​កត្តា​ចម្បង​នាំ​មនុ​ស្សមាន​វិបត្តិ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​។ លោក ស៊ី​ថុល ពន្យល់ថា​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​វិបត្តិ​ផ្លូវចិត្ត​តិច​ឬ​ច្រើន ហើយ​អ្នកខ្លះ​ក៏​ឈានដល់​ដំណាក់កាល​នៃ​ជំងឺផ្លូវចិត្ត​ណាមួយ​។ ប៉ុន្តែ​បញ្ហា​ផ្លូវចិត្ត​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពេល​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង ពិសេស​អំឡុងពេល​កូ​វីដ​-១៩ ដែល​ភាគច្រើន​កំពុង​ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​។ លោក​អះអាងថា អ្នកប្រព្រឹត្ត​ហិង្សា​និង​ឃាតកម្ម​ដែល​កើត​ឡើងជា​បន្តបន្ទាប់​នាពេល​ថ្មីៗ គឺ​សុទ្ធ​តែមាន​បញ្ហា​ផ្លូវចិត្ត​មិន​នឹងនរ​។ 
 


លោក ហួរ ស៊ីថុល អ្នកជំនាញផ្នែកពិគ្រោះយោបល់ចិត្តវិទ្យានៃ Khmer Counselling Psycho Education Services (រូបកណ្ដាលពាក់អាវពណ៌ខៀវស្រាល)។ រូបពី៖ ទំព័រហ្វេសប៊ុក របស់លោក ហួរ ស៊ីថុល

«​តាម​ការស្រាវជ្រាវ​រក​ឃើញថា អ្នកមើល​រូបភាព​វីដេអូ​ឬ​រឿងរ៉ាវ​ហិង្សា​ច្រើន​អាចមាន​ទំនោរ​ទៅខាង​ហ្នឹង មានន័យថា​អ្នក​បានដឹង​ឬ​ជំនាន់​ក្រោយ​អាច​ប្រព្រឹត្ត​តាម​។ ហើយ​មួយទៀត​អាច​ឲ្យ​អ្នកមើល​កើត​បញ្ហា​ផ្លូវ​អារម្មណ៍​ភ័យខ្លាច​ជាដើម​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ស៊ី​ថុល ដោយ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ពិនិត្យ​លើ​ក្រមសីលធម៌ ខ្លឹមសារ​អប់រំ មុននឹង​ចេញ​។ ពិសេស​គឺ​ករណី​បទល្មើស​ហិង្សា ។ 
 
​ដើម្បី​ទប់ស្កាត់​អំពើហិង្សា និង​ភាព​សាហាវឃោរឃៅ​នៅក្នុង​សង្គម​នេះ លោក ស៊ី​ថុល ទទូច​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ ឬ​គួរ​បញ្ឈប់​រាល់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​រឹតបន្តឹង​ការលក់​គ្រឿង​ស្រវឹង ពោលគឺ​មិនត្រូវ​លក់​ដល់​យុវជន​មិនទាន់​គ្រប់​អាយុ​។ ជាងនេះទៅទៀត លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ផ្តោត​លើក​ផ្នែក​អប់រំ​សុខភាព​ផ្លូវចិត្ត ព្រោះ​បច្ចុប្បន្ន​លោក​មើល​សង្កេតឃើញថា វិស័យ​សុខភាព​ផ្លូវចិត្ត​ខ្វះ​ការផ្សព្វផ្សាយ​អប់រំ ខ្វះ​ធនធាន សេវាកម្ម និង​យុទ្ធសាស្ត្រ​ជាក់លាក់​ជាដើម​។ 
 
​រយៈពេល​៨​ខែ កាលពី​ឆ្នាំ​២០២០​នេះ បទល្មើស​សរុប​មាន​២,៤១៨​ករណី​។ ក្នុងចំណោម​បទល្មើស​ទាំងនេះ មាន​ករណី​អំពើហិង្សា​កើតឡើង​ជាង​៧០០​ករណី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាយ គីម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram៕

Tag:
 សង្គម​
  អំពើហិង្សា​
  ឃាតកម្ម​
  គ្រឿងញៀន​
  វិបត្តិ​ផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com