គណៈកម្មាធិការវាយតម្លៃឯករាជ្យមួយ នៅថ្ងៃទី១៨ ខែមករា បានរិះគន់ ចំណាត់ការរបស់អង្គការសុខភាពពិភពលោក (WHO) ដែលយឺតយ៉ាវក្នុងការឆ្លើយតបនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ នៅដំណាក់កាលដំបូង។ ចិនក៏ត្រូវរិះគន់ដូចគ្នា ព្រោះមិនបានចាត់វិធានការឱ្យតឹងរ៉ឹងនៅដំណាក់កាលដំបូងដូចគ្នា។
គណៈកម្មាធិការត្រួតពិនិត្យការឆ្លើយតបដំបូងនឹងជំងឺកូវីដ-១៩ បានចេញរបាយការណ៍បឋមរបស់ខ្លួននៅថ្ងៃទី១៨ ខែមករា ដោយបានរិះគន់ទាំងអង្គការសុខភាពពិភពលោក និងចិនជុំវិញចំណាត់ការនៅដំណាក់កាលផ្ទុះកូវីដ-១៩ ។ អតីតនាយករដ្ឋមន្ត្រីនូវែលសែឡង់ Helen Clark និងអតីតប្រធានាធិបតីលីប៉េរីយ៉ា Ellen Johnson Sirleaf ជាសហប្រធានគណៈកម្មាធិការនេះ។
របាយការណ៍នេះ ចេញនៅប៉ុន្មានម៉ោងក្រោយនាយកប្រតិបត្តិកម្មវិធីអាសន្នរបស់WHO លោក Mike Ryan ប៉ាន់ប្រមាណថា អ្នកស្លាប់ដោយសារកូវីដ-១៩ អាចនឹងកើនដល់ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្នុង របាយការណ៍នេះ ក្រុមវាយតម្លៃខាងលើ បានលើកឡើងថា អាជ្ញាធរចិន គួរតែចាត់វិធានការឱ្យបានខ្លាំងជាអ្វីដែលបានធ្វើនៅក្នុងខែមករា ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ នៅក្នុងក្រុងវូហាន ក្រុងហ៊ូប៉ី។
នៅក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ អាជ្ញាធរចិន បានប្រកាសបិទក្រុងវូហានទាំងស្រុង ដើម្បីទប់ស្កាត់ប្រជាជនរបស់ខ្លួនទៅស្រុកកំណើតក្នុងអំឡុងចូលឆ្នាំចិន និងទប់ស្កាត់ការរាតត្បាត។ ប៉ុន្តែចិនក៏ត្រូវរិះគន់ថា លាក់បាំងករណីឆ្លង និងមិនយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវលើករណីសង្ស័យ ហើយបណ្ដែតបណ្ដោយឱ្យរាលដាលទៅកន្លែងនានា។
ទន្ទឹមនេះ របាយការណ៍ខាងលើបន្តថា ទោះមានព័ស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សញ្ញានៃករណីឆ្លងនេះ មិនត្រូវបានគេអើពើឡើយឡើយ។ គណៈកម្មាធិការខាងលើ ក៏បានចោទសួរ ថា ហេតុអ្វីបានជាគណៈកម្មាធិការអាសន្ន WHO មិនមានកិច្ចប្រជុំលើបញ្ហាកូវីដ-១៩ រហូតដល់សប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២០ ហើយថែមទាំងមិនបានប្រកាសអាសន្នជាអន្តរជាតិថែមទៀត រហូតដល់កិច្ចប្រជុំលើកទីពីរ នៅថ្ងៃទី៣០ ខែខែមករា។
មិនតែប៉ុណ្ណោះ ពាក្យជំងឺឆ្លងសកល (Pandemic) ក៏មិនត្រូវបានប្រើប្រាស់ ដើម្បីទាញសញ្ញាប្រកាសអាសន្នសម្រាប់ពិភពលោកឡើយ។ ផ្ទុយទៅវិញ ពាក្យនេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រើប្រាស់ចាប់ពីថ្ងៃទី១០ ខែមីនា មកប៉ុណ្ណោះ ស្របពេលកូរ៉ូណាវីរុស បានរាតត្បាតយ៉ាងខ្លាំងទៅហើយ។
«ប្រព័ន្ធប្រកាសជំងឺឆ្លងសកល មិនត្រូវបានប្រើឲ្យត្រូវតាមគោលដៅឡើយ»។ ក្រុមអ្នកត្រួតពិនិត្យស្ថានការណ៍កូវីដ-១៩ បានលើកឡើងបែបនេះ ដោយបន្ថែមថា អង្គការ WHO នៅមានកង្វះខាតយន្តការច្រើនណាស់ ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ-១៩ ដែលតម្រូវឲ្យធ្វើកំណែទម្រង់ឡើងវីញ ។ កន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក៏បានចោទអង្គការអន្តរជាតិមួយនេះដែរ ថាលំអៀងទៅរកចិន និងជួយលាក់បាំងស្ថានការណ៍កូវីដ-១៩ ។
របាយការណ៍របស់ក្រុមអ្នកជំនាញនេះ ធ្វើឡើងមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដល់ខួបមួយឆ្នាំនៃការបិទក្រុងវូហាន ប្រទេសចិន។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ពិភពលោក មានករណីឆ្លងសរុបចំនួនជាង ៩៦លាននាក់ និងអ្នកស្លាប់ចំនួនជាង ២លាននាក់។ ចំណែកអ្នកស្លាប់មានចំនួន ជាង ៦៨លាននាក់៕