ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង​៖ បញ្ហា​ហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ នៅតែ​ជា​កង្វល់​ចំពោះមុខ​
19, Jan 2021 , 3:18 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​អំពើហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ នៅតែ​ជា​ក្ដីកង្វល់ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា ដោះស្រាយ​ជា​ចំ​បាច់​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣ នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​


​សម្ដេច ស ខេង មើលឃើញថា បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​ក្ដីកង្វល់​ចំពោះមុខ ដែល​មិនទាន់​ល្អប្រសើរ​នៅឡើយ​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ ។​
 
​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ទាំងអស់នេះ ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ជា​អ្នកពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជម្នះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បីឱ្យ​ប្រជាជន​យើង ជាពិសេស​ស្ត្រី​កម្ពុជា​ដែលមាន​ចំនួន រហូតដល់​៥២​ភាគរយ នៃ​ប្រជាជន​សរុប​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​»​។​
 
​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បាន​បញ្ជាក់ថា កត្តា​ចម្បង​នៃ​ការរំលោភបំពាន និង​ហិង្សា​លើ​ស្ត្រី គឺ​បណ្ដាលមកពី​បញ្ហា​វិសមភាព​យេនឌ័រ និង​ការរើសអើង​ក្នុងសង្គម​នៅតែ​កើតមាន ដែល​ធ្វើឱ្យ​ក្រុម​ស្ត្រី​ងាយ​រងគ្រោះ​ប្រឈមមុខ​ខ្លាំង លើ​ការបំពាន​ផ្លូវភេទ និង​ការកេងប្រវ័ញ្ច​ជាដើម​។ «​ម្យ៉ាងវិញទៀត ការ​មាក់ងាយ និង​ការរើសអើង​ក្នុង​សហគមន៍ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​អំពើហិង្សា និង​បញ្ហា​ប្រឈម​ក្នុងការ​ទទួលបាន​កិច្ចការពារ និង​សេវា​សំខាន់​ថែមទៀត​»​។ នេះ​បើតាម​លោកស្រី អ៊ឹង កន្ថាផាវី​។​
 
​មិនតែប៉ុណ្ណោះ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏​នាំឱ្យ​ស្ត្រី​រង​អំពើហិង្សា និង​ការរំលោភបំពាន​ដែរ​។ នោះ​ក៏​ព្រោះ​ជំងឺ​នេះ វា​ធ្វើឱ្យ​មនុស្ស​ទូទៅ​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​ផ្លូវចិត្ត ដែល​អាចឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពើហិង្សា​លើ​ដៃគូ ជា​ស្ត្រី​ទៀតផង​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​កិច្ចការនារី​។​
 
​បើតាម​លោកស្រី កន្ថាផាវី បញ្ហា​កង្វះ​ធនធាន​ក្នុងការ​អនុវត្ត និង​ទប់ស្កាត់​ហិង្សា រួមទាំង​កិច្ចការ​សម្របសម្រួល​ផ្ដល់​សេវា​នានា ដល់​ជនរងគ្រោះ នៅមានកម្រិត ដែលនាំឱ្យ​ករណី​ហិង្សា​នៅតែ​កើតមាន​។ តែ​យ៉ាងណា​រដ្ឋមន្ត្រី​កិច្ចការនារី​រូបនេះ នៅតែ​វាយតម្លៃថា អំពើហិង្សា និង​ការរំលោភបំពាន​លើ​ស្ត្រី មាន​កាត់បន្ថយ​នៅ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ ដោយសារ​ស្ត្រី​មានការ​យល់ដឹង​ច្រើន​។​
 
​ប៉ុន្តែ​ដើម្បី​សម្រេចបាន​គោលបំណង​នៃ​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​នេះ ទើប​រដ្ឋាភិបាល​ដាក់ចេញ​គោលនយោបាយ​ការពារ​ស្ត្រី​បន្ថែមទៀត​។ សម្ដេច ស ខេង ជំ​រុញឱ្យ​មន្ត្រី​អនុវត្ត​ការងារ​ទាំងអស់ ប្រែក្លាយ​ឯកសារ​ផែនការ​សកម្មភាព​ជាតិ​ឱ្យទៅជា​សកម្មភាព​ជាក់ស្តែង និង​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ សំដៅ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ដោយ​លើកកម្ពស់​សមធម៌ បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​ក្នុងសង្គម ។ «​យើង​ជឿជាក់ថា ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​នេះ នឹង​ក្លាយជា​ផែនទី​តម្រង់ទិស​ដ៏​ស័ក្តិសិទ្ធិ​មួយ ដែល​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ការងារ​ទប់ស្កាត់​និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់​ឱ្យ​កាន់តែ​សម្រេចបាន​ឆាប់រហ័ស​តាម​ការរំពឹងទុក​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​បច្ចុប្ប្ន​រាជរដ្ឋាភិបាល កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ជាពិសេស​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេងស្រី និង​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់ សេវា​ជា​ពហុ​វិស័យ​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ឱ្យបាន​ទាន់ពេលវេលា​។ នេះ​បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ​៕
 

Tag:
 ស ខេង​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com