ជាតិ
រដ្ឋមន្ត្រីដែនដី ប្រាប់ឲ្យស្ថាប័ន និងអាជ្ញាធរ ឈប់វាស់វែងដីរដ្ឋ ជំនួសមន្រី្តសុរិយោដី 19, Jan 2021 , 8:29 pm
រដ្ឋមន្រី្តក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដី)
× ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឲ្យក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ ត្រូវប្រគល់ភារកិច្ចទៅមន្ទីររៀបចំដែនដី និងសុរិយោដី ជាអ្នកចុះវាស់វែង និងជាអ្នកផ្ទៀងផ្ទាត់ទិន្នន័យ។ សង្គមស៊ីវិលយល់ថា ការធ្វើបែបនេះ ជាការការពារដីរដ្ឋ ដើម្បីកុំឲ្យមានករណីលួចបន្លំលក់។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានសង្កេតឃើញថា ការវាស់វែងនិងកំណត់ព្រំក្បាលដី ពីសំណាក់ស្ថាប័ន និងអាជ្ញាធរ នៅក្នុងគោលដៅផ្ដល់កម្មសិទ្ធ និងសិទ្ធជួលដីឯកជនរបស់រដ្ឋ ដោយគ្មានការផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដីឡើយ។ លោក ជា សុផារ៉ា អះអាងថា សកម្មភាពបែបនេះ បានធ្វើឲ្យនិយាមកានៃក្បាលដីខ្វះភាពសុក្រឹត ជាន់ក្បាលដីគ្នា និងបង្កឲ្យមានវិវាទដីធ្លី។
ដើម្បីជៀសវាងញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងដែនដី ស្នើឲ្យស្ថាប័ននិងអាជ្ញាធរទាំងអស់ បញ្ឈប់ការអង្កេតវាស់វែងក្បាលដី ដោយទុកសិទ្ធិឲ្យរដ្ឋបាលសុរិយោដីតែមួយគត់ ក្នុងការកំណត់ព្រំក្បាលដីស្របតាមច្បាប់ភូមិបាល។ លិខិតក្រសួងដែនដី ដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «រដ្ឋបាលធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង កំណត់និយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី»។
លោក ស៊ឹង សែងករុណា (រូបពីទំព័រហ្វេសប៊ុករបស់លោក ករុណា)
ចំពោះទិន្នន័យវាស់វែងក្បាលដីក្នុងគោលដៅ ដែលស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ គឺត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី ដើម្បីផ្ទៀងផ្ទាត់។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីដែនដី ដែលបានបន្ថែមថា «រាល់ការជួលដីឯកជនរបស់រដ្ឋ ត្រូវធ្វើការចុះបញ្ជីបណ្ណកម្មសិទ្ធិដីឯកជនរបស់រដ្ឋជាមុនសិន»។
សម្រាប់លោក ស៊ឹង សែងករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក(ADHOC)យល់ថា វិធានការក្រសួងដែនដីនេះ វាជាវិធីសាស្ត្រមួយ ដែលជួយការពារដីរដ្ឋ ដើម្បីកុំឲ្យមានការលួច ឬលក់ផងដែរ។ ថ្លែងប្រាប់សារព័តមានថ្មីៗ លោក ករុណា ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា ការធ្វើបែបនេះរបស់ក្រសួង(ប្រគល់សិទ្ធិឲ្យរដ្ឋបាលសុរិយោដីវាស់វែងនិងផ្ទៀងផ្ទាត់ទិន្នន័យ) ងាយស្រួលក្នុងការគ្រប់គ្រង់ដីរដ្ឋ ព្រោះវាអាចមានបញ្ហាអនាធិបតេយ្យក្នុងការទិញលក់ឬជួល ដីឯកជនរបស់រដ្ឋ។ កន្លងមកយើងឃើញមានការលក់ដីផ្សេងៗ ដែលជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមស្ថានប័នក្រសួងហ្នឹង ដោយអត់មានឆ្លងកាត់សុរិយោដី។ ការវាស់វែងកាត់ដី ធ្វើឲ្យបាត់ទ្រព្យរដ្ឋនេះហើយ ទើបធ្វើឲ្យមានវិធានការរឹតបន្តឹងនេះឡើង»។
បើតាមលោក ស៊ឹង សែងករុណា ក្រសួងដែនដីគួរមានចំណាត់ការបែបនេះ តាំងយូរមកម្លេះ ដើម្បីបញ្ចៀសរាល់ការកើតមានវិវាទដីធ្លី ឬខាតបង់ទ្រព្យរដ្ឋ។ ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ លោកថា ភាគីរដ្ឋាភិបាល ពិសេសក្រសួងដែនដី គួរតែដោះស្រាយសំណុំរឿងចាស់ៗ ដែលអូសបន្លាយអស់ជាច្រើនឆ្នាំ ឲ្យបានឆាប់ចប់។
មន្ត្រីអាដហុករូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋក៏ត្រូវសិក្សាពីផលប៉ះពាល់ឲ្យសង្គម និងបរិស្ថានសិន មុនផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនណាមួយ ដើម្បីជៀសវាងនិងកាត់បន្ថយទំនាស់ដីធ្លី និងផលប៉ះពាល់បរិស្ថាន។ បើតាមលោក ករុណា រដ្ឋក៏ត្រូវតែពិនិត្យដីសម្បទានដែលផ្ដល់ឲ្យបណ្ដាក្រុមហ៊ុនកន្លងមកដែរ ។ «ប្រសិន(ក្រុមហ៊ុនអនុវត្ត)ខុសលក្ខខណ្ឌឬច្បាប់ណាមួយ ត្រូវដកហូតហើយពិចារណាផ្ដល់ដីសម្បទានដល់កសិករសម្រាប់ធ្វើកសិកម្មវិញ»។ នេះជាការលើករបស់មន្ត្រីអាដហុក៕
© រក្សាសិទ្ធិដោយ thmeythmey.com