អន្តរជាតិ
ជប៉ុន ជំរុញ​កូរ៉េខាងត្បូង​បញ្ឈប់​ការ​ការទាមទារ​សំណង​ករណី​ស្ត្រី​ទាសករ​ផ្លូវភេទ​
19, Jan 2021 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi។ រូបថត AFP
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Toshimitsu Motegi  នៅ​ថ្ងៃទី​១៨ ខែមករា បានទាមទារ​ឱ្យ​កូរ៉េខាងត្បូង ទម្លាក់ចោល​ការទាមទា​រ​សំណង​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង ដែល​រងគ្រោះ​នៅក្នុង​សម័យ​សង្គ្រាម ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​។ បើតាម​ភាគី​ជប៉ុន កន្លងមក​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានគិត​គូរ​សំណង​ទាំងនោះ​រួចមកហើយ​។​


 
​ស្នាមរបួស​ចាស់​នៃ​ទំនាក់ទំនង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​ក្នុងសម័យ​សង្គ្រាម​ចាប់ពី​ឆ្នាំ​១៩១០ ដល់​១៩៤៥ បាន​លេចឡើង​ជាថ្មី បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង បា​នប​ង្គ្រា​ប់​ឱ្យ​ជប៉ុន ផ្តល់​សំណង​ជា​ប្រាក់​ក្នុង​ម្នាក់​៩១៣០០​ដុល្លារ​ឱ្យ​ស្ត្រី​រងគ្រោះ​ដោយសារ​ការបំពាន​ផ្លូវភេទ​ចំនួន ១២​រូប ។ អ្នក​ទាំង​១២​រូបនោះ ស្ថិតនៅ​ក្នុងចំណោម​ស្ត្រី​ចំនួន ១​ម៉ឺន​នាក់​មកពី​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក ដែល​ត្រូវបាន​ចាប់​បញ្ជូនទៅ​បន្ទាយ​ទាហាន​របស់​ជប៉ុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ 
 
​ជាការ​ឆ្លើយ​នឹង​សេចក្តីសម្រេច​របស់​តុលា​ករ​កូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Toshimitsu Motegi បានលើកឡើង​នៅក្នុង​សភា​ថា ការកាត់ក្ដី​របស់​តុលាការ​កូរ៉េខាងត្បូង បាន​បញ្ជា​ឱ្យ​ជប៉ុន​សង​សំណង​ទៅ​ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ១២​រូប ជាស​កម្ម​ភាពខុសប្រក្រតី និង​មិនអាច​យល់បាន នៅក្នុង​ច្បាប់​អន្តរជាតិ និង​ទំនាក់ទំនង​ទ្វេភាគី​។ 
 
«​យើង ជំ​រុញឱ្យ​កូរ៉េខាងត្បូង កែតម្រូវ​ការបំពានច្បាប់​អន្តរជាតិ​ឱ្យបាន​ឆាប់​បំផុត​»​។ ប្រមុខ​ការទូត​ជប៉ុន បានលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំសភា​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ក្នុង​ថ្ងៃ​ដដែល​នេះ បាន​ព្រមាន​ថា វា​នឹងមិន​មានរឿង​ល្អ​ឡើយ​នៅក្នុង​ទំនាក់ទំនង​ប្រទេសជិតខាង​ទាំងពីរ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ មិនអាច​រក​ដំណោះស្រាយ​រួមគ្នា មុនពេល​តុលាការ​កូរ៉េខាងត្បូង រឹបអូស​យក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​លក់ឡៃ​ឡុង​។ ការលក់​ឡៃ​ឡុង​លើ​ទ្រព្យសម្បត្តិ​ទាំងនោះ នឹងធ្វើ​ឡើង​ចៀស​មិន​រួច ប្រសិនបើ​ជប៉ុន​នៅតែ​បន្ត​បដិសេធ​។ 
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​តុលាការ​កូរ៉េខាងត្បូង ប​ង្គ្រា​ប់​ឱ្យ​ជប៉ុន​ផ្តល់​សំណង​លើ​ជនរងគ្រោះ​ក្នុងសម័យ​សង្គ្រាម​។ នៅក្នុង​ឆ្នាំ​២០១៩ កន្លងមក តុលារ​ការ​កូរ៉េខាងត្បូង បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន ចេញថ្លៃ​សំណង​ដល់​ប្រជាជន ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើការ​ក្នុងសម័យ​សង្គ្រាម​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ទាំងពីរ​ខាងលើ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ  បាន​អះអាងថា សំណង​ទាំងនោះ ខ្លួន​បានគិត​គូរ​រួចហើយ តាំងពី​ឆ្នាំ​១៩៦៥ ក្នុងពេលដែល​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​មក​ម្លេះ​។ 
 
​ថ្មីៗ​នេះ ក្រសួងការបរទេស​ជ​ប៉ុន ក៏បាន​បកស្រាយ​ថា ក្រោម​មូលនិធិ​គាំពារ​ស្ត្រី​អាស៊ី​ឆ្នាំ​១៩៩៥ ជប៉ុន បានផ្តល់​សំណង និង​លិខិត​សុំទោស​ទៅ​ស្ត្រី​រងគ្រោះ​ក្នុងសម័យ​សង្គ្រាម​ទាំងអស់ ដែល​មកពី​ប្រទេស​ចំនួន​៥ និង​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ លើកលែងតែ​កូរ៉េខាងត្បូង​មួយ​ប៉ុណ្ណោះ​។ ពេលនោះ ស្ត្រី​រងគ្រោះ​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ៦១​នាក់ ត្រូវ​ទទួល​សំណង​ក្នុង​ម្នាក់​ជិត ៥​ម៉ឺន​ដុល្លារ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ បាន​បដិសេធ​ទទួលយក​សំណង​។ 
 
​បន្ថែម​ពីលើ​នេះ នៅមាន​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ថែមទៀត ដែល​ក្រោយមក រដ្ឋបាល​របស់លោក មូ​ន បាន​លុបចោល ដោយ​សំអាងថា មិនបាន​ជជែក​ពិភាក្សា​ត្រឹមត្រូវ​ជាមួយ​ជនរងគ្រោះ​។ នៅក្នុង​ថ្ងៃទី​១៨ ខែមករា លោក​មូ​ន បានទទួល​ស្គាល់​កិច្ចព្រមព្រៀង​នេះ​វិញ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​ជនរងគ្រោះ​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន ចេញថ្លៃ​សំណង​ដល់​ប្រជាជន​ខ្លួន ដែល​ធ្វើការ​ធ្ងន់​នៅក្នុង​សម័យ​សង្គ្រាម នៅក្នុង​ឆ្នាំ​២០១៩ ជប៉ុន បានប្រកាស​រឹតត្បិត​ការនាំចេញ​សារធាតុ​កម្រ​មួយចំនួន​ទៅ​កូរ៉េខាងត្បូង​។ លើសពីនេះ ជប៉ុន​បាន​ដក​កូរ៉េខាងត្បូង ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ពិសេស ដែល​ធ្វើឱ្យ​ក្រុង​សេ​អ៊ូ​ល ចេញ​វិធានការ​សងសឹក​វិញ ដោយ​ដក​ក្រុង​តូ​ក្យូ​ចេញពី​បញ្ជីពាណិជ្ជកម្ម​របស់ខ្លួន​ដែរ​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com