ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​សេដ្ឋកិច្ច​៖ ជំនួញ​អចលនទ្រព្យ​លើដី​ស្រែ អាចធ្វើឱ្យ​កម្ពុជា​ជួប​បញ្ហា​សន្តិសុខ​ស្បៀង នា​អនាគត​
19, Jan 2021 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​លើដី​ស្រែ​-​ចម្ការ ដោយ​បំ​លែង​ទៅជា​គម្រោង​ដីឡូត៍ លំនៅដ្ឋាន ឬ​អគារ​ពាណិជ្ជកម្ម​នោះ អាចធ្វើឱ្យ​កម្ពុជា​ប្រឈម​បញ្ហា​សន្តិសុខ​ស្បៀង​នាពេល​អនាគត​។ នេះ​ជាការ​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា ខាងក្រោម​តទៅ​៖ 





 
​បើតាម​លោក គី សេរី​វឌ្ឍន៍ ការនាំចេញ​អង្ករ​របស់​កម្ពុជា  គឺ​មិន​អាស្រ័យ​លើ​ទំហំ​នៃ​ការ​ពុះ​ដីឡូត៍​ស្រែ​នោះទេ  ពីព្រោះ​ផ្ទៃដី​ស្រែ​ដែល​ក្រុម​អ្នក​អចលនទ្រព្យ​យកទៅ​ពុះ​ដីឡូត៍ ភាគច្រើន​ជា​ដីស្រែ​មិន​ផលិត​ស្រូវ​សម្រាប់​នាំចេញ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ បណ្ឌិត​គី សេរី​វឌ្ឍន៍ មានប្រសាសន៍​ដូច្នេះ​៖ «​ចំពោះ​ផ្ទៃដី​ស្រែ​ដែល​ពួកគាត់​យកទៅ​ពុះ​ដីឡូត៍​ហ្នឹង បើ​យើង​គិត​ទៅជា​បរិមាណ​ស្រូវ​មិនមែន​ទំហំ​ច្រើន​ទេ [​ហើយ​] ដីស្រែ​សម្រាប់​ផលិត​ស្រូវ​-​អង្ករ​នាំចេញ គឺជា​វាលស្រែ​ធំ​ល្វើ​ង​ល្វើយ​នៅ​ខាង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង​ជាដើម ដែល​មិនមែនជា​ផ្ទៃដី​លំនៅដ្ឋាន​ឡើយ​»​។ 
 
​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​លើដី​កសិកម្ម​នាបច្ចុប្បន្ន​បាន​បំ​លែង​ដីស្រែ​-​ចម្ការ នៅក្បែរ​ភូមិ​របស់​ពលរដ្ឋ ក្លាយជា​លំនៅដ្ឋាន​ដែលមាន​តម្លៃ​ខ្ពស់​។ លោក គី សេរី​វឌ្ឍន៍ បាន​បញ្ជាក់ថា ការ​បំ​លែង​ដីស្រែ​ទៅ​វិស័យ​អចលនទ្រព្យ​បែបនេះ  វា​មិនមាន​ផលប៉ះពាល់​ច្រើន​ភ្លាមៗ​ទេ ប៉ុន្តែ​និន្នាការ​បែបនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ស​ន្តិ​សុខ​ស្បៀង​ក្នុងប្រទេស​នៅពេល​ខាងមុខ​។ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​រូ​នេះ បាន​និយាយ​ដូច្នេះ​៖«​ការវិវត្តន៍​បែបនេះ​យូរៗ​ប​ន្តិ​ត​ទៀ​តទៅ វា​អាច​ទៅជា​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុងប្រទេស ដែល​យើង​ផ្គត់ផ្គង់​ស្បៀង​នៅក្នុង​ស្រុក​យើង​មិនបាន​»​។​
 
​បើតាម​លោក សេរី​វឌ្ឍន៍ និន្នាការ​ទិញ​-​លក់​ដីស្រែ​និង​ចម្ការ ដោយ​បង្កើតជា​គម្រោង​អចលនទ្រព្យ​នេះ វា​ពិបាក​ទប់ស្កាត់​បន្តិច​។ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​និន្នាការ​នេះ និង​បញ្ចៀស​នូវ​បញ្ហា​សន្តិសុខ​ស្បៀង​នា​អនាគត​នោះ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​កសិកម្ម ឱ្យមាន​ផល​ចំណូល​ខ្ពស់​។​
 
«​កត្តា​ទាំងអស់នេះ គឺ​យើង​មិនអាច​ទប់ស្កាត់​បានទេ​។ កាលណា យើង​និយាយ​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី គឺ​យើង​មិនអាច​ថាឱ្យ​ឧកញ៉ា​ពុះ​ឡូត៍​[​ដីស្រែ​]​លក់បាន ហើយ​ប្រជាពលរដ្ឋ​ពុះ​ដីឡូត៍​លក់​អត់​បាន​នោះទេ​។ កាលណា​វិស័យ​កសិកម្ម មាន​ផល​ចំណូល​ខ្ពស់ ប្រជាពលរដ្ឋ​លែង​លក់​ដី​ហើយ​។ ការទទួលបាន​ផល​ចំណូល​[​ពី​វិស័យ​កសិកម្ម​] គឺ​ត្រូវការ​ក្រសួងកសិកម្ម ផ្តល់​បច្ចេកទេស មានការ​សិក្សា​ស្រាវជ្រាវ មានពូជ និង​មាន​ផ្តល់​ទីផ្សារ​ឱ្យ​គាត់​[​កសិករ​]​ត្រឹមត្រូវ​។ អ៊ីចឹង​វា​ទៅជា​និរន្តរ៍ភាព​ប្រាក់ចំណូល​រប​ស់​ប្រជាពលរដ្ឋ គឺ​គាត់​លែង​លក់​ដី​ហើយ​។ កាលណា ពលរដ្ឋ​មិនមែន​និរន្តរ៍​នៃ​ប្រាក់ចំណូល​ទេ គឺ​គាត់​ត្រូវតែ​លក់​ដី​ហ្នឹង ដើម្បី​ទៅ​ប្រកបមុខរបរ​ផ្សេង​»​។​នេះ​ជាការ​លើកឡើង​លោក  គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​៕
 
 

Tag:
 ដីស្រែ​
 ​សន្តិសុខ​ស្បៀង​
  លោក គី សេរី​វឌ្ឍន៍​
© រក្សាសិទ្ធិដោយ thmeythmey.com