ជាតិ
កម្ពុជាបន្តចុះត្រជាក់ មួយសប្ដាហ៍ទៀត 20, Jan 2021 , 7:59 am
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ កម្ពុជាបន្តចុះត្រជាក់ មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២០ ដល់២៦ មករា។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧត្តុនិយម ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា មូលហេតុដែលនាំកម្ពុជាចុះត្រជាក់ ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ។ បើតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមាពី ១៧-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧-៣០អង្សាសេ ។ ចំណែកបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាពី ១៣-១៨អង្សសេ និងសីតុណ្ហភាពអតិបរមាពី ២៧-២៩អង្សាសេ។ កម្រិតអាកាសធាតុនៅភូមិសាស្ត្រទាំងនេះ គឺចាប់ពីថ្ងៃទី២០-២២ មករា។
ដោយឡែកតំបន់ទំនាបភាគខាងត្បូងវិញ នឹងមានសីតុណ្ហភាពអប្បបរមាពី ២០-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៤អង្សាសេ ។ រីឯតំបន់ខ្ពង់រាបភាគខាងកើត មានសីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣២អង្សាសេ។ តំបន់ទាំងនេះ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យមទៀតផង ចាប់ពីថ្ងៃទី២៣ ដល់២៦ មករា។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សាសេ ហើយអាចមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅបង្គួរផងដែរ ក្នុងរយៈពេលដូចគ្នានេះ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក ៕
Tag:
ThmeyThmey25
ក្រសួងធនធានទឹក និង ឧតុនិយម
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com