អន្តរជាតិ
តុលាការ​ថៃ កាត់ទោស​ស្ត្រី​ម្នាក់​ជាប់គុក​៤៣​ឆ្នាំ​ពីបទ​ប្រមាថ​ស្ដេច​
19, Jan 2021 , 4:59 pm        
រូបភាព
ប៉ូលិសថៃឈរយាមតុលាការព្រហ្មទណ្ឌទីក្រុងបាងកក។ រូបថត AFP
ប៉ូលិសថៃឈរយាមតុលាការព្រហ្មទណ្ឌទីក្រុងបាងកក។ រូបថត AFP
​តុលាការ​មួយ​របស់​ថៃ នៅ​ថ្ងៃទី​១៩ ខែមករា បាន​កាត់ទោស​អតីតមន្ត្រី​រាជការ​ម្នាក់​ឱ្យ​ជាប់គុក​៤៣​ឆ្នាំ​ពីបទ​ប្រមាថ​មហាក្សត្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​មេធាវី​ការពារ​សិទ្ធិមនុស្ស​។ រយៈពេល​នេះ ជា​កំណត់ត្រា​មួយ​នៃ​ការដាក់ទោស​លើ​បទល្មើស​ធ្ងន់ធ្ងរ​បែបនេះ​។
 
​ជា​រឿង​កម្រ​មាន តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​បាងកក បាន​កាត់ទោស​ស្ត្រី​ជា​អតីត​មន្ត្រីរាជការ​ម្នាក់​ឲ្យ​ជាប់គុក​ដល់​ទៅ​៤៣​ឆ្នាំ​បី​ខែ​ចំពោះ​ការ​ល្មើសច្បាប់​ស្ដីពី​ការដាក់ទោស​អ្នក​ប្រមាថ​មហាក្សត្រ​។ អង្គការ​មេធាវី​ថៃ​ដើម្បី​សិទ្ធិមនុស្ស បាន​បញ្ចេញ​ឈ្មោះ​ស្ត្រី​ជាប់ទោស​ថា Anchan វ័យ​ជាង​៦០​ឆ្នាំ​ទៅហើយ​។ 
 
​ក្នុង​សវនាការ​ថ្ងៃ​ទិ​១៩ ខែមករា តុលាការ​ថៃ រកឃើញថា ស្ត្រី​ខាងលើ​មាន​កំហុស​លើ​បទ​ចោទ​ចំនួន​២៩ ក្នុង​សំណុំរឿង​ប្រមាថ​មហាក្សត្រ​ដែល​កើតឡើង​កាលពី​៦​ឆ្នាំមុន​។ ស្ត្រី​រូបនេះ បំពាន​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ច្បាប់​ការពារ​ស្ដេច​។ កន្លងទៅ មនុស្ស​ជាច្រើន​នាក់ ត្រូវ​ជាប់ទោស​ក្រោម​បទល្មើស​បែបនេះ ពិសេស​វិបត្តិ​នយោបាយ​អំឡុងពេល​រដ្ឋប្រហារ​ឆ្នាំ​២០១៤ កន្លងទៅ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ស្ត្រី​ខាងលើ បាន​ចែករំលែក​សារ​សំឡេង និង​វីដេអូ​លើ Youtube ដែលមាន​អត្ថន័យ​បំពាន​ស្ដេច​។ ពីដំបូង រូបគាត់​បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​នៅក្នុង​សវនាការ​នៅ​តុលាការយោធា​។ ប៉ុន្តែ​ពេល​សំណុំ​រឿងនេះ ត្រូវ​ផ្ទេរ​មកកាន់​តុលាការស៊ីវិល​វិញ ស្ត្រី Anchan ក៏បាន​ទទួលស្គាល់​កំហុស ដើម្បី​អាច​ទទួលបាន​ការលើក​លែង​ទោស​។ មុន​ចូល​សវនាការ ស្ត្រី​រូបនេះ​និយាយថា គាត់​បានតែ​ចែករំលែក​ប៉ុណ្ណោះ មិនបាន​សរសេរ​អ្វី​បន្ថែម​ឡើយ​។​
 
​ដោយសារ​ទទួលស្គាល់​កំ​ហុ​ស លោកស្រី​ក៏ត្រូវ​បាន​តុលាការ​សម្រាលទោស​មក​ត្រឹម​ពាក់កណ្ដាល ខណៈ​ពីដំបូង​គ្រោង​កាត់ទោស​លោកស្រី​ដល់​ទៅ​៨៧​ឆ្នាំ​ឯណោះ​។ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ លោកស្រី​ក៏ត្រូវ​បាន​ឃុំខ្លួន​ដែរ​។​
 
​លោក Sunai Phasuk អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ​ខាងលើ ចាត់ទុក​ការកាត់ទោស​នេះ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ជា​សារ​ថា មិន​ត្រឹមតែ​ការរិះគន់​ដែល​មិនអាច​អត់អោន​ឱ្យបាន​ឡើយ តែ​ក៏ត្រូវ​កាត់ទោស​ធ្ងន់ធ្ងរ​ដែរ​៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com