ជាតិ
អ្នកជំនាញ​៖ កសិករ​គួរ​ដាំ​បន្លែ តាម​តម្រូវការ​ទីផ្សារ​ជាង​ដាំ​តាមចិត្ត ចៀសវាង​បញ្ហា​ប្រឈម​
20, Jan 2021 , 8:59 am        
រូបភាព
ដោយ:
​កសិករ​ខ្មែរ​នៅ​ធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី​នៅឡើយ ដោយ​មិនទាន់​ចេះ​ជ្រើសរើស​បន្លែ បំពេញ​តាម​តម្រូវការ​ទីផ្សារ​ឡើយ ។ ពួកគេ ផ្ដល់​អាទិភាព​លើ​បន្លែ​ណា ដែល​ងាយ​ដាំ​ប៉ុណ្ណោះ ។ អ្នកជំនាញ​ជំរុញ​ឲ្យ​កសិករ ដាំ​បន្លែ ដែល​បំពេញតម្រូវការ​ទីផ្សារ​ជាង​ដាំ​តាមចិត្ត ដើម្បី​ចៀសវាង​បញ្ហា​ប្រឈម​។​
 
​កសិករ វន វ៉ុ​ង ជា​អ្នក​ដាំ​ស្ពៃ​ស្ថិត​ក្នុងភូមិ​ជ័យ​មង្គល ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ ព្រោះ​បន្លែ​ស្ពៃ​ដែល​លោក​ដាំ កំពុង​ជួប​បញ្ហា​តម្លៃ​។ ម្យ៉ាងទៀត​បន្លែ​ស្ពៃ​នេះ ក៏មាន​ការពេញនិយម​ចំពោះ​កសិករ​ផ្សេង​ដែរ ដែល​ធ្វើ​ឲ្យ​លើស​តម្រូវការ​ទីផ្សារ​ផងដែរ​។ ដ្បិត​បន្លែ​ស្ពៃ​ដែល​លោក រ៉ុង ដាំ​ក្នុងផ្ទះ​សំណាញ់ មាន​សុវត្ថិភាព​ពិតមែន តែ​ទីផ្សារ​ហាក់​ចង្អៀត​នៅឡើយ ដោយ​លក់បាន​ត្រឹម​តម្លៃ ១ ៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ 
 
​កសិករ​វ័យ ៣៩​ឆ្នាំ​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖«​ខ្ញុំ​ចូលចិត្ត​ដាំ​បន្លែ​ស្លឹក​ព្រោះ​ងាយ​ថែទាំ ឆាប់​បាន​ផល និង​សត្វល្អិត​ចង្រៃ​មិនសូវ​បំផ្លាញ​។ កន្លងមក​ខ្ញុំ​ដាំ​តាមតែ​ចង់ មិនបាន​គិតពី​តម្រូវការ​ទីផ្សារ​អី​នោះទេ​»​។ 


បន្លែស្ពៃរបស់កសិករក្នុងខេត្តកំពង់ធំ (រូបភាពីមន្ទីរកសិកម្មខេត្ត) 

​កសិករ​រូបនេះ ទទួលស្គាល់ថា ខ្លួន​មិនបាន​សិក្សា​ពី​ទីផ្សារ​មុន ទើប​ជួប​បញ្ហា​បែបនេះ ។ ប៉ុន្តែ​រូបគេ នឹង​ប្រុងប្រយ័ត្ន​នៅពេល​ក្រោយ​។ «​ដាំ​លើក​ក្រោយ​លោក​នឹងសិក្សា​ពី​ទីផ្សារ​ជាមុនសិន ពី​តម្រូវការ​ទីផ្សារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រ៉ុង​។​
 
​ជុំវិញ​បញ្ហា​នេះ​លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម មើលឃើញថា កម្ពុជា​មិនទាន់មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ដើម្បី​ឲ្យ​កសិករ​អាច​ដាំ​បន្លែ​គ្រប់​រដូវ ដែលមាន​តម្លៃ​ប្រកួតប្រជែង​នៅឡើយ ខណៈ​កសិករ​នៅ​ដាំ​បន្លែ​តាមចិត្ត​ខ្លួន ដែល​មិនទាន់​ចេះ​សិក្សា​ពី​ទីផ្សារ​។​


រូបភាពពីកម្មវិធីអាស្ប៉ាយ 

«​ការដាំដុះ​បន្លែ​របស់​កសិករ នៅ​ជា​លក្ខណៈ​ប្រពៃណី និង​ដាំ​តាម​រដូវ នៅឡើយ ដែល​ធ្វើ​ឲ្យ​រដូវ​ខ្លះ​សម្បូរ និង​រដូវ​ខ្លះ​មិនសូវ​សម្បូរ​។ រីឯ​ម្យ៉ាងទៀត ការដាំដុះ​នៅមានកម្រិត និង​មិនទាន់មាន​ភាពទៀងទាត់​នៅឡើយ ដូច្នេះ​ការផ្គត់ផ្គង់​មិនទាន់​ស្របតាម​តម្រូវការ​»​។ លោក យ៉ង់ សាំង​កុមារ ដែល​បន្ថែមថា បញ្ហា​ទាំងនេះ ជា​រឿង​សំខាន់ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ហា​កសិករ​។​
 
​ជុំវិញ​បញ្ហា​នេះ​លោក គៀន សុភា ប្រធាន​នាយកដ្ឋាន​ដំណាំ​រួមផ្សំ​នៃ​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា កន្លងមក​ក្រសួង​តែង​បញ្ជូន​អ្នកជំនាញ ចុះ​ណែនាំ​ពី​បច្ចេកទេស​កសិកម្ម និង​ប្រឹក្សា​បញ្ហា​ទីផ្សារ​ជាមួយ​កសិករ ដែល​បាន​ចូល​ជា​បណ្ដុំ​សហគមន៍​។ ប៉ុន្តែ​កសិករ​ខ្លះ មិន​ព្រម​ចូល​ជា​បណ្ដុំ​ទេ ដោយ​ពួកគេ​គិតថា ខ្លួន​មានលទ្ធភាព​ដាំ​អ្វី​ក៏បាន និង​អាច​រក​ទីផ្សារ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​អ្នកណា​ទើប​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​បែបនេះ​។ 


រូបភាពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តកំពង់ធំ 

​លោក គៀន សុភា ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​យើង​តែង​ណែនាំ​ដល់​កសិករ​ឲ្យ​ចូលក្នុង​គម្រោង​នីមួយៗ​ដើម្បី​ងាយស្រួល​ដោះស្រាយ​បញ្ហា​នេះ​ដល់​ពួកគាត់ តែ​រហូត​ពេលនេះ​បញ្ហា​ខ្វះ​ទីផ្សារ​នៅតែមាន​សម្រាប់​កសិករ​ដែល​មិនបាន​ចូលក្នុង​បណ្ដុំ​»​។ 
 
​ក្រៅពីនេះ​ក្រសួងកសិកម្ម ក៏បាន​បង្កើត​កម្មវិធី​ព័ត៌មាន​ពី​ទីផ្សារ​កសិកម្ម សម្រាប់​កសិករ​ផងដែរ​។ នេះ​បើតាម​លោក ស្រ៊ី វុទ្ធី អ្នកនាំពាក្យ​ក្រសួងកសិកម្ម ឆ្លើយតប​សារព័ត៌មាន​ThmeyThmey25 តាម​តេ​ឡេ​ក្រាម​ដូច្នេះ​ថា​៖«​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួងកសិកម្ម​បា​នប​ង្កើ​ត​កម្មវិធី​(CAMAgrimarket APP) តាម​ទូរ​សព្ទ​ដៃ អាច​ឲ្យ​កសិករ​ទទួលបាន​ព័ត៌មាន​ទីផ្សារ អាច​ឲ្យ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពងាយស្រួល​ទំនាក់ទំនង​គ្នា​»​។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ក្រសួងកសិកម្ម​ណែនាំ​ឲ្យ​កសិករ​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ងាយស្រួល​ក្នុង​ការរក​ទីផ្សារ ព័ត៌មាន​ផ្សេងៗ​ដែល​ទាក់ទង​កសិកម្ម​។ 


លោក នូ សុធារិទ្ធ ម្ចាស់ហាងចំការខ្មែរ 

​លោក នូ សុធា​រិ​ទ្ធ ជា​ម្ចាស់​ហាង​បន្លែ​ធម្មជាតិ​ចំការ​ខ្មែរ ដែលមាន​ទីតាំងនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ប្រាប់ថា លោក​តែង​ណែនាំ​កសិករ​ដាំ​បន្លែ​ដែលជា​តម្រូវការ​ច្រើន ជាង​ដាំ​តាមចិត្ត​កសិករ និង​មានការ​បែងចែក​ប្រភេទ​បន្លែ ដើម្បី​កុំ​ឲ្យ​ដាំ​ជាន់គ្នា​។ 
 
​លោក​ថា​៖«​យើង​ធ្វើការ​ជាមួយ​កសិករ ដូច្នេះ​មុននឹង​ឲ្យ​កសិករ​ដាំ​អ្វី​ត្រូវ​សិក្សា​ទីផ្សារ​សិន តែ​ពេលខ្លះ​ពួកគាត់​ក៏​ដាំ​តាមចិត្ត​គាត់​ដែរ ប៉ុន្តែ​គាត់​សហការគ្នា​និង​ដាំ​បន្លែ​ផ្សេងគ្នា​»​។ លោក សុធា​រិ​ទ្ធ ប្រាប់ទៀតថា កន្លងមក​កសិក​រដែ​ល ផ្គត់ផ្គង់​បន្លែ​ដល់​ហាង​របស់លោក មិនមាន​បញ្ហា​តម្លៃ ឬ​គ្មាន​ទីផ្សារ​នោះទេ ព្រោះ​កសិករ​ដាំ​បន្លែ​ដែល​មិន​ជាន់គ្នា ម្យ៉ាង​ក៏មាន​កិច្ចសន្យា​ច្បាស់លាស់​រវាង​អ្នក​ដាំ និង​កសិករ​ផងដែរ​៕
 


លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម​

Tag:
 ​ស្ពៃ​
 ​កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com