អន្តរជាតិ
តើន​រណា​នឹង​កាន់តំណែង​កំពូល​ទាំង​៤​នៅ​វៀតណាម​ក្នុង​សមាជ​បក្ស​កុម្មុយនីស្ត​សប្តាហ៍​ក្រោយ​?
19, Jan 2021 , 7:29 pm        
រូបភាព
កិច្ចប្រជុំរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ រូបភាព៖ VNA
កិច្ចប្រជុំរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ រូបភាព៖ VNA
ដោយ:
​ចាប់ពី​ថ្ងៃទី​២៥​មករា ដល់ ២​កុម្ភៈ បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​រៀបចំ​សមាជ​លើក​ទី​១៣​របស់ខ្លួន​។ ក្រៅតែពី​ការរៀបចំ​គោលនយោបាយ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ទៅមុខ អ្វីដែល​អ្នកសង្កេតការ​ណ៍​អន្ទះអន្ទែង​រង់ចាំ​មើល​លទ្ធផល​នោះ គឺ​សមាសភាព​ថ្នាក់ដឹកនាំ​កំពូល​ទាំង​៤​រូប​នៅ​វៀតណាម​។ តើ​អ្នកណាខ្លះ នឹង​កាន់តំណែង​កំពូល​ទាំង​៤​នៅ​វៀតណាម ក្នុង​សមាជ​បក្ស​នា​សប្តាហ៍​ក្រោយ​?
 
​ដ្បិត​ជា​រដ្ឋ​កុម្មុយនីស្ត​ដូច​កូរ៉េខាងជើង និង​ចិន​ក្ដី វៀតណាម​មិនមាន​ឥស្សរជន​ដែល​ក្ដាប់​អំណាច​តែឯង​ឡើយ​។ អំណាច​ដឹកនាំ​រដ្ឋ​នៅ​វៀតណាម​ត្រូវបាន​បែងចែក​ទៅកាន់​បុគ្គល​សំខាន់ៗ​៤​រូប គឺ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធានសភា​។ សមាជ​៥​ឆ្នាំ​ម្ដង​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ នឹង​កំណត់​ក្បាលម៉ាស៊ីន​សំខាន់ៗ​របស​ប្រទេស​។​
 
 
​ការត្រៀមខ្លួន​បានបញ្ចប់​អស់ហើយ​។ បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​ក្នុងគណៈ​មជ្ឈិម ការិយាល័យ​នយោបាយ និង​ថ្នាក់ដឹកនាំ​កំពូល​ទាំង​៤​រូប ក៏ដូចជា​របៀបវារៈ និង​បញ្ជី​ឈ្មោះ​ប្រតិភូ ត្រូវបាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នីតិ​កាល​ទី​១២ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​។ សមាជ​បក្ស នឹង​បោះឆ្នោត​បញ្ជី​ទាំងនេះ​។  
 
​ក្នុង​រយៈពេល​ជាង​១​សប្តាហ៍ ប្រតិភូ​ចំនួន​១,៦០០​រូប​មកពី​គ្រប់ទិសទី​នៃ​ប្រទេស នឹង​បោះឆ្នោត​ក្នុង​សមាជ​ដើម្បី​ជ្រើសរើស​សមាជិក​ចំនួន​២០០​រូប​នៃ​គណៈ​មជ្ឈិមបក្ស​។ សមាជិក​ទាំង​២០០​រូបនោះ នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ និង​អគ្គលេខាធិការ​បក្ស​។ ឯ​រិ​យា​ល័យ​នយោបាយ​នឹង​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​សមាជិក​គណៈរដ្ឋមន្ត្រី ទៅ​សភា​វៀតណាម​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​។​
 
​ឥស្សរជន​សំខាន់ៗ​ដែល​អាច​កាន់កាប់​តំណែង​សំខាន់​ទាំង​៤
 
​លោក ង្វៀន ភូ​ជុង កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស តាំងពី​ឆ្នាំ​២០១០ ហើយ​នៅ​ឆ្នាំ​២០១៨ លោក​ទទួល​តំណែង​ជា​ប្រធានាធិបតី​។ លោក ង្វៀន វ័យ ៧៦ ឆ្នាំ ជា​អ្នកនយោបាយ​ក្នុង​បក្ស​ដ៏​មាន​ឥទ្ធិពល ក្រោយពេល​លោក​កាន់តំណែង​កំពូល​ទាំងពីរ​នេះ​។  លោក​ត្រូវ​រំពឹងថា អាច​នឹង​បោះ​តំណែង​អគ្គលេខាធិការ​បក្ស​។ ជា​ទម្លាប់ អ្នកនយោបាយ​វៀតណាម​កាន់តំណែង​នេះ​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ យ៉ាងណាក្តី លោក​អាច​នឹង​ប្រជែង​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​មួយ​អាណត្តិ​ទៀត​។​
 
​លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក អាយុ​៦៦​ឆ្នាំ ជា​បេក្ខភាព​មួយរូប​សម្រាប់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​បើ​លោក ង្វៀន ភូ​ជុង ចាកចេញ​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ លោក ង្វៀន សួន​ហ្វ៊ុ​ក ត្រូវ​ប្រជែង​ជាមួយ​អ្នកផ្សេង​តួយ៉ាង លោក Tran Quoc Vuong ដែលជា​ប្រធានការិយាល័យ​គណៈ​មជ្ឈិមបក្ស និង​ជាម​នុស្ស​ជំនិត​របស់លោក ង្វៀន ភូ​ជុង ផង​។  
 
​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ង្វៀន សួន​ហ្វ៊ុ​ក ដឹកនាំ​វៀតណាម​ឲ្យ​លេចមុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ដូចជា​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ ដើរតួនាទី​សំខាន់​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ចំណែក​លោក Tran ជា​អ្នក​នាំមុខ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​ដាក់ចេញ​ដោយ​លោក ង្វៀន ភូ​ជុង ផ្ទាល់​។ 
 
​ចំពោះ​តំណែង​នាយករដ្ឋមន្ត្រី​វិញ លោក ង្វៀន សួន​ហ្វ៊ុ​ក អាច​បន្ត​អង្គុយ​កៅអី​នេះ​៥​ឆ្នាំ​ទៀត បើ​លោក​មិន​សម្លឹង​កៅអី​ប្រមុខ​បក្ស​ទេនោះ​។ បើ​លោក​ក្លាយជា​លេខា​បក្ស ឬ​តំណែង​ផ្សេង តំណែង​នាយករដ្ឋមន្ត្រី ត្រូវគេ​រំពឹងថា អាច​ធ្លា​ក់លើ​លោក Vuong Dinh Hue អតីត​ឧបនាយករដ្ឋមន្ត្រី និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញ​។ ក្នុង​ជួរ​បក្ស លោក​ក៏​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​នៃ​គណៈ​មជ្ឈិមបក្ស​។ ចំណែក​បេក្ខជន​មួយរូប​ទៀត​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​លោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ដែល​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​មួយចំនួន​។​
 
 
​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ តូ ឡាំ ក៏​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​។ បើ​លោក ឡាំ ក្លាយជា​ប្រធានាធិបតី នោះ​ក៏​មិនមែនជា​រឿង​ចម្លែក​ដែរ ព្រោះ​អតីត​ប្រធានាធិបតី ជិន ដាយ​គ័ង ក៏​ជា​រដ្ឋមន្ត្រី​សន្តិសុខ មុន​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ រួច​ស្លាប់​នៅ​ឆ្នាំ​២០១៨ ។ ក្រៅពី​លោក គេ​ឃើញ​មាន​បេក្ខភាព​មួយរូប​ផ្សេងទៀត​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ លោក ផាម ត្រូវបាន​ចាត់ទុក​ជាម​នុស្ស​សំខាន់​ក្នុង​វិស័យ​ការទូត​វៀតណាម​។ លោក​ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​វៀតណាម​កំពូល​មួយ​ក្តាប់​តូច​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​រលូន​។ 
 
​តំណែង​ប្រធានសភា ជា​តំណែង​ដែលមាន​អំណាច​តិច​បំផុត​ក្នុងចំណោម​អំណាច​ទាំង​៤​។ នាពេល​បច្ចុប្បន្ន លោកស្រី ង្វៀន ធី គីម ងិន កាន់តំណែង​នេះ​។ ប៉ុន្តែ​គេ​រំពឹងថា​លោកស្រី Truong Thi Mai ប្រធាន​គណៈ​ចលនា​មហាជន និង​ជា​សមាជិក​គណៈ​មជ្ឈិម​សព្វថ្ងៃ​អាច​នឹង​កាន់តំណែង​នេះ​។ លោកស្រី ង្វៀន ក៏​ជា​បេក្ខភាព​មួយ​សម្រាប់​តំណែង​លេខា​បក្ស​ដែរ​។ លោក​ង្វៀន ភូ​ជុង ធ្លាប់​កាន់តំណែង​ជា​ប្រធានសភា​ពី​ឆ្នាំ​២០០៦ ដល់​២០១១ មុន​ក្លាយជា​លេខា​បក្ស​។ 
 
​យ៉ាងណាមិញ ខណៈ​បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំងអស់ មិនត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​នោះ ការផ្លាស់ប្ដូរ និង​ការ​តតាំង​ផ្ទៃក្នុង ទំនងជា​កើតមាន​មុន​ការមកដល់​របស់​សមា​ជ ដូចដែល​អ្វីដែល​កើតឡើង​កាលពី​សមាជ​ឆ្នាំ​២០១៦ ។ កាលនោះ ការ​ផ្គូរ​ផ្គង់​បេក្ខភាព​សម្រាប់​តំណែង​នានា ធ្វើឡើង​នៅ​នាទីចុងក្រោយ​ទៅទៀត​។ 
 
​សមាជ​ទី​១៣ នៃ​បក្សកុម្មុយនិស្ត​វៀតណាម​ធ្វើឡើង​ក្នុង​បរិបទ​មួយ​ដែល​ថ្នាក់ដឹកនាំ​ចាស់ មានគំនិត​អភិរក្សនិយម និង ធ្លាប់​តស៊ូ​ពី​សង្គ្រាម​មាន​ចំនួន​កាន់តែ​តិចៗ ខណៈ​ថ្នាក់ដឹកនាំ និង​សមាជិក​បក្ស​ដែល​ទទួលបាន​ការរៀន​សូត្រ​ពី​បរទេស​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។ ជាក់ស្តែង​ថ្នាក់ដឹកនាំ​បក្ស​តាម​បណ្តា​ខេត្ត​ចំនួន​៤៣​ភាគរយ មាន​អាយុ​ក្រោម​៥០​ឆ្នាំ​។ ថ្នាក់ដឹកនាំ​ទាំងនោះ ជា​សមាជិក​មួយ​ភាគ​ធំ​នៃ​គណៈ​មជ្ឈិមបក្ស ដែល​ធំ​ដឹងក្តី​ក្នុង​របប​កំណែទម្រង់សេដ្ឋកិច្ច ពុំ​ប្រកាន់​មនោគមន៍វិជ្ជា​តឹងតែង និង​ទទួលយក​គោលការណ៍ ក៏ដូចជា​គុណ​តម្លៃ​ដែល​ទទួលស្គាល់​ជា​សាកល​៕ 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com