កាតា ដែលទើបតែបញ្ចប់ជម្លោះ និងស្តារឡើងវិញទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន អះអាងថា ដល់ពេលវេលាហើយដែលប្រទេសទាំងនេះ ចាប់ផ្តើមកិច្ចសន្ទនាជាមួយអ៊ីរ៉ង់។ កាតា ចង់ដើរតួនាទីជាអ្នកសម្របសម្រួល បើសិនជាអាមេរិក និងអ៊ីរ៉ង់ចង់មានកិច្ចសន្ទនាជាមួយគ្នា។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Bloomberg រដ្ឋមន្ត្រីការបរទេសកាតា ហាម៉ាត់ ប៊ីន អាប់ដុលរ៉ាម៉ាន់ អាល់-ថានី និយាយថា អះអាងថា ប្រទេសសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) មានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កូវ៉ែត អូម៉ង់ និងកាតា គួរចាប់ផ្តើមកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់ភាពខុសគ្នា និងជម្លោះក្នុងតំបន់។ កាតា ជាសម្ពន្ធមិត្តរបស់អ៊ីរ៉ង់ ហើយទើបសម្រួលទំនាក់ទំនងជាមួយប្រទេសទាំងនេះ។
លោក អាល់-ថានី ក៏ចង់ឃើញការបង្កើតកិច្ចប្រជុំកំពូលរវាង GCC និងអ៊ីរ៉ង់ដែរ។ លោកបន្តថា រដ្ឋាភិបាលកាតាមានសង្ឃឹមជំនួបនោះអាចនឹងកើតឡើង និងជឿជាក់ថាការសន្ទនាគ្នាគួរតែកើតមានដែរ ខណៈ ប្រទេសសមាជិក GCC ផ្សេងទៀតក៏មានទស្សនៈដូចកាតាចំពោះរឿងអ៊ីរ៉ង់នេះដែរ។
«កាតា នឹងជួយសម្របសម្រួលការចរចា បើសិនជាមានការអំពាវនាវពីភាគីពាក់ព័ន្ធ ក៏ដូចជាគាំទ្រអ្នកណាដែលចង់ដើរតួនាទីជាអ្នកសម្របសម្រួល»។ រដ្ឋមន្ត្រីការបរទេសកាតាអះអាងបែបនេះក្នុងកិច្ចសម្ភាសផ្សាយនៅថ្ងៃទី១៩ ខែមករា ដែលបន្តថា ប្រទេសខ្លួនចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ មិនថាជំនួបរវាងអ៊ីរ៉ង់ និងអាមេរិក ឬជំនួបរវាងអ៊ីរ៉ង់ និងប្រទេសសមាជិក GCC ឡើយ។
ការលើកឡើងរបស់ប្រមុខការទូតកាតា ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនលោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ចូលកាន់តំណែង។ លោក បៃឌិន ធ្លាប់បានប្រកាសថា នឹងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ មហាអំណាចទាំង៥ និងអាល្លឺម៉ង់។
កិច្ចព្រមព្រៀងនេះក្លាយជាបញ្ហាចម្រូងចម្រាស់រវាងអ៊ីរ៉ង់ និងអាមេរិក ក្រោយពេលអាមេរិកដកខ្លួនចេញក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និងឈានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់អ៊ីរ៉ង់ជាថ្មី។ ចំណែកអ៊ីរ៉ង់វិញ ក៏ចាប់ផ្តើមបំពានកិច្ចព្រមព្រៀងនេះបន្តិចម្តងៗផងដែរ។
ចំពោះរឿងទណ្ឌកម្មនេះ លោក បៃឌិន អះអាងថាអាមេរិក នឹងដកទណ្ឌកម្មវិញ បើសិនជាអ៊ីរ៉ង់ត្រឡប់មកគោរពកាតព្វកិច្ចនៃកិច្ចព្រមព្រៀងខាងលើ។ ក្នុងន័យស្រោចស្រង់កិច្ចព្រមព្រៀង ក៏ដូចជាបន្ធូរបន្ថយភាពតានតឹង លោក បៃឌិន បានជ្រើសតាំងអ្នកការទូតជើងចាស់ដែលធ្លាប់ចរចាកិច្ចព្រមព្រៀងនេះ ឱ្យកាន់តំណែងសំខាន់ក្នុងវិស័យគោលនយោបាយការបរទេស។
នាដើមខែមករា កាតា ទើបតែបញ្ចប់ជម្លោះរយៈពេល៣ឆ្នាំជាមួយប្រទេសអារ៉ាប់ជិតខាង ក្រោយប្រទេសទាំងនោះចោទកាតាពីផ្តល់ការគាំទ្រដល់ក្រុមភេរវកម្ម និងមានទំនាក់ទំនងជិតស្និទ្ធជ្រុលជាមួយអ៊ីរ៉ង់ដែលធ្វើឱ្យប្រទេសទាំងនោះពិបាកក្នុងការធ្វើឱ្យអ៊ីរ៉ង់នៅឯកោក្នុងតំបន់។ កាតា និងបណ្តាប្រទេសអារ៉ាប់ទាំងនោះ បានស្តារទំនាក់ទំនងការទូតឡើងវិញ ក្រោយការជួយជ្រោមជ្រែងពីអាមេរិក។
ជាប្រទេសតូច កាតាជាដើរតួនាទីជាអ្នកសម្របសម្រួលរវាងមហាអំណាចតំបន់។ ជាក់ស្តែងប្រទេសនេះកំពុងសម្របសម្រួលការចចាររវាងកូរ៉េខាងត្បូង និងអ៊ីរ៉ង់ ក្នុងការដោះលែងនាវាផ្ទុកទំនិញកូរ៉េខាងត្បូងដែលឃាត់ដោយអ៊ីរ៉ង់ និងដោះស្រាយប្រាក់របស់អ៊ីរ៉ង់ចំនួន៧ពាន់លានដុល្លារដែលបង្កកនៅកូរ៉េខាងត្បូង តាមរយៈទណ្ឌកម្មអាមេរិក៕