អន្តរជាតិ
កាតា​ថា ដល់ពេល​ប្រទេស​តំបន់​ឈូង​សមុទ្រ​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​អ៊ីរ៉ង់​ហើយ​
20, Jan 2021 , 8:29 am        
រូបភាព
លោក មូហាម៉ាត់ ប៊ីន  អាប់ដុលរ៉ាម៉ាន់ អាល់-ថានី រដ្ឋមន្ត្រីការបរទេសកាតា។ រូបភាព៖ Reuters
លោក មូហាម៉ាត់ ប៊ីន អាប់ដុលរ៉ាម៉ាន់ អាល់-ថានី រដ្ឋមន្ត្រីការបរទេសកាតា។ រូបភាព៖ Reuters
ដោយ:
​កាតា ដែល​ទើបតែ​បញ្ចប់​ជម្លោះ និង​ស្តារឡើងវិញ​ទំនាក់ទំនង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​បា​រ៉ែ​ន អះអាងថា ដល់ពេល​វេលា​ហើយ​ដែល​ប្រទេស​ទាំងនេះ ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​អ៊ីរ៉ង់​។ កាតា ចង់​ដើរតួនាទី​ជា​អ្នកសម្របសម្រួល បើសិនជា​អាមេរិក និង​អ៊ីរ៉ង់​ចង់​មាន​កិច្ចសន្ទនា​ជាមួយគ្នា​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Bloomberg រដ្ឋមន្ត្រីការបរទេស​កាតា ហា​ម៉ាត់ ប៊ី​ន  អាប់​ដុល​រ៉ា​ម៉ាន់ អាល់​-​ថា​នី និយាយថា អះអាងថា ប្រទេស​សមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) មាន​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន កូ​វ៉ែត អូ​ម៉​ង់ និង​កាតា គួរ​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​បញ្ចប់​ភាពខុសគ្នា និង​ជម្លោះ​ក្នុង​តំបន់​។ កាតា ជា​សម្ពន្ធមិត្ត​របស់​អ៊ីរ៉ង់ ហើយ​ទើប​សម្រួល​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងនេះ​។ 
 
 
​លោក អាល់​-​ថា​នី ក៏​ចង់ឃើញ​ការបង្កើត​កិច្ចប្រជុំ​កំពូល​រវាង GCC និង​អ៊ីរ៉ង់​ដែរ​។ លោក​បន្តថា រដ្ឋាភិបាល​កាតា​មានសង្ឃឹម​ជំនួប​នោះ​អាច​នឹង​កើតឡើង និង​ជឿជាក់ថា​ការសន្ទនា​គ្នា​គួរតែ​កើតមាន​ដែរ ខណៈ ប្រទេស​សមាជិក GCC ផ្សេងទៀត​ក៏មាន​ទស្សនៈ​ដូច​កាតា​ចំពោះ​រឿង​អ៊ីរ៉ង់​នេះដែរ​។ 
 
«​កាតា នឹង​ជួយ​សម្របសម្រួល​ការចរចា បើសិនជា​មានការ​អំពាវនាវ​ពី​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​គាំទ្រ​អ្នកណា​ដែល​ចង់​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​»​។ រដ្ឋមន្ត្រីការបរទេស​កាតា​អះអាង​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមករា ដែល​បន្តថា ប្រទេស​ខ្លួន​ចង់​សម្រេច​ឱ្យបាន​កិច្ចព្រមព្រៀង​មួយ មិន​ថា​ជំនួប​រវាង​អ៊ីរ៉ង់ និង​អាមេរិក ឬ​ជំនួប​រវាង​អ៊ីរ៉ង់ និង​ប្រទេស​សមាជិក GCC ឡើយ​។​
 
​ការលើកឡើង​របស់​ប្រមុខ​ការទូត​កាតា ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិ​ន ចូលកាន់​តំណែង​។ លោក បៃ​ឌិន ធ្លាប់បាន​ប្រកាសថា នឹង​ស្តារឡើងវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ រវាង​អ៊ីរ៉ង់ មហាអំណាច​ទាំង​៥ និង​អាល្លឺម៉ង់​។ 
 
​កិច្ចព្រមព្រៀង​នេះ​ក្លាយជា​បញ្ហា​ចម្រូងចម្រាស់​រវាង​អ៊ីរ៉ង់ និង​អាមេរិក ក្រោយពេល​អាមេរិក​ដកខ្លួន​ចេញ​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​របស់​លោក ដូ​ណា​ល់ ត្រាំ និង​ឈានដល់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​អ៊ីរ៉ង់​ជាថ្មី​។ ចំណែក​អ៊ីរ៉ង់​វិញ ក៏​ចាប់ផ្តើម​បំពាន​កិច្ចព្រមព្រៀង​នេះ​បន្តិច​ម្តងៗ​ផងដែរ​។​
 
​ចំពោះ​រឿង​ទណ្ឌ​កម្មនេះ លោក បៃ​ឌិន អះអាងថា​អាមេរិក នឹង​ដក​ទណ្ឌកម្ម​វិញ បើសិនជា​អ៊ីរ៉ង់​ត្រឡប់មក​គោរព​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ខាងលើ​។ ក្នុងន័យ​ស្រោចស្រង់​កិច្ចព្រមព្រៀង ក៏ដូចជា​បន្ធូរបន្ថយ​ភាព​តានតឹង លោក បៃ​ឌិន បាន​ជ្រើសតាំង​អ្នកការទូត​ជើងចាស់​ដែល​ធ្លាប់​ចរចា​កិច្ចព្រមព្រៀង​នេះ ឱ្យ​កាន់តំណែង​សំខាន់​ក្នុង​វិស័យ​គោលនយោបាយ​ការបរទេស​។​
 
​នា​ដើមខែ​មករា កាតា ទើបតែ​បញ្ចប់​ជម្លោះ​រយៈពេល​៣​ឆ្នាំ​ជាមួយ​ប្រទេស​អារ៉ាប់​ជិតខាង ក្រោយ​ប្រទេស​ទាំងនោះ​ចោទ​កាតា​ពី​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​ភេរវកម្ម និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជ្រុល​ជាមួយ​អ៊ីរ៉ង់​ដែល​ធ្វើឱ្យ​ប្រទេស​ទាំងនោះ​ពិបាក​ក្នុងការ​ធ្វើឱ្យ​អ៊ីរ៉ង់​នៅឯ​កោ​ក្នុង​តំបន់​។ កាតា និង​បណ្តា​ប្រទេស​អារ៉ាប់​ទាំងនោះ បាន​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ ក្រោយ​ការជួយជ្រោមជ្រែង​ពី​អាមេរិក​។​
 
​ជា​ប្រទេស​តូច កាតា​ជា​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​មហាអំណាច​តំបន់​។ ជាក់ស្តែង​ប្រទេស​នេះ​កំពុង​សម្រប​សម្រួលការ​ច​ចារ​រវាង​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ក្នុងការ​ដោះលែង​នាវា​ផ្ទុកទំនិញ​កូរ៉េខាងត្បូង​ដែល​ឃាត់​ដោយ​អ៊ីរ៉ង់ និង​ដោះស្រាយ​ប្រាក់​របស់​អ៊ីរ៉ង់​ចំនួន​៧​ពាន់​លាន​ដុល្លារ​ដែល​បង្ក​កនៅ​កូរ៉េខាងត្បូង តាមរយៈ​ទណ្ឌកម្ម​អាមេរិក​៕
 
 

Tag:
 កាតា​
 ​អាមេរិក​
 ​អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com