កីឡាអន្តរជាតិ
អន្តរជាតិ
Arteta អរគុណ​កីឡាករ​ចំណូលថ្មី Partey ដែល​ជួយ​ក្រុម​ឱ្យ​កើន​ទម្រង់​លេង​ឡើងវិញ​
19, Jan 2021 , 5:59 pm        
រូបភាព
​លោក Mikel Arteta សរសើរ និង​អរគុណ Thomas Partey ដែល​ជួយ​ធ្វើ​ឲ្យ Arsenal មាន​ទម្រង់​លេង​ប្រសើរ​ឡើងវិញ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ អ្នកចាត់ការ​កាំភ្លើង​ធំ​លើកឡើង​បែបនេះ ក្រោយ​ក្រុម​ទទួលបាន​ជ័យជម្នះ​លើ Newcastle United ក្នុងការ​ប្រកួត Premier League សប្តាហ៍​ទី​១៩​។​

Partey បាន​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី (assist) ជា​លើកដំបូង​ក្នុង​លី​គ​កំពូល​អង់គ្លេស​ចាប់តាំងពី​បង្ហាញខ្លួន​ឲ្យ​កាំភ្លើង​ធំ​នៅ​ដើមរដូវ​កាល​២០២០-២១​នេះ ក្នុងជំនួប​ដែល Arsenal យកឈ្នះ Newcastle United ៣-០ នៅ​រាត្រី​ថ្ងៃទី​១៨ ខែមករា​។ ៣​គ្រាប់​របស់​កាំភ្លើង​ធំ​ធ្វើបាន​ដោយ Pierre-Emerick Aubameyang ២​គ្រាប់ និង Bukayo Saka ១​គ្រាប់​។​
 
​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៨​ប៉ុណ្ណោះ​របស់​ខ្សែបម្រើ​សញ្ជាតិ​ហ្គា​ណា សម្រាប់​ក្រុម​លោក Arteta ដ្បិត​រូបគេ​ជួប​បញ្ហា​របួស ក្រោយ​ផ្ទេរ​ពី Atletico Madrid ក្នុងតម្លៃ​៦១​លាន​ដុល្លារ​អាមេរិក កាលពី​ខែតុលា​កន្លងទៅ​។​
 
​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ កាំភ្លើង​ធំ​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើងវិញ បន្ទាប់ពី​រង​បរាជ័យ​ជាច្រើន​ប្រកួត​ក្នុង​លី​គ​រួចមក​។ តាមរយៈ​លទ្ធផល​ជា​ផ្លែផ្កា អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ បានបង្ហាញ​ក្តី​រីករាយ​ចំពោះ​ការខិតខំ និង​របៀប​លេង​ដ៏​ល្អ​របស់ Partey ក្នុងការ​រួមចំណែក​យ៉ាងសំខាន់​សម្រាប់​ក្រុម​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។​
 
Arteta បាន​ប្រាប់​អ្នកព័ត៌មាន​ក្នុង​សន្និសីទ​ក្រោយ​ចប់​ការប្រកួត​ថា​៖ «Partey អវត្តមាន​សម្រាប់​ក្រុម​កន្លងមក​ដោយ​សាររ​បួស​។ ក្រោយ​ការវិលត្រឡប់ រូបគេ​មាន​ភាព​ស្រស់ស្រាយ​ក្នុង​ការលេង រហូត​ធ្វើ​ឲ្យ​គាត់​ក្លាយជា​កីឡាករ​ពិសេស​សម្រាប់​យើង​។ សង្ឃឹមថា​គាត់​អាច​រក្សា​របៀប​លេង​នេះ ព្រោះ​គាត់​នឹង​ជួយ​យើង​ឲ្យ​ប្រសើរ​ឡើងវិញ​។ ខ្ញុំ​ពិតជា​អរគុណ​គាត់​ខ្លាំងណាស់​»​។​
 
Arteta ពិតជា​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់ Partey និង​សមាជិក​ក្រុម​ដទៃទៀត ក្រោយ Arsenal ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​១០ ក្នុង​តារាង Premier League ដោយ​រកបាន​២៧​ពិន្ទុ ពី​ការប្រកួត​១៩​លើក​៕
 

Tag:
 Thomas Partey
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com