COVID-19
ជាតិ
រដ្ឋ​ទទួលបាន​ថវិកា​ជាង​៥៧​លាន​ដុល្លារ ពី​សប្បុរសជន សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ខណៈ​ចិន​នឹង​ផ្តល់ជំនួយ​ខែក្រោយ​
20, Jan 2021 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៩ មករា រដ្ឋាភិបាល​ទទួលបាន​ថវិកា​ជាង​៥៧​លាន​ដុល្លារ​អាមេរិក ពី​សប្បុរសជន សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​យកមកប្រើ​ប្រាស់ចាក់​ការពារ​ពលរដ្ឋ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឈប់​ទទួល​ថវិកា​ពី​សប្បុរសជន ដែលមាន​បំណង​ចូលរួម​វិភាគទាន​ទិញ​វ៉ាក់សាំង​នេះហើយ កាលពី​ថ្ងៃទី​១៥ មករា​។​


​ថវិកា​ដែល​រដ្ឋាភិបាល​ទទួលបាន​ពី​សម្បុរ​សជន​នេះ គឺ​កើតឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី​៧ ធ្នូ ២០២០​ថា កម្ពុជា​ត្រៀម​កញ្ចប់​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស សម្រាប់​យកមក​ចាក់​ការពារ​ពលរដ្ឋ​៥០​ម៉ឺន​នាក់​ដំបូង ។ ក្រោយ​សម្ដេច ប្រកាស​បែបនេះ ស្រាប់​តែមាន​សប្បុរសជន រួមទាំង​អង្គ​ព្រះមហាក្សត្រ ឧកញ៉ា ឯកឧត្តម និង​ពលរដ្ឋ ចូល​វិភាគទាន​ជា​បន្តបន្ទាប់​។ 
 
​ជុំវិញ​ករណី​ថវិកា​សម្បុរ​សជន​នេះ ក៏មាន​ការរិះគន់​រដ្ឋា​ភិ​បាល​ផងដែរ ជាពិសេស​ពី​សំណាក់​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​។ លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​ថា ប្រើ​លេស​ទិញ​វ៉ាក់សាំង ដើម្បី​ប្រមូល​លុយ​ពី​ពលរដ្ឋ ខណៈ​វ៉ាក់សាំង​នេះ មិនមែនជា​ទំនិញ​ក្នុង​ទីផ្សារ ដែល​អាច​ទិញ​បាន​ងាយៗ ដូចជា​«​នំអាកោរ​»​ឡើយ​។ ប៉ុន្តែ​ការរិះគន់​របស់លោក សម រង្ស៊ី ដែល​ទាញ​ព្រះមហាក្សត្រ​ភ្ជាប់​នឹង​ករណី​ទិញ​វ៉ាក់សាំង​នេះ ក៏ត្រូវ​បាន​តុលាការ​កម្ពុជា ចោទ​មេដឹកនាំ​រូបនេះ ពីបទ​«​ប្រមាថ​ព្រះមហាក្សត្រ​»​ផងដែរ​។​
 
អត្ថបទទាក់ទង
 
 
​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន អះអាងថា រដ្ឋាភិបាល មិនបាន​រ៉ៃអង្គាសប្រាក់ ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​ជា​លេស​យកប្រាក់​សម្រាប់​ប្រើប្រាស់​ទ្រទ្រង់​រដ្ឋ ក្នុង​ការបើក​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ​ឡើយ​។​សម្ដេច ហ៊ុន សែន ចាត់ទុក​ការរិះគន់​នេះ ជាការ​មើលស្រាល​លើ​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ប្រទេស ក្នុង​បរិបទ​កូ​វីដ​-១៩ រាតត្បាត​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន ធ្លាប់​ប្រកាសថា កម្ពុជា នឹង​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា ដែល​អង្គការ​សុខភាព​ពិភពលោក​(WHO)​ទទួលស្គាល់​ជា​ផ្លូវការ​។ ប៉ុន្តែ​ស្រាប់តែ​យប់​ថ្ងៃទី​១៥ មករា​នេះ សម្ដេច ហ៊ុន សែន បានសម្រេច​ទទួលយក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ១​លាន​ដូ​ស ដែល WHO មិនទាន់​ចុះបញ្ជី​ដាក់ឱ្យ​ប្រើប្រាស់​ទៅវិញ​។ មូល​ហេតុដែល​សម្ដេច សម្រេចយក​វ៉ាក់សាំង​បែបនេះ ក្រោម​ហេតុថា ការការពារ​សុខភាព​ប្រជាជន ជា​អាទិភាព​ខ្ពស់ ដោយ​កម្ពុជា​មិនអាច​រង់ចាំ​បាន​ទៀត​ទេ​។ 
 
​ខែកុម្ភៈ​ខាងមុខនេះ ចិន នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ៣០​ម៉ឺន​ដូ​សសិន សម្រាប់​ចាក់​ការពារ​ប្រជាពលរដ្ឋ ដែលមាន​សម្ដេច ហ៊ុន សែន ជា​អ្នកស្ម័គ្រចិត្ត​ចាក់​មុនគេ​។ ក្រៅពី​ចិន កម្ពុជា ក៏​កំពុង​រៀបចំ​សំណើ​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី ដើម្បី​សុំ​ជំនួយ​វ៉ាក់សាំង​ទៀតផង​។ នេះ​បើតាម​ការព្រលយ​របស់​សម្ដេច ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៨ មករា​។​
 
​គិត​ត្រឹម​ថ្ងៃទី​២០ មករា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៤៤៨​នាក់ ក្នុងនោះ​៣៩២​នាក់​សះស្បើយ​៕
 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com