ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាបញ្ចប់តំណែងប្រធានាធិបតីនៅថ្ងៃទី១៩ ខែមករា។ លោកបានលើកឡើងពីស្នាដៃសំខាន់ៗរបស់លោកទាំងក្នុងប្រទេស និងគោលនយោបាយការបរទេស ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ទោះជាយ៉ាងណាក្តី លោក ត្រាំ មិនបានលើកសោះឡើយពីឈ្មោះលោក ចូ បៃឌិន ដែលនឹងស្នងតំណែងពីរូបលោក ប៉ុន្តែបានបួងសួងដល់រដ្ឋបាលថ្មីនេះ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ របស់អាមេរិក នឹងបញ្ចប់តំណែងរបស់លោកនៅថ្ងៃទី២០ មករាឆ្នាំ ២០២១ ក្រោយពីលោកកាន់តំណែងបានបួនឆ្នាំ រាប់ចាប់តាំងពីលោកស្បថចូលកាន់តំណែងឆ្នាំ២០១៧ មក។ លោក ត្រាំ ចាញ់លោកបៃឌិន ក្នុងការបោះឆ្នោតថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ដោយទទួលបានប្រតិភូបោះឆ្នោតត្រឹមតែ២៣២ ទល់នឹង៣០៦ ដែលលោកបៃឌិនទទួលបាន។
«សប្តាហ៍នេះ យើងស្បថចូលកាន់តំណែងរដ្ឋបាលថ្មី និងបួងសួងផ្តល់ភាពជោគជ័យក្នុងការរក្សាសុវត្ថិភាព និងវិបុលភាពដល់អាមេរិក»។ នេះជាការថ្លែងរបស់លោក ត្រាំ ក្នុងសារវីដេអូ។ លោកជូនពរឱ្យរដ្ឋបាលលោក បៃឌិន ទទួលបានសំណាងល្អ។ ទោះជាយ៉ាងណាក្តី លោក ត្រាំ នៅតែមិនទទួលស្គាល់ថាលោកពិតជាចាញ់ការបោះឆ្នោតឡើយ។
លោក ត្រាំ ក៏ឆ្លៀតឱកាសលើកឡើងពីកិច្ចខំប្រឹងប្រែងក្នុងគោលនយោបាយការបរទេសផងដែរ។ លោក ត្រាំ និយាយថា លោកមានមោទកភាព ដែលក្លាយជាប្រធានាធិបតីអាមេរិកដំបូងក្នុងមួយទសវត្សចុងក្រោយដែលមិននាំប្រទេសនេះឱ្យធ្វើសង្គ្រាមថ្មីទៀត។ លោក ត្រាំ ក៏និយាយដល់សមិទ្ធផលរបស់លោកក្នុងការបង្កើតកងទ័ពអវកាស ដែលជាអង្គភាពធំទី៦នៃកងទ័ពអាមេរិក។
បន្ថែមពីនេះ លោក ត្រាំ ក៏មិនភ្លេចលើកឡើងដែរពីគោលនយោបាយតឹងតែងរបស់លោកទល់នឹងចិន។ ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ អះអាងថា លោកបានដាក់សម្ពាធទៅលើចិនក្នុងកម្រិតមួយមិនធ្លាប់មានពីមុនមកលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាដើម។ លោករំឭកថា ក្នុងរយៈពេល៤ឆ្នាំក្រោមការដឹកនាំរបស់លោក អាមេរិកបានស្តារសម្ពន្ធភាព និងប្រមូលផ្តុំប្រជាជាតិនៅទូទាំងពិភពលោកឱ្យហ៊ានតទល់ជាមួយនឹងចិន។
ក្នុងសារ២០នាទី លោក ត្រាំ ក៏អួតពីស្នាដៃក្នុងការសម្រួលទំនាក់ទំនងរបស់សម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈិមបូព៌ាជាពិសេសរវាងកាតា និងអារ៉ាប៊ីសាអូឌីត ក៏ដូចជាការជំរុញឱ្យប្រទេសអារ៉ាប់ភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជាដើម។
ចំពោះរឿងជំងឺឆ្លងកូវីដ-១៩ វិញ លោក ត្រាំ ចាត់ទុកការបង្កើតវ៉ាក់សាំងក្នុងពេលមិនដល់មួយឆ្នាំជាជោគជ័យរបស់អាមេរិក។ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោក ត្រាំ ពលរដ្ឋអាមេរិកជាង៤សែននាក់បាត់បង់ជីវិតដោយសារជំងឺនេះ ដែលមួយផ្នែកដោយសារតែការមើលស្រាល និងឆ្លើយតបយឺតយ៉ាវនៅគ្រាដំបូង។
ទោះបញ្ចប់តំណែងប្រធានាធិបតីត្រឹមថ្ងៃទី២០ ខែមករានេះក៏ដោយ លោក ត្រាំ សង្កត់ធ្ងន់ថា នឹងមិនចាកចេញពីឆាកនយោបាយអាមេរិកដោយស្ងប់ស្ងាត់ឡើយ។ លោកត្រាំ ប្រាប់អ្នកគាំទ្រថាចលនារបស់លោកទើបតែចាប់ផ្តើមប៉ុណ្ណោះ។
លោក ត្រាំ ក៏នឹងក្លាយជាប្រធានាធិបតីអាមេរិកទីមួយក្នុងរយៈពេល១៥២ឆ្នាំ ដែលនឹងមិនចូលរួមពិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីថ្មីផងដែរ។ អតីតប្រធានាធិបតីអាមេរិក Andrew Jackson ដែលចប់អាណត្តិក្នុងឆ្នាំ១៨៦៩ ជាបុគ្គលដំបូងបង្អស់ដែលមិនចូលរួមពិធីប្រពៃណីនេះ។ ក្នុងនយោបាយអាមេរិក វត្តមានរបស់អតីតប្រធានាធិបតី និងប្រធានាធិបតីថ្មី នៅថ្ងៃស្បថកាន់តំណែងជានិមិត្តរូបនៃការផ្ទេរអំណាចដោយសន្តិវិធី ក៏ដូចជាការរួបរួមជាតិ។
ពេលពិធីស្បថរបស់លោក បៃឌិន ចាប់ផ្ដើម លោក ត្រាំ នឹងជប់លៀងបញ្ចប់តំណែងរបស់លោកនៅមូលដ្ឋានទ័ព Joint Base Andrews ។ បន្ទាប់មកលោកនឹង នឹងធ្វើដំណើរលើយន្តហោះប្រធានាធិបតីជាលើកចុងក្រោយទៅរដ្ឋ Florida និងស្នាក់នៅទីនោះ៕