ជាតិ
សង្គមជាតិ
មន្ទីរ​សុខាភិបាល​បន្ទាយមានជ័យ អះអាងថា គ្មាន​ការយក​ប្រា​ក់ជាង​១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចូល​ក្របខណ្ឌ រដ្ឋ​
20, Jan 2021 , 3:18 pm        
រូបភាព
រូបពី​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ
រូបពី​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ
ដោយ:
ភ្នំពេញ​៖ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​បដិសេធថា គ្មាន​ការយក​ប្រា​ក់ជាង​១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចូល​ក្របខណ្ឌ​រដ្ឋ​ឡើយ​។ ការបដិសេធ​នេះ ធ្វើឡើង​ក្រោយពី​សារព័ត៌មាន​ដើម​រាំង ផ្សាយ​ថា អ្នក​ចូល​ក្របខណ្ឌ​ពេទ្យ​រដ្ឋ ត្រូវអស់​លុយ​ម្នាក់ៗ​១៥០០០​ដុល្លារ នៅ​ខេត្តបន្ទាយមានជ័យ​។
 
​មន្ទីរ​សុខាភិបាល​បន្ទាយមានជ័យ បាន​បកស្រាយ​ថា ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា និង​អ្នកស្ម័គ្រចិត្ត​កំពុង​បំពេញការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត គឺមាន​គោលការណ៍ និង​លក្ខខណ្ឌ​ជ្រើសរើស​ត្រឹមត្រូវ​។ 
 
​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​អះអាងថា មន្ទីរ​សុខាភិបាល​ខេត្ត បាន​បង្កើត​គណៈកម្មកា​រ ដើម្បី​ទទួល​ពាក្យ និង​ពិនិត្យ​លើ​សំណុំ​ឯកសារ ដោយមាន​កំណត់ហេតុ និង​ឯកសារ​ពាក់ព័ន្ធ​ត្រឹមត្រូវ ដើម្បី​បញ្ជូនទៅ​ក្រសួងសុខាភិបាល​។  
 
​បើតាម​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ សិទ្ធិ​សម្រេច​នៃ​ការជ្រើសរើស​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ មិន​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្ត​ឡើយ​។ ប៉ុន្តែ​សិទ្ធិ​សម្រេច​នៃ​ការជ្រើសរើស​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ គឺ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ និង​សម្រេច​ពី​គណៈកម្មការ​ក្រសួងសុខាភិបាល​។ 
 
​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការជ្រើសរើស​អ្នក​ចូលក្នុង​ក្របខណ្ឌ​ពេទ្យ​រដ្ឋ មិនទាន់​ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។​
 
​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ត្រូវតែ​បង្ហាញ​នូវ​ភស្តុតាង​ជាក់លាក់ ដើម្បី​ឲ្យ​មន្ត្រី​សុខាភិបាល​ស្រាវជ្រាវ និង​អនុវត្តតាម​និ​តី​វិធី​ច្បាប់​៕ 
 
 

Tag:
 សារព័ត៌មាន​
 ​សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com