ជាតិ
ADB ៖ បើ​គ្មាន​ការអភិវឌ្ឍ​ជំនាញ​ទាន់ពេល កម្មការិនី​រោងចក្រ​៨១​ភាគរយ នឹងរង​ផលប៉ះពាល់ ក្នុង​ឧស្សាហកម្ម​៤.០
20, Jan 2021 , 4:35 pm        
រូបភាព
ទិដ្ឋភាពរោងចក្រផ្នែកវាយនភ័ណ្ឌមួយនៅកម្ពុជា (រូបពីក្រសួងព័ត៌មាន)
ទិដ្ឋភាពរោងចក្រផ្នែកវាយនភ័ណ្ឌមួយនៅកម្ពុជា (រូបពីក្រសួងព័ត៌មាន)
​ជាតិ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ថា (ADB) ព្រមាន​ថា កម្មករ​រោងចក្រ​នៅ​កម្ពុជា នឹងរង​ផលប៉ះពាល់ បើសិនជា​មិន​អភិវឌ្ឍន៍​ជំនាញ​ឲ្យ​ទាន់ពេល ស្របតាម​ដំណើការ​ឧស្សាហកម្ម​៤.០​។ បើតាម ADB កត្តា​នេះ ទំនង​ជះឥទ្ធិពល​ដល់​ស្រី្ត​កម្មករ​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា​៨១​ភាគរយ​។


ADB បានចេញ​របាយការណ៍​មួយ ដោយ​បង្ហាញថា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ទេសចរណ៍​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កំណើន​ការងារ ភាព​ប្រកួតប្រជែង​អន្តរជាតិ និង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (៤IR) ។ បើតាម​ADB បដិវត្តឧស្សាហកម្មទី៤ នឹង​លុបបំបាត់​ការងារ​ក្នុង​វិស័យ​ឧស្សា​កម្ម​កាត់ដេរ​និង​ទេសចរណ៍​។ ប៉ុន្តែ​ការបាត់បង់​នេះ នឹងធ្វើ​ឲ្យ​តម្រូវការ​ផលិតភាព​ខ្ពស់ជាង​មុន ដែល​បង្កើត​កំណើន​ការងារ​៣៩​ភាគរយ ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​២​ភាគរយ ក្នុង​វិស័យ​ទេសចរណ៍ សម្រាប់​កម្មករ​ជំនាញ​នៅ​កម្ពុជា ។​
 
​ទោះបី​ជាមាន​ភាព​វិជ្ជមាន​នៃ​កំ​ណើ​រ​ការងារ​វិស័យ​ទាំងពីរ​នេះ ក៏​ADB ព្រមាន​ថា ការ​ងាក​ទៅ​ចាប់​ជំនាញ​ថ្មី ស្របតាម​ដំណើរ​ ៤IR នឹងមាន​ស្ត្រី​កម្មករ​រោងចក្រ​កម្ពុជា​៨១​ភាគរយ​ផលប៉ះពាល់​។ ADB បាន​លើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបីជា​លទ្ធផល​នៃ​ការបង្កើត​ការងារ​ជាទូទៅ​វិជ្ជមាន ក្នុង​វិស័យ​ទាំងពីរ​ក៏ដោយ ការសិក្សា​នេះ ព្រមាន​ថា​មិន​មានការ​ធានាថា កម្មករ​ដែល​ការងារ​ខ្លួន​ត្រូវបាន​ផ្លាស់ប្ដូរ អាច​ទៅរក​ការងារ​ដែល​បាន​បង្កើត​ថ្មី​ដោយ​ងាយ​នោះទេ បើ​គ្មាន​ការវិនិយោគ​គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ក្នុងការ​អភិវឌ្ឍ​ជំនាញ​។ ការងារ​ក៏​ទំនងជា​ជះឥទ្ធិពល​ដល់​ស្រី្ត ដែលមាន​ប្រហែល​៨១​ភាគរយ ក្នុង​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​»​។ 
 
​លោកស្រី Sunniya Durrani-Jamal នាយិកា​ADB​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា ស្រប​ពេលដែល ៤IR នាំមក​នូវ​បម្រែបម្រួល​ការងារ​និង​ជំនាញ​នេះ កម្ពុជា​គួរតែ​ដោះស្រាយ​ផលប៉ះពាល់​ដែលមាន​លើ​ស្ត្រី​។​លោក​ស្រី្ត​សង្កត់ធ្ងន់ថា​៖ «​យើង​ត្រូវតែ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា ៤IR និង​អត្ថប្រយោជន៍​របស់​វា ជួយ​សហគ្រាស រួមទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​អាច​ទទួលយក​បច្ចេកវិជ្ជា​ជឿនលឿន​នេះ និង​ផ្ដល់​ការគាំទ្រ​ដល់​ការបណ្ដុះបណ្ដាល ពង្រឹង​ជំនាញ និង​បង្កើត​ជំនាញ រួមទាំង​តាមរយៈ​ការលើកទឹកចិត្ត ដោយ​ការ​អ​និ​គ្រោះ​ពន្ធ ដើម្បី​ធានាថា​គ្មាន​នរណា​ម្នាក់មិនត្រូវ​បានគិត​គូរ​ដល់​»​។​

ជុំវិញ ការព្រមាន នៃ ផលប៉ះពាល់ នេះ លោក ហេង សួរ ថា ទាំង រដ្ឋាភិបាល និង ដៃគូ មើលឃើញ បញ្ហា នេះ ដូចគ្នា ។ លោក សង្កត់ធ្ងន់ថា ៖ « ហេតុដូច្នេះ ហើយ ទើប យើង ដាក់ចេញ នូវ ផែនការមេ ក្នុងការ អភិវឌ្ឍ វិស័យ បណ្តុះបណ្តាល វិជ្ជាជីវៈ ។ យើង គ្រោង វិនិយោគ ជាង ៥០០ លាន ដុល្លារ ក្នុងការ ពង្រឹង ជំនាញ នៅ កម្ពុជា នេះ » ។​
 
​ការសិក្សា​របស់ ADB បង្ហាញថា និយោជក​នៅ​កម្ពុជា​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ គឺមាន​កម្រិត​ចំណេះដឹង​តាម ៤IR ទាប​ជាង​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​។ ការសិក្សា​នេះ ក៏បាន​អំពាវនាវ​ឲ្យ​កម្ពុជា អភិវឌ្ឍ​កម្មវិធី​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET) ដោយ​ផ្ដោត​តាម ៤IR ក្នុង​វិស័យ​ការ​ដេរ និង​ទេសចរណ៍​។ 
 
​ជាមួយគ្នា​ដែរ ADB បាន​បញ្ជាក់ថា នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ គឺ​កំពុង​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ឌីជីថល​។ ដូច្នេះ ក្រុមហ៊ុន​ដែល​ចាប់ផ្ដើម​អនុវត្ត​បច្ចេកវិទ្យា ៤IR ទំនង​នឹង​ងើបឡើង​វិញ លឿន​ជាង​មុន​នៃ​វិបត្តិ​កូ​វីដ​-១៩ និង​មាន​ភាព​ធន់​ទៅ​អនាគត​។ 
 
​បច្ចុប្បន្ន​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ មិនទាន់មាន​ភាពល្អប្រសើ​រ​នៅឡើយ​ទេ​។ បើ​ពិនិត្យ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០២០ មាន​រោងចក្រ​បិទ​ដំណើរការ​១២៩​រោងចក្រ ហើយ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​៣​ពាន់​កន្លែង​ត្រូវបាន​បិទ​និង​ផ្អាក់​ដំណើរ​។ ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ឆ្នាំ​២០២០ ក៏​ធ្លាក់ចុះ​ដែរ​គឺ​ធ្លាក់​ជិត​៨០​ភាគរយៈ ពោលគឺ​ឆ្នាំ​២០១៩​មាន​ជាង​៥​លាន​នាក់ ហើយ​ឆ្នាំ​២០២​ត្រឹមតែ​ជាង​១​លាន​នាក់​។​
 
​ដើម្បី​ជំរុញ​ការវិនិយោគ និង​កំណើនសេដ្ឋកិច្ច រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ជាច្រើន ដូចជា ច្បាប់​សហគ្រាស​ពាណិជ្ជកម្ម​, ច្បាប់​ស្ដី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម និង​ច្បាប់​ស្ដីពី​ការងារ​ជាដើម ៕

© រក្សាសិទ្ធិដោយ thmeythmey.com