ជាតិ
លោក វេ​ង សាខុន ៖ កសិកម្ម​កម្ពុជា​មា​នស​ក្ដា​នុព​ល តែ​ខ្វះ​អ្នកវិនិយោគ
20, Jan 2021 , 8:30 pm        
រូបភាព
​ភ្នំពេញ​៖  វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​សក្ដានុពល តែ​ខ្វះ​អ្នក​ដាក់ទុន​វិនិយោគ​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​បែបនេះ នៅក្នុង​ជំនួប​លោក​ឆាវ អ៊ី​ន​ទ័​រ ប្រតិភូ​ក្រុមហ៊ុន Khmer Holding Group នៅ​ថ្ងៃទី​២០ មករា​នេះ​។​

​លោក វេ​ង សាខុន បាន​ពន្យល់​ប្រាប់​ភាគី​ក្រុមហ៊ុន​ចិន ក្នុងន័យនេះ​ថា ដ្បិត​កម្ពុជា មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​ក្តី ប៉ុន្តែ​មិនទាន់​ត្រូវបាន​ប្រើប្រាស់​ឱ្យអស់​សក្ដានុពល ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នៅឡើយ​។ តាមរយៈ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋមន្ត្រី​កសិកម្ម បាន​សរសេរ​ដូច្នេះ​ថា​៖ «​កសិកម្ម​កម្ពុជា​មា​នស​ក្តា​នុព​ល តែ​យើង​នៅ​ខ្វះ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​សក្តានុពល​ដែល​យើង​មាន​ឲ្យ​អស់​លទ្ធភាព សំដៅ​លើកស្ទួយ​ផលិតភាព​ផលិតកម្ម ប្រកួត​ប្រ​ជែក កែច្នៃ និង​នាំចេញ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​គឺ​ស្តង់ដារ​ផលិត ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​តម្លៃ​»​។​
 
​បើ​និយាយ​សក្ដានុពល​កសិកម្ម​ក​ម្ពុ​ជា គឺមាន​ច្រើន​ដូចជា​ធនធានធម្មជាតិ អាកាសធាតុ​អំណោយ តំបន់ និង​ដី​ជាដើម ។ ប៉ុន្តែ​បើ​និយាយ​ពី​ផល​វិជ្ជមាន​វិញ គឺមាន​ច្រើន​ដែរ ដូចជា ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ប្រព័ន្ធធារាសាស្ត្រ ជាពិសេស​អគ្គិសនី តម្លៃ​ប្រេង និង​ថ្លៃដើម​នៃ​ការផលិត​ផ្សេងទៀត ត្រូវការ​ចំណាយ​ខ្ពស់ ដែល​ជះ​ឥ​ទ្ធ​ពល​មិនល្អ ដល់​ការវិនិយោគ​។ នេះ​ជាការ​មើលឃើញ​របស់លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម​។​
 
​ត្រង់ចំណុច​នេះ​លោក យ៉ង់ សាំង​កុមារ បាន​បញ្ជាក់ថា រដ្ឋាភិបាល​គួរតែរៀបចំ​ដោះស្រាយ​បញ្ហា​ទាំងនេះ សម្រាប់​អ្នកវិនិយោគ​ទាំងអស់ រាប់ទាំង​បញ្ហា​កសិករ បញ្ញវ័ន្ត និង​សហគ្រិន​ធុន​តូច និង​មធ្យម ដែល​ធ្វើ​ជំនួញ​កសិកម្ម ដោយ​មិនមែន​ដោះស្រាយ​តែ​អ្នកវិនិយោគ​ធំៗ​នោះទេ ។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកជំនាញ​កសិកម្ម​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ជារួម​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ វា​មាន​ច្រើន​រួចហើយ តែ​សំខាន់​តើ​(​រដ្ឋាភិបាល​)​យើង​មាន​បើកចំហរ​លក្ខខណ្ឌ​យ៉ាងម៉េច​ខ្លះ ដើម្បីឱ្យ​អ្នកវិនិយោគទុន​គេ​អាចមក​រកស៊ី​បាន​ចំណេញ​។ ចំពោះ​ខ្ញុំ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​គ្រួសារ​កសិករ​តូចតាច ឬក៏​អ្នកវិនិយោគ​ក្នុងស្រុក ដើម្បី​បង្ក​លក្ខខណ្ឌ​ងាយស្រួល សម្រាប់​ពួកគាត់ តាំងពី​ផ្លូវ​គមនាគមន៍ តាំងពី​ថ្លៃដើម​នៃ​ការផលិត ថ្លៃ​ជី អគ្គិសនី ប្រេង និង​ដឹកជញ្ជូន​»​។​
 
​សម្រាប់​លោក យ៉ង់ សាំង​កុមារ បើ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កសិករ និង​សហគ្រាស​ធុន​តូច និង​មធ្យម​នោះ សន្ទុះ​កសិកម្ម​នៅ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​ទៀត ដោយ​មិនបាច់​រង់ចាំតែ​ការវិនិយោគ​ពី​បរទេស​នោះទេ​។ «​វា​ទាមទារ​ឱ្យមាន​ការបើកផ្លូវ​ឱ្យ​ធំ​ទូលាយ ដោយ​មិនចាំបាច់​តែ​អ្នកវិនិយោគ​ក្រៅប្រទេស​ទេ ។ (​រដ្ឋ​គួរតែ​ជួយ​) អ្នកវិនិយោគ​ក្នុងប្រទេស ដោយ​ជួយ​គាំទ្រ​កសិករ​ខ្នាតតូច ខ្នាត​មធ្យម​ឱ្យបាន​ច្រើន​ទៅ ក៏​វា​ជួយ​បាន​ច្រើន​ដែរ កុំ​ចាំតែ​គេ​មាន​លុយ​ពី​ក្រៅប្រទេស​ទាំង​លានៗ​ដុល្លារ បានធ្វើឱ្យ​កសិកម្ម​រីក​ច​ម្រើ​នោះ តែ​កសិករ​យើង​តូចតាច ខ្នាតតូច​និង​ខ្នាត​មធ្យម​នៅក្នុង​ប្រទេស​ក៏​អាចធ្វើឱ្យ​រីកចម្រើន​នៅក្នុង​ប្រទេស​បានដែរ​»​។ នេះ​បើតាម​លោក កុមារ ដែល​ចង់ឃើញ​រដ្ឋាភិបាល​ជួយ​កសិករ និង​សហគ្រាស​ខ្មែរ ច្រើនជាង​រំពឹង​ការវិនិយោគ​ពី​បរទេស លើ​វិស័យ​កសិកម្ម​នេះ​។​
 
​កន្លងមក​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​កញ្ចប់​ថវិកា​ពិ​សេស​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​បង្វិលទុន និង​វិនិយោគ​របស់​សហគ្រាស​ធន​តូច និង​មធ្យម (SME) ពាក់ព័ន្ធ​វិស័យ​កសិកម្ម ក្នុងស្ថានភាព ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ជំងឺ​កូ​វីដ​-១៩​។  កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​នោះ ត្រូវបាន​រដ្ឋាភិបាល​ផ្តល់ជូន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម (ARDB)​។​
 
​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​នីមួយៗ អាចមាន​លទ្ធភាព​ខ្ចី​ថវិកា​រដ្ឋាភិបាល​នេះ បាន​ចាប់ពី​៥​ពាន់​ដុល្លារ ដល់​៣០​ម៉ឺន​ដុល្លារ សម្រាប់​បង្វិលទុន និង​ពង្រីក​ការវិនិយោគ​។​សម្រាប់​ម្ចាស់​សហគ្រាស និង​កសិករ​ដែល​ខ្ចី​ឥណទាន​ពិសេស​នេះ​យកទៅ​វិនិយោគ គឺមាន​អត្រា​ការប្រាក់​៥,៥​ភាគរយ និង​ខ្ចី​សម្រាប់​ធ្វើជា​ទុន​បង្វិល គឺមាន​អត្រា​ការប្រាក់​ត្រឹម​៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ 
 
​ក្រៅពី​ទម្លាក់​ថវិកា​ទាំងនេះ សម្ដេច ហ៊ុន សែន កន្លងមក ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​កសិកម្ម ប​ញ្ឌូ​ន​មន្ត្រី​ជំនាញ ចុះទៅ​បណ្ដុះបណ្ដាល​បច្ចេកទេស​ជូន​ពលរដ្ឋ និង​កសិករ​បន្ថែម លើ​ផ្នែក​កសិកម្ម​ទៀតផង ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​ជីវភាព​តាមរយៈ​កសិកម្ម​នេះ​៕
 
 

Tag:
 ​វេ​ង សាខុន​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com