អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ទាំង​៨​ចំណុច​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​និង​បង្ការ​ផលវិបាក​នានា​
19, Mar 2021 , 11:31 am        
រូបភាព
១. ការគ្រប់គ្រង​ជាតិ​ស្ករ​:  ការគ្រប់គ្រង​ជាតិ​ស្ករ​ជា​ចំណុច​សំខាន់​នៃ​ការគ្រប់គ្រង​និង​ការពារ​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ អ្នកជំងឺ​ត្រូវ​អនុវត្តតាម​ចំណុច​មួយចំនួន​ដូចខាងក្រោម​៖

-  ស្វែងយល់​ពី​ប្រភេទ​ចំណីអាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​និង​បរិភោគ​ក្នុង​បរិមាណ​សមរម្យ ដោយ​ចៀសវាង​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ពីរ​បី​មុខ​ជាន់គ្នា​
-  ត្រូវ​ស្វែងយល់​ពីស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ក្នុង​ចំណីអាហារ (​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ជា​ល្បឿន​នៃ​ការ​ស្រូប​ចូលក្នុង​ឈាម​នៃ​ជាតិ​ស្ករ​ក្រោយពេល​យើង​ទទួលទាន​ចំណីអាហារ​ដែលមាន​ជាតិ​ស្ករ​។ អ្នកជំងឺ​ទឹកនោមផ្អែម​គប្បី​បន្ថយ​ចំណីអាហារ​ដែលមាន​ស​ន្ទ​ស្សន៍​ជាតិ​ខ្ពស់​)
-  ហាត់ប្រាណ​ជាប្រចាំ ៣០​នាទី ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។​
-  ស្វែងរក​គ្រូពេទ្យ​នៅពេលដែល​ជាតិ​ស្ករ​មិនអាច​គ្រប់គ្រង​បាន​តាមរយៈ​របប​អាហារ​និង​ការហាត់​ប្រាណ​
-  ជួស​ជាតិ​ស្ករ​ជាប្រចាំ​និង​កត់​ត្រាទុក ហើយ​ចៀសវាង​ជួស​ជាតិ​ស្ករ​តែ​ពេលព្រឹក រួច​មិនបាន​ជួស​ជាតិ​ស្ករ​ក្រោយ​អាហារ​
 
២. គ្រប់គ្រង​សម្ពាធ​ឈាមៈ ការព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម​មិន​មែនមាន​ត្រឹមតែ​ការបញ្ចុះ​ជាតិ​ស្ករ​នោះទេ​គឺ​ត្រូវ​គិត​អំពី​សម្ពាធ​ឈាម​ថែមទៀត ដើម្បី​កាត់បន្ថយ​ផលវិបាក​នានា​។ អ្នកជំងឺ​ត្រូវ​អនុវត្តតាម​ចំណុច​ខាងក្រោយ​៖
-  បន្ថយ​ការ​ពិសា​ប្រៃ មានដូចជា​គ្រឿង​ផ្អាប់​
-  រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅក្រោម ១៤០/៩០mmHg​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ទូទៅ និង​ក្រោយ​ម​១៣០/៨០mmHg សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​មុខងារ​តម្រង​នោម​ធ្លាក់ចុះ​
-  ឆាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​សម្ពាធ​ឈាម ក្នុងករណី​ដែល​សម្ពាធ​ឈាម​លោកអ្នក​លើសពី​កម្រិត​ដែល​បាន​ជម្រាបជូន​ខាងលើ​
 
៣. គ្រប់គ្រង​ជាតិ​ខ្លាញ់​: អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ភាគច្រើន​មាន​ផលវិបាក​លើ​សរសៃឈាម​បេះដូង ខួរក្បាល​និង​សរសៃឈាម​នៅ​អវយវៈ​ខាងក្រោម​ជាដើម​។ ហេតុនេះហើយ ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​ខាងលើ អ្នកជំងឺ​គួរ​គប្បី​អនុវត្ត​ដូចខាងក្រោម​៖
-  បន្ថយ​បរិភោគ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន ដូចជា​អាហារ​ដែល​បំពង អាហារ​ដែល​ចៀន ឬក៏​គ្រឿងក្នុង​សត្វ​។​ល​។​
-  រក្សា​កុំ​ឲ្យ​លើស​ទម្ងន់​
-  ពិនិត្យ​ជាតិ​ខ្លាញ់​យ៉ាងហោចណាស់​១​ដង​ក្នុង​១​ឆ្នាំ រួច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ តើ​ជាតិ​ខ្លាញ់​របស់​យើង​លើស​ហើយ​ឬ​នៅ​?
 
៤. ពិនិត្យ​និង​តាមដាន​តម្រងនោម​: ការសិក្សា​បានបង្ហាញ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នៅ​អាស៊ី​យើង​នេះ មាន​ផលប៉ះពាល់​លើ​តម្រងនោម​ខ្ពស់ ហេតុនេះហើយ​អ្នកជំងឺ​គួរ​គប្បី​យល់ដឹង​និង​អនុវត្ត​នូវ​ចំណុច​ខាងក្រោម​:
-  ពិនិត្យមើល​មុខងារ​ត​ម្រ​ង​នោម​តាមរយៈ​ការពិនិត្យ​ឈាម Creatinine, Urée ឲ្យ​បាន​យ៉ាងហោចណាស់​១​ដង​ក្នុង​១​ឆ្នាំ​
- ពិនិត្យមើល​ទឹកនោម Microalbumine យ៉ាងហោចណាស់​ឲ្យ​បាន​១​ដង​ក្នុង​១​ឆ្នាំ​
- ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​អំពី​ការតាមដាន​តម្រង់​នោម​និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។​
- ចៀសវាង​ការយល់ច្រលំ​ថា ថ្នាំពេទ្យ​ដែល​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នាំ​ឲ្យ​ខូច​តម្រងនោម​។ ផ្ទុយទៅវិញ ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​មិនបាន​ល្អ​នោះទេ​ដែល​ធ្វើ​ឲ្យ​ខូច​តម្រងនោម​
 
៥. ពិនិត្យ​និង​តាមដាន​ភ្នែក​: ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាចធ្វើ​ឲ្យ​អ្នកជំងឺ​មាន​បញ្ហា​បាត​ភ្នែក និង​ជំងឺ​ភ្នែក​មួយចំនួនទៀត ហេតុ​ដូច្នេះហើយ អ្នកជំងឺ​គួរ​គប្បី​អនុវត្ត​ដូចខាងក្រោម​៖
- ត្រួតពិនិត្យ​ភ្នែក​យ៉ាងតិច​ឲ្យ​បាន​១​ដង​ក្នុង​១​ឆ្នាំ​ទោះបី​មិនមាន​រោគសញ្ញា​អ្វី​ក៏ដោយ​
-  ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ​ភ្នែក​ក្នុងករណី​មាន​រោគសញ្ញា​ដូចជា​ស្រវាំងភ្នែក ព្រិល​ភ្នែក​ជាដើម​
៦. ពិនិត្យ​និង​តាមដាន​ជើង​: អ្នកជំងឺ​ទឹកនោមផ្អែម​ប្រឈមមុខ​ខ្ពស់​នឹង​ការ​មាន​ដំបៅ​ក្រ​ជា ឬក៏​កាត់​ម្រាមជើង ឬក៏​កាត់​ជើង​តែម្តង ខ្ពស់ជាង​អ្នក​ដែល​មិនមាន​ជំងឺ​ទឹកនោមផ្អែម ហេតុដូច្នេះ​ហើយ​មាន​ចំណុច​មួយចំនួន​ដែល​យើង​ត្រូវអនុវត្ត​ប្រតិបត្តិ​៖
-  ដុស​សម្អាត​ជើង​ឲ្យ​បាន​ស្អាត​ជាប្រចាំ​
-  ចៀសវាង​យក​ទឹក​ក្តៅ ឬ​ឆ្នាំ​អ៊ុត​មក​ស្អំ​
- ចៀសវាង​ដើរ​ជើង​ទទេ​
-  ករណី​មាន​ដំបៅ ដាច់ខាត​ត្រូវតែទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ទោះបី​ដំបៅ​នោះ​តូច​យ៉ាងណាក៏ដោយ​
 
៧. បញ្ឈប់​ការជក់បារី​: បារី​និង​ជំងឺ​ទឹកនោមផ្អែម បើ​បូក​បញ្ចូល​គ្នា​គឺជា​គ្រោះ​ធំ​របស់​អ្នកជំងឺ ។ ដាច់ខាត​ត្រូវតែ​បោះបង់​ការជក់បារី​ឲ្យ​បាន កត្តា​ដែល​គួរ​ចងចាំ​គឺ​៖
-  អ្នក​ជក់បារី​អាច​ប្រឈមមុខ​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​៣០​ទៅ​៤០%​លើស​អ្នក​អត់​ជក់បារី​
-  អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ជក់បារី​ប្រឈមមុខ​ខ្ពស់ជាង​អ្នក​ដែល​អត់​ជក់បារី​ទៅលើ​ជំងឺ​សរសៃឈាម​បេះដូង ការ​កាត់​ជើង និង​ការ​ខូច​បាត​ភ្នែក​
 
៨. ប្រឹក្សា​ជាប្រចាំ​ជាមួយ​គ្រូពេទ្យ​: អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ គួរ​តាមដាន​ជាប្រចាំ​ជាមួយ​គ្រូពេទ្យ​:
-  ចៀសវាង​ការ​លេបថ្នាំ​តាម​គ្នា​
-  ចៀសវាង​ការទិញ​ថ្នាំ​ទឹកនោមផ្អែម​ដោយ​គ្មាន​វេជ្ជបញ្ជា​
-  ប្រឹក្សា​អំពី​ថ្នាំ​ដែល​អ្នកជំងឺ​ទទួលទាន​ជាមួយ​គ្រូពេទ្យ​៕
 
​បកស្រាយ​ដោយ​៖ វេជ្ជ​. ស៊ុំ ស​ត្ថា​
​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​
​ភាត​រះ​សមាជិក American College of Endocrinology៕
 
ព័ត៌មានបន្ថែម៖ diabetescarecenter.info/
ទំនាក់ទំនង៖ 012 254 772/ 010 254 772

© រក្សាសិទ្ធិដោយ thmeythmey.com