ជាតិ
បច្ចេកទេសបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្រែពក ដើម្បីកំណត់វត្តមានសត្វព្រៃ នៅក្នុងតំបន់ស្រែពក
23, Jan 2021 , 9:44 am        
រូបភាព
សកម្មភាពត្រួតពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់អភិរក្សជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ មករា ២០២១
សកម្មភាពត្រួតពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់អភិរក្សជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ មករា ២០២១
ដោយ៖ ប៉ូ សុភា
លោក ប៊ុន ត្រូពីន ជាជំនួយការស្រាវជ្រាវនៃអង្គការ WWF ថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងព្រៃអភិរក្សជីវចម្រុះស្រែពក ជាវិធីចាប់យករូបភាព ឬសកម្មភាពសត្វរបស់អ្នកជំនាញអភិរក្សសត្វ។ ដំណើរការម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សជីវៈចម្រុះស្រែពក ជាវិធីសាស្រ្តអង្កេតមើលវត្ថមានសត្វនៅក្នុងដែនជម្រកអភិរក្ស និងទុកជាឯកសារ ដើម្បីបានស្វែងយល់ពីស្ថានភាពរស់នៅរបស់វា។

 
ជាអតីតនិស្សិតជំនាញបរិស្ថាននៅសកលវិទ្យាល័យភូមិភ្នំពេញលោក ប៊ុន ត្រូពីន កំពុងធ្វើការទាក់ទងការស្រាវជ្រាវកម្មវិធីរបស់អង្គការWWF លើជំនាញដាក់បំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ការស្រាវជា្រវពីក្រពើភ្នំ តេស្ត្រ DNAដំរី អាហារដ្ឋានត្មាត និងសត្វត្រយង។
លោក ត្រូពីន បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវការសិក្សា និងជំនាញបច្ចេកទេសដើម្បីអាចកំណត់ទីតាំង ហើយអាចប្រមូល និងថតយករូបភាពសត្វតាមម៉ាស៊ីនថតស្វ័យប្រវត្តិ ។ 
 
«ដំណើរការដំបូងក្នុងការដាក់កាមេរ៉ា ដំបូងក្រុមការងារនិងអ្នកស្រាវជ្រាវត្រូវដើរកទីតាំង ដើម្បីដាក់កាមេរ៉ានៅខែប្រាំង នៅតាមត្រពាំងដែលមានទឹកដក់ ព្រោះទៅតាំងនេះអាចចាប់យករូបភាពសត្វផ្សេងធ្វើដំណើរទៅរកទឹកផឹកនៅក្នុងត្រពាំងមានទឹកនៅក្នុងព្រៃ។ មុននឹងដាក់កាមេរ៉ា តាមលក្ខណៈបច្ចេកទេសក្រុមការងារត្រូវសិក្សាពីកម្ពស់ តាមស្ថានភាព និងប្រភេទសត្វ។  បន្ទាប់គេត្រូវសម្អាតស្មៅនៅជុំវិញទីតាំង ដើម្បីងាយស្រួលអាចថតយករូបភាពសត្វតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ »។ នេះជាការបញ្ជាក់របស់លោក ត្រូពីន ។  
រៀងរាល់បីខែម្តងអ្នកជំនាញរូបនេះ តែងតែមកត្រួតពិនិត្រម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីប្តូរថ្ម និងចម្លងឯកសារចេញពីម៉ាស៊ីនថត យកទៅរក្សាទុកជាទិន្នន័យ ក្នុងដំណើរការស្រាវជ្រាវ ។ ហេតុផលមួយទៀតគឺ ដើម្បីត្រួតពិនិតគុណភាពម៉ាស៊ីនថតស្វ័យប្រវត្តិសារជាថ្មី សម្រាប់ដំណើរការបន្តទៅទៀត។
 
ក្នុងដំណើរការនៃការស្រាវជ្រាវនិងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្ត នៅក្នុងដែនជម្រកសត្វព្រៃស្រែពក លោកត្រូពីន និងក្រុមការងារជួបប្រទះឧបសគ្គចម្បង គឺការធ្វើដំណើរចូលនៅតំបន់ទីតាំងស្នូល ដែលស្ថិតនៅឆ្ងាយ និងមានឧបសគ្គខ្លះ។  តែវាមិនមែនជាចំណោទទេ សម្រាប់លោក និងក្រុមការងារ នៅក្នុងការបំពេញការងារឡើយ។ 
លោក នេត្រ ភ័ក្តា្រ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាវិធីសាស្ត្រមួយ ដែលអាចមើលឃើញសកម្មភាព និងថតយករូបភាពសត្វនៅក្នុងព្រៃ ដើម្បីកត់ត្រាក្នុងឯកសារ។
 
« តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនេះ យើងអាចឃើញរូបភាពសត្វគ្រប់ប្រភេទដែលដើរកាត់មុខម៉ាស៊ីន បំពាក់តាមដើមឈើក្នុងព្រៃនេះ។ ម៉្យាងវិញទៀត ម៉ាស៊ីនអាចផ្តិតរូបសត្វទាំងនោះទុក សម្រាប់ឱ្យពួកយើងយកធ្វើទិន្នន័យ និងជាឯកសារប្រើប្រាស់ក្នុងដំណើរការអភិរក្សជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពករបស់ក្រសួងបរិស្ថាន និងជាទិន្នន័យដ៏មានតម្លៃសម្រាប់ដំណើរការនៃការស្រាវជ្រាវអង្គការWWFផងដែរ » ។ នៅជាការលើកឡើងរបស់លោកនេត្រ ភក្ត្រា។
 
បើយោងតាមរបាយការណ៍របស់អង្គការ WWF ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ សត្វទន្សោងប្រមាណ ៣៧១ក្បាល ,ឈ្លូស១,៤២៥ក្បាល ,ជ្រូកព្រៃ២,១៦៩ ក្បាល ដែលសេសសល់នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក។ ចំណែកឯដែនជម្រកសត្វព្រៃភ្នំព្រេច មានសត្វទន្សោង៤៨៥ក្បាល ឈ្លួស ១,៩២៥ក្បាល និងជ្រូកព្រៃប្រមាណ ១,៨៤៨ ក្បាលដែលនៅសេសសល់ក្នុងដែនជម្រកនេះ ។
 
បើតាមការស្រាវជ្រាវ និងតាមដាននោះ អត្រាធ្លាក់ចុះនៃសត្វព្រៃរយៈពេល១០ឆ្នាំចុងក្រោយក៏ជាក្តីព្រួយបារម្ភដែរ ក្នុងនោះ សត្វទន្សោងថយចុះ ៧២ភាគរយ ពី៣,០១៣ក្បាល មកត្រឹមតែ ៨៥៦ក្បាល, សត្វឈ្លូសថយចុះពី ៦,៩៩៦ក្បាល មកត្រឹមតែ៣,៣៥០ក្បាល។ ចំណែកសត្វជ្រូកព្រៃ ថយចុះ ១៨ភាគរយ ពី៤,៩០៩ក្បាល មកត្រឹម៤,០១៧ក្បាល។បើតាមរបាយការណ៍ដដែល៕
 

Tag:
 ដែនអភិរក្ស
  ជីវៈចម្រុះ
  សត្វព្រៃ
  បច្ចេកទេស
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com