COVID-19
ជាតិ
២ករណីថ្មី! ស្ត្រីខ្មែរម្នាក់មកពីអាមេរិក និងពលករម្នាក់មកពីថៃ មានកូវីដ-១៩
24, Jan 2021 , 7:08 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអាទិត្យនេះ បាន​ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ពីរនាក់ទៀត ដែលក្នុងនោះមាន​ស្ត្រីម្នាក់ទើបមកពីអាមេរិក និងបុរសពលករមកពីថៃ។ ជាមួយគ្នានេះ ក៏មាន​២ករណីជាសះស្បើយផងដែរ។


ស្ត្រីអាយុ៥៧​ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចោមចៅ៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គាត់មកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅ​ថ្ងៃទី១០ខែមករា។ លទ្ធផលសំណាកលើកទី២ បង្ហាញថា គាត់វិជ្ជមានកូវីដ-១៩។ គាត់ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចក្រអង្រែ ខណៈអ្នក​ដំណើររួមយន្តហោះ​១៣៧នាក់ទៀត បន្តចត្តាឡីស័ក តាមទីតាំងរៀងៗខ្លួន។

រីឯករណី១ទៀត ជាពលករអាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់ធ្វើដំណើរមកពីថៃ ហើយដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា។ បច្ចុប្បន្ន​សម្រាកនៅមន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ។

ករណីសះស្បើយ២ករណី មានបុរសឥណ្ឌូណេស៊ីអាយុ៤៣​ឆ្នាំ និង​ពលករខ្មែរម្នាក់អាយុ៣៤​ឆ្នាំ។

មកដល់ពេលនេះ កម្ពុជាមាន​អ្នកកើតកូវីដ-១៩ ចំនួន​៤៥៨ករណី ដោយ​៤០៥ករណីសះស្បើយ។ ក្នុងចំណោមនោះ មានពលករខ្មែរពីថៃ ៨២នាក់ ដោយ៤០នាក់បានជាសះស្បើយ។

អ្នកជំងឺកំពុងសម្រាកព្យបាល មាន​៥៣នាក់ ដោយ​៩នាក់នៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន, ១នាក់នៅពេទ្យមិត្តភាពខ្មែរ-សូវៀត, ១នាក់នៅមណ្ឌលសុខភាពចាក់អង្រែ រីឯពលករមកថៃព្យាបាលនៅតាមមន្ទីរពេទ្យខេត្ត ក្នុងនោះមាន​៣០នាក់នៅបន្ទាយមានជ័យ ៩នាក់នៅបាត់ដំបង ២នាក់នៅឧត្តរមានជ័យ និង១នាក់នៅប៉ៃលិន៕

© រក្សាសិទ្ធិដោយ thmeythmey.com