ជាតិ
ទូតអាមេរិកគាំទ្រកិច្ចសហការជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ដើម្បីពង្រីកទីផ្សារទៅកាន់សហរដ្ឋអាមេរិក
24, Jan 2021 , 10:29 pm        
រូបភាព
បាត់ដំបង៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអេមរុរាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតអង្ករនាំចេញទៅទីផ្សារអន្ដរជាតិ។ លោក W. Patrick Murply បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍ ទាំងលើគុណភាព គំរូស្ដង់ដា  ដែលការនេះជំរុញឱ្យស្ថានទូតអាមេរិកមានការបេ្ដជ្ញាចិត្តក្នុងការបន្តកិច្ចសហការលើការជំរុញទីផ្សារនាំចេញបន្ថែមទៀត។
 
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែមករា ដើម្បីចុះពិនិត្យគម្រោងនានារបស់អង្គការដៃគូដែលទទួលបានជំនួយហិរញ្ញវត្ថុពីស្ថានទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murply បានទៅស្វែងយល់អំពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រផលិតអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ផងដែរ។ លោកទូត បានចាត់ទុករោងចក្រនេះថាជារោងចក្រដ៏ធំជាងគេនៅកម្ពុជា ក្នុងការផលិតអង្ករតាមស្ដង់ដា និងគុណភាពនាំចេញទៅអន្ដរជាតិ។ បន្ថែមពីនេះ លោក W. Patrick Murply ប្រាប់ថា ស្ថានទូតសហរដ្ឋអាមេរិក រីករាយ និងពេញចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ។
 


លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ឱ្យដឹងថា ក្រុមហ៊ុនលោកបានទទួលឥណទានពីធនាគារមួយរបស់សហរដ្ឋអាមេរិក ហើយបានដំឡើងប្រព័ន្ធ Silo ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសនេះ ដើម្បីផលិតអង្ករតាមស្ដង់ដាអន្ដរជាតិ។ លោកពន្យល់ថា តាមរយៈប្រព័ន្ធនេះគឺធានាបាននូវស្ដង់ដាគុណភាពដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ បង្កើនផលិតភាពក្នុងការផលិតនិងស្ដុកទុក ហើយតម្លៃនៃការផលិតមានកម្រិតទាប។ បច្ចេកវិទ្យានេះ ក៏ជាបច្ច័យមួយក្នុងការធ្វើឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក លើការទិញអង្ករពីក្រុមហ៊ុនអេមរុរ៉ាយស៍។
 
«សហរដ្ឋអាមេរិកជាទីផ្សារមួយសំខាន់ ដូច្នេះយើងបំពាក់បច្ចេកវិទ្យាសហរដ្ឋអាមេរិក គឺធានាបានដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក អ្នកហូបមានទំនុកចិត្តលើបច្ចេកវិទ្យាសហរដ្ឋអាមេរិកទាំងមូល ដូច្នេះយើងអាចនិយាយបានថា មិនចាំបាច់ផលិតនៅសហរដ្ឋអាមេរិកទេ ផលិតនៅកម្ពុជាយើងក៏ស្ដង់ដាដូចសហរដ្ឋអាមេរិកដែរ ដូច្នេះយើងនឹងពង្រីកទីផ្សាររបស់យើងកាន់តែទូលំទូលាយនាពេលខាងមុខ»។ លោក សុង សារ៉ន បន្ថែម។
 
 
ក្រុមហ៊ុនអេមរុរ៉ាយស៍បង្កើតឡើងនៅឆ្នាំ២០១១។ បច្ចុប្បន្ន ក្រុមហ៊ុននេះទទួលទិញស្រូវពីសហគមន៍នៅជុំវិញចំនួន៣០ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ទីផ្សារនាំចេញរបស់ក្រុមហ៊ុនមានដូចជា ទីផ្សារធំទៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន ហុងកុង អូស្រ្ដាលី និងសិង្ហបុរីជាដើម។ ផែនការទៅមុខ ក្រុមហ៊ុននេះនឹងស្វែងរកដៃគូ ដើម្បីពង្រីកការនាំចេញទីផ្សារសហរដ្ឋអាមេរិក ឱ្យកាន់តែទូលំទូលាយ។ លោក សុង សារ៉ន ក៏បានស្នើសុំការផ្តល់ឥណទានបន្ថែមពីសហរដ្ឋអាមេរិក ឬផ្តល់ការគាំទ្រមូលនិធិផ្សេងៗសម្រាប់គាំទ្រសង្វាក់ផ្គត់ផ្គង់ទាំងមូលឱ្យមានកម្រិតស្ដង់ដា ដើម្បីងាយស្រួលក្នុងការនាំចេញឱ្យកាន់តែល្អប្រសើរជាដើម។
 
គួរបញ្ជាក់ថា នៅឆ្នាំ២០២០កន្លង ដ្បិតកម្ពុជាជួបវិបត្តិជំងឺកូវីដ និងរងគ្រោះទឹកជំនន់យ៉ាងណាក្ដី តែការនាំចេញអង្ករមានការកើនឡើងជាង១០ភាគរយ គឺមានចំនួនជិត ៧០ម៉ឺនតោន។ លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករផងនោះ មានក្ដីរំពឹងថា នឹងអាចនាំចេញជាង៨០ម៉ឺនតោនក្នុងឆ្នាំ២០២១នេះ ប្រសិនអ្វីៗល្អប្រសើរទៅតាមការគ្រោងទុក៕






 

Tag:
 ស្រូវ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com