ជាតិ
ក្រោយការណែនាំ លោក ស៊ីយ៉ែន ឈប់កាប់ឈើ ហើយប្តូរទៅដាំបន្លែសរីរាង្គនៅមណ្ឌលគិរី
24, Jan 2021 , 5:34 pm        
រូបភាព
លោក លីវ ស៊ីយ៉ែន ម្ចាស់កសិករ​ដាំបន្លែ​នៅ​ក្នុងឃុំ​​អរ​បួ​ន​លើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី
លោក លីវ ស៊ីយ៉ែន ម្ចាស់កសិករ​ដាំបន្លែ​នៅ​ក្នុងឃុំ​​អរ​បួ​ន​លើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី
ដោយ:
ភ្នំពេញ៖ លោក លីវ ស៊ីយ៉ែន ជាអតីតអ្នកកាប់ព្រៃឈើនៅដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរីកាលពីលោកនៅលីវ។  ប៉ុន្តែក្រោយពីលោកទទួលបានការណែនាំពីមន្ត្រីឧទ្យានុរក្ស និងបានរៀបការក្នុងឆ្នាំ២០០៨មក លោកក៏បានប្តូរមុខរបរពីកាប់ព្រៃឈើមកជាអ្នកដាំបន្លែវិញ។ បច្ចុប្បន្នលោកស៊ីយ៉ែន កំពុងតែជោគជ័យលើការដាំបន្លែជាច្រើនមុខ ក្នុងទំហំដីជាង២ហិកតា ក្នុងឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
 
សូមតាមដានស្តាប់បទសម្ភាសវីដេអូរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មាននៅថ្មីៗ និងលោក លីវ ស៊ីយ៉ែន កសិករដាំបន្លែនៅឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរីដូចតទៅ៖ 
 
អំឡុងពេលវ័យ២២ឆ្នាំ យុវជន លីវ ស៊ីយ៉ែន តែងតែចូលព្រៃ នៃខេត្តមណ្ឌលគិរី រយៈពេល២ ទៅ៣ខែ ដើម្បីទៅកាប់ព្រៃឈើសម្រាប់ចិញ្ចឹមក្រពះ។ មូលហេតុដែល ស៊ីយ៉ែន សម្រេចចិត្តចូលព្រៃកាប់ឈើដោយសារតែ កាលនោះលោកគ្មានការងារត្រឹមត្រូវ។ 
 
លោក ស៊ីយ៉ែន បានរៀបរាប់ដូច្នេះថា៖«កាលពីមុន ខ្ញុំក៏បានធ្លាប់ចូលព្រៃរកឈើ ទៅតាមគេតាមឯងអ៊ីចឹងទៅ។ កាលហ្នឹងខ្ញុំចូលដោយសារតែអត់ការងារធ្វើ។ ដល់ពេលរកទៅវាអត់កើត។ រវល់តែទៅព្រៃ ងាកតែគេចាប់ៗ។ វាធ្វើឲ្យប៉ះពាល់ដល់យើងផង ហើយក្រុមគ្រួសាររបស់ យើងក៏វាលំបាកទៅតាមហ្នឹងដែរ។ បើយើងទៅព្រៃវាប៉ះពាល់ច្រើនណាស់ វាបំផ្លាញព្រៃឈើធនធាន ហើយការបរបាញ់សត្វវាធ្វើឲ្យវិនាសហិនហោច។ ពេលបច្ចុប្បន្នខ្ញុំក៏ឈប់ទៅ ហើយងាកមកដាំបន្លែទៅ វាងាយស្រួលម្យ៉ាងដែរ»។  
 
ស្ថានភាពកាប់ឈើ មិនសមប្រកប ដោយសារត្រូវប្រឈមមុខច្បាប់បែបនេះ បានធ្វើឱ្យយុវជន ស៊ីយ៉ែន ពិចារណាប្តូរផ្លូវជីវិតឡើងវិញ។ ស៊ីយ៉ែន ក៏បានសម្រេចចិត្តឈប់ប្រកបរបរកាប់ឈើនេះ ក្រោយពេលរូបគេ បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៨ នាវ័យ២៤ឆ្នាំ។ ពេលនោះហើយ ដែលបុរសស្គមល្អិតរូបនេះ បានពួតដៃគ្នាជាមួយភរិយា ប្រកបមុខរបរដាំបន្លែ ស្លៃក្រញាញ់ ស្ពៃចង្កឹះ ត្រសក់ ត្រឡាច ប៉េងប៉ោះ ស្លឹកខ្ទឹម សាលាដ និងស្ពៃក្តោប រហូតមកដល់បច្ចុប្បន្ន។ 
 
ដើមឡើយលោក ស៊ីយ៉ែន និងគ្រួសារ គឺដាំបន្លែដោយប្រើថ្នាំគីមី។ ប៉ុន្តែ១០ក្រោយមក លោក ស៊ីយ៉ែន សម្រេចចិត្តដាំបន្លែសរីរាង្គវិញ ក្រោយពីដាំបន្លែប្រើថ្នាំគីមី ធ្វើឲ្យប៉ះពាល់គុណភាពដី និងសុខភាព លោក និងក្រុមគ្រួសារ ។ 
 


បន្លែប៉េងប៉ោះ​របស់​លោក លីវ ស៊ីយ៉ែន ក្នុងឃុំ​អរបួនលើ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី កំពុងតែ​ពេញ​ប្រមូលផលក្នុងខែ​មករា ឆ្នាំ​២០២១

«ពីមុនយើងធ្លាប់ប្រើជីគីមី ដល់ពេលយើងគិតយូរៗទៅ វាប៉ះពាល់ដល់សុខភាពរៀងខ្សោយជាងមុន ដល់ពេលយើងងាកមកប្រើថ្នាំធម្មជាតិវិញ ដល់ពេលអ៊ីចឹងសុខភាពយើងក៏វាងាកមករកប្រសើរឡើងវិញ។  វាប៉ះពាល់ធ្វើឲ្យដីយើងខូច ប្រែទៅជារឹងអស់រលីង អត់ដូចយើងដាំបែបសរីរាង្គទេ គឺធ្វើឲ្យដីយើងផុសរហូត»។ នេះបើតាមការរៀបរាប់របស់លោក លីវ ស៊ីយ៉ែន ដែលទើបត្រឡប់មកដាំបន្លែបែបសរីរាង្គវិញនៅឆ្នាំ២០១៩ ក្នុងទំហំដីជិត២ហិកតា ដែលលោកជួលគេសម្រាប់ដាំ។
 
តាំងពីបុរសសម្បុរស្រអែមនេះ ងាកមកដាំបន្លែសរីរាង្គវិញ លោកមើលឃើញពីផលវិជ្ជមានច្រើន។ បើតាមលោក ស៊ីយ៉ែន បន្លែសរីរាង្គងាយបានផលលឿន និងមានគុណភាព ដែលអាចជួយកាត់បន្ថយបន្លែនាំចូលពីវៀតណាមផងដែរ។ បច្ចុប្បន្នលោក ស៊ីយ៉ែន កំពុងតែផ្គត់ផ្គង់បន្លែ នៅតែទីផ្សារខេត្តមណ្ឌលគិរីប៉ុណ្ណោះ ដែលមិនទាន់ឈានដល់ការផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ ឬតំបន់ផ្សេងឡើយ។ ក្នុងចំណោមបន្លែរបស់លោកទាំងនោះ គឺស្ពៃក្តោប និងប៉េងប៉ោះ ដែលកំពុងតែពេញប្រមូលផលក្នុងខែមករានេះ។ 
 
«បន្លែទាំងនេះ គឺបោះទៅក្នុងភូមិខ្លួនឯង ក្នុងស្រុកកោះញែក  នៅទីផ្សារខេត្តមណ្ឌលគិរី។ ទីផ្សារនៅខេត្តមណ្ឌលគិរីក្នុងស្រុកកោះញែកគឺយើងអាចទទួលយកបាន ដោយតម្លៃវាគឺយើងអាចទទួលយកបាន។ ដោយសារតែកសិករដូចពួកខ្ញុំទាំងអស់គ្នានេះ មិនទាន់បានកុងត្រាជាមួយនឹងក្រុមហ៊ុនណាមួយទេ។ អ៊ីចឹងយើងរកទីផ្សារដោយខ្លួនឯងសិន។ ទីផ្សារយើងមធ្យម។ ប៉ុន្តែបើស្ពៃទាំងអស់នោះខ្ញុំប៉ាន់ស្មានទៅមានប៉ុន្មានតោនក៏គេយកទាំងអស់ដែរក្នុងខេត្តមណ្ឌលគិរីនេះ។ នេះជាការរៀបរាប់របស់លោក ស៊ីយ៉ែន ដែលមានវ័យ៣៤ឆ្នាំ។ 
 


បន្លែ​ស្ពៃក្តោប​​របស់លោក លីវ ស៊ីយ៉ែន ក្នុងឃុំអរបួន​លើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី កំពុង​តែ​ពេញ​ប្រមូល​ផលសម្រាប់ខែ​មករា ឆ្នាំ​២០២១

សម្រាប់លោក លីវ ស៊ីយ៉ែន មុខរបរដាំបន្លែនេះ គឺបានជួយដល់ក្រុមគ្រួសាររបស់លោកមានជីវភាពល្អប្រសើរ។ «បើយើងដាំបានល្អទាំងអស់ទៅ គឺយើងធូរមួយកម្រិតធំ។ ទីមួយ កូនទៅរៀនវាអត់លំបាក។ ពេលយើងមកដាំបន្លែយើងធូរមួយកម្រិតធំ ទាក់ទងនឹងការចាយវាយក្នុងគ្រួសារ គឺយើងអាចផ្គត់ផ្គង់ដល់ការសិក្សារបស់កូនទៅរៀនបានគ្រប់គ្រាន់។ ហើយជីវភាពក្នុងគ្រួសារយើងក៏អត់សូវជាពិបាកទេ»។ នេះជាការរៀបរាប់របស់លោក ស៊ីយ៉ែន ដែលកំពុងតែទទួលបន្ទុកចិញ្ចឹមកូន២នាក់។
 
តែយ៉ាងណាលោក ស៊ីយ៉ែន ចង់ឲ្យអភិបាលខេត្តមណ្ឌលគិរី បង្កើតផ្សារបន្លែសរីរាង្គចុងសប្តាហ៍ រួមទាំងជួយរកឈ្មួញ ដើម្បីឲ្យលោក និងកសិករដទៃទៀត អាចបោះបន្លែលក់ទៅរាជធានីភ្នំពេញនៅថ្ងៃខាងមុខ។ លោក ស៊ីយ៉ែន គ្រោងដាំបន្លែផ្សេងៗទៀតផងដែរ ដូចជា ខ្ទឹមបារាំង ខ្ទឹមស និងផ្កាខាត់ណា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារខេត្តមណ្ឌលគិរី និងភ្នំពេញ បើកាលណាបន្លែលោកមានទីផ្សារខ្ពស់ នៅថ្ងៃខាងមុខ៕


 លោក លីវ ស៊ីយ៉ែន ​កំពុងតែ​ប្រមូលផលស្ពៃក្តោប​សម្រាប់​ទុក​លក់​​​នៅទីផ្សារ​ខេត្ត​មណ្ឌលគិរី​

© រក្សាសិទ្ធិដោយ thmeythmey.com