រថយន្ត
អន្តរជាតិ
ស្វែងយល់ពីរថយន្តប្រធានាធិបតី «The Beast 2.0» ដែលលោក ចូ បៃឌិន ជិះ
25, Jan 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ក្រោយកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃឌិន ត្រូវធ្វើដំណើរតាមរថយន្តផ្លូវការដែលមានឈ្មោះថា «The Beast»។ ជាប្រភេទរថយន្តនៃក្រុមហ៊ុន Cadilac ដែលត្រូវបានរក្សាទុកនៅលើនាវាជើងទឹករបស់ភ្នាក់ងារសម្ងាត់ប្រធានាធិបតី តាំងពីឆ្នាំ២០១៨ ពោលគឺអំឡុងពេលដែលលោក ដូណាល់ ត្រាំ ស្ថិតក្នុងតំណែងនៅឡើយ។

 
រថយន្តប្រធានាធិបតីរបស់លោក បៃឌិន ជា The Beast ជំនាន់ទីពីរ ដែលអាចហៅបានថា «The Beast 2.0» ដែលមានរូបរាង និងសមត្ថភាពខ្លាំងបន្ថែមលើស The Beast ជំនាន់លោកត្រាំ។ វាត្រូវបានចាត់ទុកជារថយន្តដែលមានសុវត្ថិភាពជាងគេបំផុតលើពិភពលោក។


 
ទាំងនេះ ជាចំណុចសំខាន់ៗមួយចំនួន៖
 
១.បង្អួចត្រូវបានធ្វើកញ្ចក់ការពារគ្រាប់កំាភ្លើង។ បង្អួចប៉ូលីកាបូណាត៥ស្រទាប់នេះ អាចទប់ទល់គ្រាប់គ្រប់ប្រភេទ។ វាមិនមានប៊ូតុងចុច ឬទាញឲ្យបង្អួចចុះក្រោមឡើយ។
២. ទ្វារកម្រាស់៨អ៊ីញ មានទម្ងន់ធ្ងន់។ សម្ភារជាច្រើន ដូចជាសេរ៉ាមិក, ទីតាញ៉ូម ត្រូវបានប្រើប្រាស់សម្រាប់ការផលិតរថយន្តនេះ។
៣.រថយន្តទាំងមូលត្រូវបានបំពាក់ទៅដោយឧបករណ៍ការពារអាវុធ ដូចជាកាំភ្លើងខ្លី ឧស្ម័នបង្ហូរទឹកភ្នែក និងយុទ្ធភណ្ឌផ្សេងៗ
៤. សម្រាប់ករណីបន្ទាន់ រថយន្តមានផ្ទុកឧបករណ៍វេជ្ជសាស្ត្រ, បំពង់អុកស៊ីសែន, ឧបករណ៍កែប្រែចង្វាក់បេះដូង រួមទាំងប្លោកឈាមតាមប្រភេទរបស់ប្រធានាធិបតី។
៥. មានកាមេរ៉ាមើលច្បាស់ពេលយប់ ដែលត្រូវបានដំឡើងនៅខាងមុខ និងគ្រឿងសឹកនៅខាងក្រោយ។ សូម្បីតែធុងម៉ាស៊ូត ក៏ពាសដែកផងដែរ។
៦. ទីតាំងអង្គុយរបស់ប្រធានាធិបតី និងអ្នកបើកបរ ត្រូវបានខណ្ឌដោយកញ្ចក់។ មានតែប្រធានាធិបតីប៉ុណ្ណោះ ដែលអាចចុចកញ្ចក់បន្ទាបចុះបាន។
 
៧. អ្នកបើកបរមានគ្រប់ប្រព័ន្ធ GPS តាមដាន ហើយមុខងារចាំបាច់ផ្សេងៗ ត្រូវបានតំឡើងនៅជិតកៅអីរបស់គាត់។ អ្នកបើកបរ ទទួលបានការបណ្តុះបណ្តាលជំនាញសន្តិសុខ និងពីរបៀបដោះស្រាយរាល់ស្ថានភាពដែលត្រូវជម្លៀសបន្ទាន់។
 
៨. រថយន្តមានទូរសព្ទផ្កាយរណបមួយ ដែលភ្ជាប់ទៅកាន់ការិយាល័យអនុប្រធានាធិបតី និងមន្ទីរបញ្ចកោន។
៩. ក្បួនរថយន្តមានអ្នកជំនាញវេជ្ជសាស្ត្រ ភ្នាក់ងារសន្តិសុខ មន្ត្រីយោធា និងអ្នកឯកទេសផ្សេងទៀត តាមហែរហម។
 
១០. នឹងមានរថយន្តពីរប្រហាក់ប្រហែលគ្នាដែលបើកបរតាមក្បួន។ រថយន្តដូចគ្នាបេះបិទ ដែលមិនអាចមានអ្នកណាដឹងថា ជារថយន្ត Beast របស់ប្រធានាធិបតីនោះឡើយ។
១១. បច្ចុប្បន្ន ស្លាកលេខរថយន្ត គឺ៤៦ ដែលមានន័យថា ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក លោក Jo Biden៕

 

© រក្សាសិទ្ធិដោយ thmeythmey.com