កីឡាជាតិ
ជាតិ
E-sport៖ អ្នកចាត់ការ Flash KH រំពឹងក្រុមនឹងគ្រងជើងឯក MPL KH រដូវកាលទី៦
23, Apr 2024 , 7:59 am        
រូបភាព
លោក តែ តិកហេង ដែលមានរហស្សនាមក្នុងការប្រកួតថា Lee Xin បង្ហាញក្តីរំពឹងខ្លាំងទៅលើក្រុមកីឡាអេឡិចត្រូនិក Flash KH នឹងអាចគ្រងជើងឯកពានរង្វាន់លីគអាជីពកីឡាអេឡិចត្រូនិកកម្ពុជា MPL KH រដូវកាលទី៦ ក្រោយកូនក្រុមបង្ហាញសមត្ថភាពដ៏អស្ចារ្យនាប៉ុន្មានប្រកួតចុងក្រោយ។


ការប្រកួតចុងក្រោយបង្អស់របស់ Flash KH បានបំបាក់ក្រុមខ្លាំង CFU Gaming ដោយលទ្ធផល ២-០ ដោយការប្រកួតនោះមានការប្រជែងគ្នាលើយុទ្ធសាស្ត្រ និងការវាយសម្រុកគ្នាទៅវិញទៅមកពីការជ្រើសរើសតួអង្គក្នុងការប្រកួត ដើម្បីប្រជែងដណ្តើមពិន្ទុដ៏សំខាន់ឡើងឈរកំពូលតារាងវគ្គ Regular Season។ ទោះយកឈ្នះលើ CFU ក្រសោបបាន ៣ពិន្ទុ ក៏ពិតមែន តែ Flash នៅតែបន្តឈរនៅចំណាត់ថ្នាក់លេខ ២ កំពូលតារាងបន្ទាប់ពី CFU ខណៈទាំង ២ មាន ១៣ពិន្ទុស្មើគ្នា។
 
លទ្ធផលកូនក្រុមធ្វើបានល្អជាបន្តបន្ទាប់ លោក Lee Xin បានបង្ហាញក្តីរំពឹងថាក្រុមលោកនឹងអាចឈ្នះពានរង្វាន់ MPL KH សារជាថ្មីក្នុងរដូវកាលទី៦។



«ខ្ញុំគិតថាយើងបន្តធ្វើមកបានល្អច្រើន សប្តាហ៍រួចមកហើយ អ៊ីចឹងនៅសប្តាហ៍ចុងក្រោយយើងនឹងនៅតែបន្តធ្វើវាបានល្អជាងនឹងទៀត។ សង្ឃឹមច្រើនទៅលើការឈ្នះពាន តែយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ព្រោះថាយើងបានយល់ពីគ្នាបានច្រើនលើការលេង ហើយក៏បានសិក្សាស្វែងយល់ពីដៃគូប្រកួតរបស់យើងបានច្រើនជាងមុនដូចគ្នា។»។ លោក តែ តិកហេង អ្នកចាត់ការក្រុម និងជាស្ថានិកក្រុម Flash KH បាននិយាយដូច្នេះ។
 
មូលហេតុដែលធ្វើឱ្យលោក Lee Xin ហាក់មានទំនក់ចិត្តខ្ពស់ចំពោះការប្រកួតនៅសប្តាហ៍បន្តបន្ទាប់ ព្រមទាំងនៅវគ្គ Playoffs ព្រោះតែវត្តមានការវិលត្រឡប់របស់កីឡាករជើងចាស់ដែលធ្លាប់ជួយក្រុមលើកពាន ២លើករួចមកហើយ រួមមានកីឡាករ ទី ឧត្តម ហៅ D7 និងកីឡាករ សុខ រដ្ឋ ឬ CCAT កំពុងតែមានទឹកដៃ និងចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយនឹងក្រុមឡើងវិញ។
  


ការប្រកួតវគ្គ ​Regular Season ២ប្រកួតនៅសប្តាហ៍ទី១ Flash KH ហាក់ធ្វើបានមិនល្អដោយភ្លាត់ស្នៀតចាញ់ក្រោមថ្វីដៃក្រុម D-Roar Legends លទ្ធផល ២-១ ក៏ដូចជាចាញ់ក្រុមចំណូលថ្មី Duck Rice Esports លទ្ធផល ២-១ ដូចគ្នា។ 
 
តែយ៉ាងណាការប្រកួត ៤លើកចុងក្រោយក្រុមម្ចាស់ពាន MPL KH ២សម័យមួយនេះ ធ្វើបានល្អឡើងវិញដោយពួកគេបានបំបាកគូប្រកួតដូចជា Team SV លទ្ធផល ២-០, PRO Esports ២-០, See You Soon ក្រុមការពារតំែណងលទ្ធផល ២-១ និង CFU Gaming ក្រុមកំពូលតារាង ២-០។ មួយប្រកួតចុងក្រោយរបស់ Flash KH គឺត្រូវជួបតទល់ជាមួយនឹង Team MAX នៅសប្តាហ៍ក្រោយថ្ងៃទី២៧ ខែមេសា៕






Tag:
 កីឡាអេឡិចត្រូនិក
  តែ តិកហេង
© រក្សាសិទ្ធិដោយ thmeythmey.com