អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូឡូញត្រៀមខ្លួនជាស្រេចអនុញ្ញាតណាតូដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
22, Apr 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។ រូបភាព ៖ AFP
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។ រូបភាព ៖ AFP
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ទីក្រុង Warsaw ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប ប្រសិនបើណាតូសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតFakt ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានបញ្ជាក់ថា រុស្ស៊ីបានផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស។ 
 
លោកសង្កត់ធ្ងន់ថា ៖« ប្រសិនបើសម្ព័ន្ធមិត្តរបស់យើងសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញ ជាផ្នែកនៃផែនការចែករំលែកនុយក្លេអ៊ែរដើម្បីពង្រឹងសន្តិសុខផ្នែកខាងកើតរបស់ណាតូ នោះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើការសម្រេចចិត្តនោះ»។ 
 
ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Duda បានធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉ក ដែលជាកន្លែងលោកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ និងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនជាមួយអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ កាលពីខែមីនា លោកបានទៅក្រុងវ៉ាស៊ីនតោន ហើយបានជួបជាមួយប្រធានាធិបតី លោក ចូ បៃឌិន។
 
បើតាមប្រធានាធិបតីប៉ូឡូញ ការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររវាងប៉ូឡូញ និងអាម៉េរិកបាន កំពុងបន្ត។
 
លោកប្រធានាធិបតី Duda បានសង្កត់ធ្ងន់ថា ៖« ខ្ញុំបាននិយាយរឿងនេះច្រើនដងហើយ។ ខ្ញុំត្រូវតែទទួលស្គាល់ថា នៅពេលត្រូវបានសួរសំនួរនេះ ខ្ញុំបានប្រកាសថា ប៉ូឡូញត្រៀមខ្លួនជាស្រេច។ យើងជាសមាជិកនៃសម្ព័ន្ធភាពយោធាអាត្លង់ទិកខាងជើង ហើយយើងមានកាតព្វកិច្ចរបស់យើង ដែលមានន័យថាប៉ូឡូញគ្រាន់តែអនុវត្តតាមគោលនយោបាយរួមប៉ុណ្ណោះ»។
 
តំបន់ Kaliningrad ជាទឹកដីនៅខាងក្រៅប្រទេសរុស្សី ដែលស្ថិតនៅចន្លោះប្រទេសពីររបស់ណាតូ គឺលីទុយអានី និងប៉ូឡូញ និងមានព្រំប្រទល់ជាប់សមុទ្របាល់ទិក។
 
ប៉ូឡូញ មិនមានអាវុធនុយក្លេអ៊ែរទេ។ លោកប្រធានាធិបតី Duda បាននិយាយកាលពីឆ្នាំ២០២២ ថា លោកកំពុងចរចាជាមួយអាម៉េរិកអំពីការចូលរួមក្នុងកម្មវិធីចែករំលែកអាវុធនុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី។
 
ការពង្រាយនុយក្លេអ៊ែរ ជាផ្នែកមួយនៃគោលនយោបាយរារាំងរបស់ណាតូ ដែលអនុញ្ញាតឱ្យដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសមាជិកដែលមិនមានសមត្ថភាពនេះ។ លើសពីនេះ កម្មវិធីនេះអាចរួមបញ្ចូលសកម្មភាពដូចជាការផ្តល់យន្តហោះអមដំណើរ ឬឈ្លបយកការណ៍ ដើម្បីបំពេញបេសកកម្មនុយក្លេអ៊ែរ។
 
ក្នុងចំណោម មហាអំណាចនុយក្លេអ៊ែរទាំងបីរបស់ណាតូមានបារាំង អង់គ្លេស និងអាម៉េរិក មានតែអាម៉េរិកទេដែលអនុវត្តការចែករំលែកនុយក្លេអ៊ែរ។ នៅក្នុងកិច្ចប្រជុំកំពូលចុងក្រោយរបស់ណាតូនៅទីក្រុង Vilnius សម្ព័ន្ធមិត្តបានសន្យាថានឹង ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានានូវភាពជឿជាក់ ប្រសិទ្ធភាព និងសុវត្ថិភាពនៃបេសកកម្មទប់ស្កាត់នុយក្លេអ៊ែរ។
 
គួរបញ្ជាក់ថា រុស្ស៊ីកាលពីឆ្នាំមុនបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្ស បន្ទាប់ពីទីក្រុង Minsk បានស្នើសុំម្តងហើយម្តងទៀតដោយលើកឡើងពីគោលនយោបាយឈ្លានពានពីលោកខាងលិច និងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់អាម៉េរិកនៅអឺរ៉ុប។ អាម៉េរិក និងសហភាពអឺរ៉ុបបានថ្កោលទោសកិច្ចព្រមព្រៀងនេះ ដោយនិយាយថា វិធានការណ៍នេះបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។
 
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ចំណាត់ការរបស់រុស្ស៊ី គឺមិនខុសពីការដែលអាម៉េរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសសមាជិក NATO ចំនួន ៥ គឺបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគីនោះទេ៕
 

Tag:
 ប៉ូឡូញ
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com