ជាតិ
BeachAtlas៖ ឆ្នេរឯកោនៅកោះរ៉ុង ជាប់ក្នុងចំណោមឆ្នេរកំពូលទាំង១០០លើពិភពលោក 23, Apr 2024 , 3:37 pm
× ឆ្នេរឯកោ (Lonely Beach) ដែលស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានចូលក្នុងបញ្ជីឆ្នេរសមុទ្រកំពូលទាំង១០០លើពិភពលោក (Top Beaches in the World) នៃពាន Golden Beach Award ឆ្នាំ២០២៤។
រៀបចំដោយ BeachAtlas ធុរកិច្ចថ្មី ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ «ឆ្នេរឯកោ» ជាប់ក្នុងចំណាត់ថ្នាក់លេខ៦៧លើពិភពលោក និងស្ថិតក្នុងចំណោមឆ្នេរចំនួន១៦នៅអាស៊ី នៃបញ្ជីឆ្នេរកំពូលទាំង១០០។
ពាន Golden Beach Award ជាលើកដំបូងនេះ មានការចូលរួមបោះឆ្នោតជ្រើសរើសពីសំណាក់អ្នកជំនាញផ្នែកទេសចរណ៍ បុគ្គលល្បីៗ និងមានប្រជាប្រិយលើបណ្តាញអ៊ីនធ័រណិតជាង៤០នាក់ពីទូទាំងពិភពលោក ដោយផ្តោតលើលក្ខណៈវិនិច្ច័យចំនួន៦ គឺ សម្រស់ដើមដ៏ទាក់ទាញ, បរិយាកាសល្អសម្រាប់ពិធីជប់លៀង និងការរស់នៅ, ភាពចម្រុះ សមធ៌ម បរិយាបន្ន (????????????), សហគមន៍, ធម្មជាតិចម្រុះ និងភាពលេចធ្លោនៃវប្បធម៌។
BeachAtlas ប្រៀបប្រដូចឆ្នេរឯកោ ដូចជាត្បូងដែលលាក់កំបាំងនៅភាគខាងជើងនៃកោះរ៉ុង។ ឆ្នេរទេសចរណ៍មួយនេះ ជាឋានសួគ៌ពិតមួយ ដែលវាលខ្សាច់សស្រទន់ ទឹកថ្លាវ៉ង់ និងលម្អដោយពិភពដើមត្នោត។
ក្រុមហ៊ុនទេសចរណ៍ជំនាញផ្នែកឆ្នេរសមុទ្រ បានបរិយាយអំពីឆ្នេរឯកោថា៖ «វាជាពិភពដ៏ស្ងប់ស្ងាត់មួយ ដោយមានតែសំឡេងយំសត្វចង្រិតប៉ុណ្ណោះ ដែលអាចនាំអារម្មណ៍យើងចេញពីពិភពដ៏ស្ងប់ស្ងាត់នោះ»។
ឆ្នេរ Bora Bora ដែលស្ថិតនៅប៉ូលីណេស៊ីបារាំង ដែនកោះតូចមួយនៅប៉ាស៊ីហ្វិកខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១លើតារាង។ ឆ្នេរ Boulders នៅអាហ្វ្រិកខាងត្បូង ស្ថិតនៅលេខ២ និងឆ្នេរ Waikiki នៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក ឈរចំណាត់ថ្នាក់លេខ៣៕
© រក្សាសិទ្ធិដោយ thmeythmey.com