សង្គមអន្តរជាតិ​
អន្តរជាតិ
បុរសម្នាក់រួចទោសពីបទបើកបរដោយគ្រឿងស្រវឹង ក្រោយរកឃើញសារពាង្គកាយផលិតអាល់កុលខ្លួន
23, Apr 2024 , 4:21 pm        
រូបភាព
ប៉ូលិស​បែលហ្ស៊ិក​ពិនិត្យ​កម្រិត​ជាតិ​អាល់កុល​របស់​អ្នកបើកបរ។ រូបភាព ៖ Belga
ប៉ូលិស​បែលហ្ស៊ិក​ពិនិត្យ​កម្រិត​ជាតិ​អាល់កុល​របស់​អ្នកបើកបរ។ រូបភាព ៖ Belga
បុរសបែលហ្ស៊ិកវ័យ ៤០ឆ្នាំម្នាក់ ត្រូវបានលើកលែងទោសពីបទបើកបរក្នុងស្ថានភាពស្រវឹង ដោយសារគ្រូពេទ្យបញ្ជាក់ថា រាងកាយរបស់លោកមានអាការៈផលិតជាតិអាល់កុលដោយស្វ័យប្រវត្តិ។
 
មេធាវី Anse Ghesquiere បាននិយាយនៅថ្ងៃទី២២ ខែមេសា​ ថា តុលាការក្រុង Bruges បានដោះលែងកូនក្តីរបស់នាងបន្ទាប់ពីចៅក្រមបានកាត់ក្តី ថាមិនមានអាការៈនៃការស្រវឹងទេ ប៉ុន្តែគ្រាន់តែទទួលរងពីអាការៈនៃការផលិតជាតិអាល់កុលដោយស្វ័យប្រវត្តិ (Auto Brewery Syndrome -ABS) ដែលជាលក្ខខណ្ឌដ៏កម្របំផុតនៅក្នុងសារពាង្គកាយរបស់មនុស្សធ្វើឲ្យកម្រិតអេតាណុលក្នុងឈាមខ្ពស់។
 
វេជ្ជបណ្ឌិតឯករាជ្យចំនួន៣នាក់បានបញ្ជាក់ថា បុរសនោះមានរោគសញ្ញា ABS ។ ជាការចៃដន្យដែលកូនក្តីរបស់ Ghesquiere ក៏ធ្វើការនៅក្នុងរោងចក្រផលិស្រាបៀ។ នេះបើតាមេធាវី Ghesquiere ប្រាប់សារព័ត៌មាន​ Reuters ។ បើតាមសារព័ត៌មាន​ ABC នៅលើពិភពលោកមានមនុស្សប្រមាណ ២០នាក់ប៉ុណ្ណោះដែលមានអាការៈបែបនេះ។ 
 
បុរសម្នាក់នោះត្រូវបានធ្វើតេស្តជាតិអាល់កុលដោយប៉ូលីសកាលពីខែមេសា ឆ្នាំ២០២២  ហើយទទួលកម្រិតកំហាប់ជាតិអាល់កុលក្នុងខ្យល់ ០,៩១មីលីក្រាមក្នុងមួយលីត្រខ្យល់។ មួយខែក្រោយមក លោកត្រូវបានធ្វើតេស្តម្តងទៀត ហើយបានរកឃើញថាមានកំហាប់ជាតិអាល់កុល ០,៧១មីលីក្រាម។
 
បែលហ្ស៊ិកបានកំណត់កំហាប់ជាតិអាល់កុលក្នុងសារពាង្គកាយដែលអនុញ្ញាតឲ្យបើកបរត្រឹម ០,២២មីលីក្រាមក្នុង១លីត្រខ្យល់ ដែលត្រូវគ្នាទៅនឹងកំហាប់ជាតិអាល់កុលក្នុងឈាម ០,៥ក្រាមក្នុង១លីត្រឈាម។ ក្នុងឆ្នាំ ២០១៩ បុរសនេះត្រូវបានផាកពិន័យ ហើយត្រូវបានព្យួរប័ណ្ណបើកបរ ទោះបីជាលោកអះអាងថា លោកមិនផឹកស្រាក៏ដោយ។
 
បុរស​នោះ​មិន​បាន​ដឹង​ពី​រោគ​សញ្ញា​របស់ខ្លួន​ទេ ​មុន​ពេល​លទ្ធផល​តេស្ត​ថ្មីៗ។ លោកបានអនុវត្តធ្វើតាមរបបអាហារដោយហូបកាបូអ៊ីដ្រាតទាប ដើម្បីការពារក្រពះពីការផលិតជាតិអាល់កុលច្រើន។
 
លោកស្រី Lisa Florin អ្នកជីវវិទូនៅគ្លីនិក AZ Sint-Lucas បាននិយាយថា អ្នកដែលមានរោគសញ្ញា ABS ផលិតជាតិអាល់កុលតាមធម្មជាតិដូចនៅក្នុងភេសជ្ជៈដែលមានជាតិអាល់កុល ប៉ុន្តែមិនសូវប៉ះពាល់ទេ។ នេះ​មិន​មែន​ជា​ជំងឺ​ពី​កំណើត​ទេ ប៉ុន្តែ​អាច​កើត​ឡើង​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​ជំងឺ​ពោះវៀន។ អ្នកជំងឺអាចបង្ហាញអាការៈស្រដៀងទៅនឹងការពុលស្រា រួមមានការនិយាយមិនច្បាស់ វិលមុខ និងក្រហាយជាដើម៕ 

Tag:
 បែលហ្ស៊ិក
  អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com