ជាតិ
ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាជាង១០០បំណែក នៅប្រាសាទតាព្រហ្ម
30, Apr 2024 , 6:59 pm        
រូបភាព
បំណែកពុទ្ធបដិមាដែលប្រទះឃើញនៅប្រាសាទតាព្រហ្ម
បំណែកពុទ្ធបដិមាដែលប្រទះឃើញនៅប្រាសាទតាព្រហ្ម
ដោយ: ថ្មីៗ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញ បានប្រទះឃើញបំណែកពុទ្ធបដិមាជាង១០០បំណែក ធ្វើពីថ្មភក់ ដែលកប់ក្នុងបរិវេណប្រាសាទតាព្រហ្ម។
 
យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមា​ធ្វើពីថ្មភក់​ ជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលកំពុងជីកដី​ធ្វើកំណាយ​ សម្រាប់ស្រាវជ្រាវកាលពីពេលថ្មីៗនេះ។ បំណែកពុទ្ធបដិមាទាំងនោះស្ថិតក្នុង រចនាបថបាយ័ន និងមានកម្ពស់ពី៤០ទៅ៥០សង់ទីម៉ែត្រ។
 
តាមអាជ្ញាធរជាតិអប្សរាដដែល បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។
 

បរិវេណដែលប្រទះឃើញពុទ្ធបដិមា

បើតាមការបញ្ជាក់ពីបុរាណវិទូ លោកស្រី នេត ស៊ីមន ដំបូងក្រុមការងារបានទៅបោសសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀម​របស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ 
 
លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា៖«  ដោយសារតែក្រុមការងារប្រទះឃើញ​បំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដី​បន្ថែមទៀត នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក»។
 
យ៉ាងណាមិញ មន្រ្តីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គេមិនទាន់ដឹងច្បាស់រហូតមកដល់ពេលនេះ តើក្នុងជម្រៅដី​ចុះទៅក្រោមទៀត អាច​នៅតែមានបដិមាដែរឬ​ក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើន​ដែលគេបានប្រទះឃើញនោះ មកគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាត​ជាបណ្តោះអាសន្ន។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕
 
បរិវេណដែលប្រទះឃើញពុទ្ធបដិមាកប់ក្រោមដីនៅប្រាសាទតាព្រហ្ម 

© រក្សាសិទ្ធិដោយ thmeythmey.com