ជាតិ
ទូតអាមេរិក មានអនុស្សាវរីយ៍ជាច្រើននៅប្រាសាទ និងស្រឡាញ់ខេត្តសៀមរាបជាងគេ
30, Apr 2024 , 5:39 pm        
រូបភាព
សៀមរាប៖ លោក Patrick Murphy បានរៀបរាប់អនុស្សាវរីយ៍មួយចំនួន ដែលលោកមាន​នៅខេត្តសៀមរាប អំឡុងកាន់តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រមាណ៥ឆ្នាំនេះ។
 
លោក Patrick Murphy ចូលចិត្តមកកម្សាន្តនៅខេត្តសៀមរាបជាងគេ។ ក្រៅពីបំពេញការងារ លោកក៏មានពេលវេលាផ្ទាល់ខ្លួន មួយចំនួនទៀតដូចជា ការចូលរួមក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុន​ជាដើម។ លោកទូតចាប់អារម្មណ៍ថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង យល់ពីតម្លៃនៃសុខភាព និងចូលរួមលេងកីឡាកាន់តែច្រើន។ លោក Patrick Murphy ចាត់ទុកព្រឹត្តិការណ៍រត់ម៉ារ៉ាតុន ជាពេលវេលាដែលបានជួយឱ្យលោក ​អាចជួបជជែកជាមួយមនុស្សជាច្រើន​ផងដែរ។
 
ជាមួយគ្នានេះ លោក Patrick Murphy ប្រាប់ថា លោកចូលចិត្តមើលការសម្ដែងរបស់​ក្រុមហ្វារពន្លឺសិល្បៈ, ទស្សនាសារមន្ទីរ, ចូលចិត្តអាហារនៅសៀមរាប និងការដើរមើលសត្វស្លាប ដែលលោកយល់ថា នៅទីនេះមានសត្វស្លាបជាច្រើន ដែលប្រទេសក្នុងតំបន់ខ្លះមិនមាន។ 

លោក Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ នាខេត្តសៀមរាប។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ មេសា នៅបណ្ណាល័យអាមេរិក (American Corner) ទីក្រុងសៀមរាប លោក Patrick Murphy​ ក៏បានបង្ហាញអារម្មណ៍រីករាយក្នុងអាណត្តិការងាររបស់លោក ដែលបានជួយលើការងារអភិរក្ស និងប្រសើរឡើងវិញនៃសំណង់ប្រាសាទខ្មែរ រួមមានគម្រោងជួសជុល ប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារជាដើម។ ជាអ្នករៀនប្រវត្តិសាស្រ្ត និងស្រឡាញ់វិស័យនេះ លោកទូតប្រាប់ថា លោកចូលចិត្តដើរតាមប្រាសាទ និងទស្សនារឿងរ៉ាវនៅតាមចម្លាក់ជញ្ជាំង យ៉ាងយកចិត្តទុកដាក់។ រាល់ពេលលោកបានដើរមើលប្រាសាទម្ដងៗ លោកតែងរៀន និងដឹងរឿងរ៉ាវ​នៅប្រាសាទ​​ទាំងនោះ ពិសេសប្រវត្តិសាស្រ្ត និងជីវភាពរស់នៅរបស់ពលរដ្ឋនៅសម័យបុរាណ។
 
គួរបញ្ជាក់ថា លោក Patrick Murphy ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅខែសីហា ឆ្នាំ២០១៩។ យ៉ាងណា ពេលវេលាជាក់លាក់នៃការចាកចេញរបស់លោក មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។ អ្នកដែលនឹងមកជំនួសតួនាទីរបស់ លោក Patrick Murphy គឺលោក Robert Forden មានតួនាទីជាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕

Tag:
 Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com