ជាតិ
រដ្ឋមន្រ្តីអប់រំ ថា យុគសម័យ Facebook ព័ត៌មានផ្សព្វផ្សាយដូចព្យុះ
03, May 2024 , 9:51 am        
រូបភាព
បច្ចុប្បន្ននេះ ព័ត៌មានផ្សព្វផ្សាយដូចព្យុះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងបែបនេះ នៅលើហ្វេសប៊ុក នាទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នាថ្ងៃទី៣ ឧសភា។


«យុគសម័យ Facebook គឺជាយុគសម័យនៃសេរីភាពនៃសារព័ត៌មាន»។ នេះជាលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន ដែលបានបន្ថែមថា យុវជន ៩៩,៩៩ភាគរយ ទទួលព័ត៌មានពីហ្វេសប៊ុក ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ចង់សរសេរអ្វីក៏បាន។
 
បើតាមរដ្ឋមន្ត្រីអប់រំ បណ្ដាញសង្គមហ្វេសប៊ុកនេះ បានធ្វើឱ្យព័ត៌មានផ្សព្វផ្សាយលឿនដូចព្យុះ ខណៈអ្នករៀបចំគោលនយោបាយត្រូវតាមដាន និងឆ្លើយតបជាប្រចាំ។ 
ដោយសារតែព័ត៌មានផ្សព្វផ្សាយលឿនពេក លើបណ្ដាញសង្គមនេះ វាក៏បានធ្វើឱ្យនិយមន័យនៃសារព័ត៌មាន ត្រូវបានផ្លាស់ប្ដូរដែរ ហើយពលរដ្ឋគ្រប់រូប បានក្លាយជាអ្នកសារព័ត៌មាន។ រដ្ឋមន្រ្តីអប់រំបន្ថែម។
 
ពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញពលរដ្ឋ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បានថតរូបភាព និងវីដេអូ បង្ហោះលើហ្វេសប៊ុក ជុំវិញសកម្មភាព និងព្រឹត្តិការណ៍នានា ។ ប៉ុន្តែរូបភាព និងវីដេអូទាំងនោះ មានខ្លះជាព័ត៌មានពិត និងខ្លះទៀត ជាព័ត៌មានមិនពិត។ ដ្បិតព័ត៌មានពិតខ្លះ មិនពិតខ្លះ តែវាបានជំរុញឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចេញសកម្មភាពស្រាវជ្រាវ និងដោះស្រាយបញ្ហាទាំងនោះ ដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ឱ្យទាន់សភាពការណ៍។
 
កន្លងមក ក៏មានអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត លើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅអប់រំណែនាំ តាមពិន័យរដ្ឋបាល ឬចាប់ឃុំខ្លួន ក្រោមបទចោទញុះញង់ឱ្យមានការរើសអើងជាដើមម ៕

Tag:
 ហង់ ជួន ណារ៉ុន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com