ជាតិ
សង្គមជាតិ
ដើមកំណើតកាសែតភាសាខ្មែរ និងបារាំងនៅកម្ពុជា
03, May 2024 , 11:29 am        
រូបភាព
ភ្នំពេញ៖ សារព័ត៌មាន«នគរវត្ត»ចាប់ផ្តើមចេញផ្សាយនៅឆ្នាំ​១៩៣៦ រីឯ សារព័ត៌មាន«កម្ពុជា» ចេញផ្សាយនៅឆ្នាំ​១៩៤៦។ មុនឆ្នាំ​១៩៣៦ ឬអាចថា មុនឆ្នាំ​១៩២៥ ប្រទេសកម្ពុជាមាន​កាសែត​ជាភាសាបារាំងចំនួនពីរដែលមាន​ឈ្មោះថា L’Avenir du Cambodge និង​ L’Echo du Cambodge​។ L’avenir du Cambodge មានន័យថា អនាគតកម្ពុជា រីឯ L’écho du Cambodge មានន័យថា សំឡេងកម្ពុជា។


លោកបណ្ឌិតប្រវត្តិសាស្រ្តខ្មែរ​ ស៊ន សំណាង ធ្លាប់បានឲ្យដឹងថា សារព័ត៌មានជា​ភាសាបារាំង​ទាំងពីរនេះ ដឹកនាំដោយជនជាតិបារាំងដោយ​មាន​ការចូលរួមពីអ្នកសារព័ត៌មានខ្មែរ។ បើ​យោងតាមលោក សំណាង, សារព័ត៌មាន L’Avenir du Cambodge et L’Echo du Cambodge បានបង្កើតឡើងនៅមុនឆ្នាំ​១៩២៥ ព្រោះ សារព័ត៌មានទាំងពីរនេះ បានសរសេរពី​ប្រវត្តិ​​នៃការសម្លាប់លោករ៉េស៊ីដង់ បាដែស (ជនជាតិបារាំង) នៅក្នុងខេត្តកំពង់ឆ្នាំនៅឆ្នាំ​១៩២៥ ដោយ​សារ​រដ្ឋបាល​បារាំង​ជំនាន់នោះដំឡើងពន្ធដារ​។ លោក បាដែស មានតួនាទី​ដូច​ជា​ចៅហ្វាយខេត្ត ឬជា​ចៅហ្វាយ​តំបន់នាសម័យនោះ(ជំនាន់បារាំង)។ តែត្រង់ថា កាសែត L’avenir du Cambodge និង​ L’écho du Cambodge បង្កើតនៅឆ្នាំណាឲ្យពិតប្រាកដនោះ  គ្មាន​នរណាអាចបញ្ជាក់បានឡើយ។ 
 
លោក ស៊ន សំណាង បណ្ឌិតប្រវត្តិសាស្រ្តខ្មែរ​ ធ្លាប់បានអោយដឹងថា កាសែតប្រចាំ​សប្តាហ៍ខ្មែរទី១​ឈ្មោះ«នគរវត្ត»ជាភាសាខ្មែរ​​ត្រូវ​បាន​​បង្កើតឡើងនៅឆ្នាំ​ ១៩៣៦​ នៅទីក្រុងភ្នំពេញ​ដោយមាន​ចាងហ្វាង​ឈ្មោះ ប៉ាច ឈឺន។ លោក ប៉ាច ឈឺន ​ទទួល​បានមនោគមន៍វិជ្ជា​ប្រជាធិបតេយ្យ​ច្រើនពីប្រទេសបារាំង មុនពេលដែលគាត់សម្រេចចិត្ត​បង្កើតកាសែតសន្លឹក​នៅឆ្នាំ​១៩៣៦។ ថ្ងៃបង្កើតសារព័ត៌មាន «នគរវត្ត» ត្រូវបានគេ​ផ្តល់ព័ត៌មានពីរផ្សេងគ្នា។ មតិទី១ថា សារព័ត៌មាន នគរវត្ត បាន​បង្កើតឡើង​នៅថ្ងៃទី​១៩ខែធ្នូឆ្នាំ​១៩៣៦ តែមតិទី២ថា កាសែតនេះ បាន​បង្កើតឡើង​នៅថ្ងៃទី​២៦ខែធ្នូឆ្នាំ​១៩៣៦។ 
 
លោក ប៉ាច ឈឺន គឺជា​អតីតអ្នកបកប្រែអោយរដ្ឋបាលបារាំងក្នុង​សង្រ្គាមលោកលើកទី​១​ពីឆ្នាំ​១៩១៤-១៩១៨។ ក្នុង​បេសកកម្មរបស់លោកនៅក្នុងប្រទេសបារាំងក្នុង​នាមជាអ្នកបកប្រែ​ឲ្យរដ្ឋបាលបារាំង លោកបានរៀនសូត្រ​មនោគមន៍វិជ្ជា​ប្រជាធិបតេយ្យជា​ច្រើនពី​ប្រទេស​បារាំង ហើយលោកក៏ជា​អ្នកប្រឆាំងនឹងអាណានិគមនិយម​បារាំង​ដ៏ខ្លាំងក្លាម្នាក់​ដែរ។ អាចារ្យ ហែម ចៀវ ដែលជាបញ្ញវន្ត​ប្រឆាំងនឹងបារាំងដែរនោះ ក៏បាន​ចូលរួម​បង្កើតការសែត«នគរវត្ត» នោះដែរ។ 
 
លោក ស៊ន សំណាង បានកត់សម្គាល់ថា អ្នកសំណេរកាលនោះភាគច្រើនដាក់ឈ្មោះដូចជា អាចារ្យ កង អាចារ្យ កុយ។ល។
 
សូមបញ្ជាក់ថា មុនមានវត្តមានសារព័ត៌មានជាភាសាខ្មែរ​ជាផ្លូវការនៅឆ្នាំ​១៩៣៦ និងឆ្នាំ​១៩៤៦ បទបញ្ជាផ្សេងៗពីរដ្ឋាភិបាល​ត្រូវបានគេ​ផ្សព្វផ្សាយតាមរយៈ​សេវារដ្ឋបាលរបស់រដ្ឋ ឬជាភាសា​បារាំងនៅក្នុងកាសែតជាភាសាបារាំង។ 
 
(រូបភាពផ្តល់ឲ្យដោយលោកបណ្ឌិតប្រវត្តិសាស្រ្តខ្មែរ​ ស៊ន សំណាង)។ 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com