ជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖ បញ្ហាហិរញ្ញវត្ថុ និងវិជ្ជាជីវៈ ជាបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មាន
03, May 2024 , 11:59 am        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី របាយការណ៍ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីថ្ងៃទី៣០ មេសា ២០២៤។។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី របាយការណ៍ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីថ្ងៃទី៣០ មេសា ២០២៤។។
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កេតឃើញបញ្ហាប្រឈមរបស់ស្ថានប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺវិបត្តិហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈ។
 
ក្នុងសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយពីរបាយការណ៍ ស្ដីពី សេរីភាពសារព័ត៌មាន កាលពីថ្ងៃទី៣០ មេសា លោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្នស្ថាប័នសារព័ត៌មាន រស់ពឹងផ្អែកចំណូលពាណិជ្ជាកម្ម បានជួបវិបត្តិហិរញ្ញវត្ថុ ពិសេសចាប់តាំងពីអំឡុងពេលកូវីដ-១៩ រហូតដល់សព្វថ្ងៃនេះ។ វិបត្តិនេះ បានធ្វើឱ្យស្ថាប័នសារព័ត៌មានជាច្រើន បានកាត់បន្ថយចំនួនបុគ្គលិក ហើយខ្លះទៀត បានបិទដំណើរការ។ ជាក់ស្ដែង ដូចស្ថាប័នរស្មីកម្ពុជា និងភ្នំពេញប៉ុស្តិ៍ជាដើម។ 
 
បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានមួយទៀត គឺកង្វះវិជ្ជាជីវៈ រួមជាមួយនឹងក្រមសីលធម៌។ ករណីនេះ ធ្វើឱ្យមានវិវាទ រហូតដល់មានការប្ដឹងផ្ដល់ទៀតផង។ ជាក់ស្ដែង នៅឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានទទួលពាក្យបណ្ដឹងពីប្រភពព័ត៌មាន៧៩ករណី។ នេះបើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា ដោយបន្ថែមថា ដោយសារបញ្ហានេះ ទើបធ្វើឱ្យមហាជនលែងសូវឱ្យតម្លៃវិស័យសារព័ត៌មាន។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី នឹងរៀបចំពង្រឹងវិស័យនេះឡើងវិញ តាមរយៈធ្វើវិសោធនកម្មច្បាប់ និងរៀបចំនីតិវិធីបណ្ដុះបណ្ដាល ដល់អ្នកសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ 
 
តាមការស្ទង់មតិរបស់ក្រសួងព័ត៌មាន ក្នុងចំណោលអ្នកសារព័ត៌មាន៣៤១នាក់ មាន៩៥ភាគរយ បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសំបូរបែបនៅកម្ពុជា នាពេលបច្ចុប្បន្ន បានចូលរួមលើកម្ពស់សេរីភាពសារព័ត៌មាន។ ជាមួយគ្នានេះ មានអ្នកសារព័ត៌មាន៨១,២ភាគរយ រកឃើញថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំង ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ចំណែក ៩២,១ ភាគរយ គាំទ្រឱ្យក្រសួងអនុវត្តតាមនីតិវិធីច្បាប់ លើអ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ 
 
យ៉ាងណាក៏ដោយ តាមការស្ទង់មតិ អ្នកសារព័ត៌មានជាង៣០០នាក់ខាងលើ មាន៩៩,៤ភាគរយហើយ គាំទ្រឱ្យមានការបណ្ដុះណ្ដាលបន្ថែម ដើម្បីបង្កើនគុណភាពព័ត៌មាននៅកម្ពុជា៕ 
 

Tag:
 សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com