ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជាវ តាយ អតីតអភិបាលខេត្តកំពត និងពោធិ៍សាត់ ទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ
03, May 2024 , 2:48 pm        
រូបភាព
លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តកំពត បន្ទាប់មកពោធិ៍សាត់ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី១ ខែឧសភា ក្នុងអាយុ៥៧ឆ្នាំ ដោយរោគាពាធ។


លោក ជាវ តាយ ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តកណ្តាល មុនពេលលោកក្លាយជាអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា តាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណាព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ទៅជាអភិបាលខេត្តពោធិ៍សាត់ ហើយលោក ម៉ៅ ធនិន ទៅកាន់ខេត្តកំពតវិញ។

នៅខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ស ខេង ដែលកាលណោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្តេច ហ៊ុន សែន សុំដោះដូរលោក ជាវ តាយ ពីអភិបាលខេត្តពោធិ៍សាត់ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយស្នើដាក់លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ជំនួសវិញ។

សម្តេច ស ខេង បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការដោះដូរនេះ គឺធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ ដោយសារលោកត្រូវការពេលវេលាសម្រាកព្យាបាលជំងឺ។

សព លោក ជាវ តាយ ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅថ្ងៃទី៦ ខែឧសភា។

ក្នុងសាររំលែកទុក្ខជូនលោកស្រី លាង ហៃ ភរិយាលោក ជាវ តាយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការសោកស្តាយ ហើយចាត់ទុកការបាត់បង់លោក ជាវ តាយ ជាការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប៕


© រក្សាសិទ្ធិដោយ thmeythmey.com