ជាតិ
វីដេអូ
យុវជនជនជាតិដើមភាគតិច ជួន ខ្វិត ចង់ក្លាយជាអ្នកព័ត៌មានអាជីពមួយរូប
03, May 2024 , 3:16 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល២ខែហើយ ដែលយុវជន ជួន ខ្វិត បានចាកចេញពីស្រុកកំណើត មករាជធានីភ្នំពេញលើកដំបូងបំផុតក្នុងជីវិត។ វ័យ២៤ឆ្នាំ ខ្វិត មិនដែលបានមករាជធានីភ្នំពេញនោះទេ។ ជនជាតិដើមភាគតិចពូនងរូបនេះ កំពុងហ្វឹកហាត់ការងារជាអ្នកសារព័ត៌មាននៅសារព័ត៌មានឌីជីថលថ្មីៗ។
 
 
ជួន ខ្វិត បានបញ្ចប់ការសិក្សាថ្នាក់ទី១២ កាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារជីវភាពក្រីក្រ ខ្វិត ត្រូវបង្ខំចិត្តនៅស្រុកកំណើតដើម្បីធ្វើចម្ការជាមួយឪពុកម្ដាយ។ យុវជនរូបនេះ ត្រូវរង់ចាំពេលវេលា និងថវិកា ដែលអង្គការ ជួយឧបត្ថម្ភ ទើបអាចមកបំពេញការងារនៅរាជធានីភ្នំពេញ។ 
 
យុវជន ជួន ខ្វិត បញ្ជាក់ពីមូលហេតុមិនបានរៀនសូត្របន្តដូច្នេះ៖ «ខ្ញុំ ចង់រៀននៅសាកលវិទ្យាល័យដែរ ក៍ប៉ុន្តែខ្ញុំអត់មានថវិកា។ ភូមិរបស់ខ្ញុំ អ្នកបានរៀនចូលសកលវិទ្យាល័យប្រមាណ ៥ ទៅ៦នាក់ប៉ុណ្ណោះ។»
 
ដើម្បីមានថវិកាសិក្សានៅសាកលវិទ្យាល័យ យុវជនរូបនេះ រំពឹងលើការងារប៉ុណ្ណោះ ប៉ុន្តែគ្មានបទពិសោធន៍ការងារ ខ្វិត បានខ្មីឃ្មាតរកកន្លែងហ្វឹកហាត់ការងារ ដើម្បីមានចំណេះ និងជំនាញ។ 
 
«ខ្ញុំចង់រៀនសរសេរព័ត៌មាន ដោយសារ នៅភូមិរបស់យើង មានបញ្ហាដីធ្លី។ ភូមិរបស់យើងនៅឆ្ងាយពីក្រុង មិនសូវមានអ្នកយកព័ត៌មាននៅតាមភូមិទេ។» យុវជនមកពីខេត្តមណ្ឌលគិរីរូបនេះ បញ្ជាក់ដូច្នេះ។  
 
ជួន ខ្វិត បានមករៀននៅសរសេរព័ត៌មាន និងចង់ដឹងអ្វីថ្មីៗ។ យុវជនសុភាពរូបនេះ ចង់ឱ្យក្មេងៗជំនាន់ក្រោយមករៀនព័ត៌មានដែរ។ «កន្លែងខ្ញុំរៀនសរសេរព័ត៌មាននេះ គឺមានអ្នកកាសែតច្រើន ខ្ញុំចង់ចេះពូកែដូចគេដែរ ដើម្បីជួយផ្សព្វផ្សាយជនជាតិដើម ឱ្យបរទេសស្គាល់។ ខ្ញុំចង់ក្លាយជាអ្នកកាសែតជនជាតិដើមភាគតិចព្នង ដូចអ្នកកាសែតខ្មែរដែរ។»​ លោក ជួន ខ្វិត រៀបរាប់ពីបំណងអនាគតដូច្នេះ៕ 
 

Tag:
 ជនជាតិដើមភាគតិច
  ព្នង
  ពូនង
© រក្សាសិទ្ធិដោយ thmeythmey.com