កីឡាជាតិ
ជាតិ
ក្រោយលើកពាន​សម្តេច ហ៊ុន សែន ព្រះខ័នរាជស្វាយ​រៀង ត្រូវការ៤ពិន្ទុទៀតដើម្បីក្លាយជាម្ចាស់ជើងឯកលីគ
04, May 2024 , 9:19 am        
រូបភាព
ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត
ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត
៤ក្រុមកំពូលតារាង ដែលត្រូវទាត់ខ្វែងមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត។ វគ្គទាត់ខ្វែង មាន៣ប្រកួត។ ក្នុងចំណោម៤ក្រុមនោះ ព្រះខ័នរាជស្វាយរៀង ត្រូវការតែ៤ពិន្ទុបន្ថែម ប៉ុណ្ណោះ។ ក្នុងសប្ដាហ៍ទី២៨  ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះជាមួយបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចល្ងាច​ថ្ងៃទី៤ ខែឧសភា នេះ ទន្ទឹមពេល ភ្នំពេញក្រោន បើកទ្វាកីឡដ្ឋាន Smart RSN ស្វាគមន៍វិសាខា។


ក្នុងវគ្គ៤ក្រុមនេះ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន គឺជាបេក្ខភាពដណ្ដើមជើងឯក និងជើងឯករង ដោយសារពិន្ទុឈ្នះដាច់ វិសាខា​ និងបឹងកេត ដែលកំពុងប្រជែងយកចំណាត់ថ្នាក់លេខ៣។ ព្រះខ័នរាជស្វាយរៀង មាន៦៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន ក្រុមការពារតំណែងជើងឯក មាន៦៤ពិន្ទុ។
 
ក្រុមដែលមានទីតាំងនៅខេត្តស្វាយរៀងនេះ ត្រូវការតែ៤ពិន្ទុប៉ុណ្ណោះ។ ចំណែកភ្នំពេញក្រោន នឹងបាត់បង់ឱកាសប្រជែងជើងឯក ប្រសិនជាចាញ់ប្រកួតណាមួយ ក្នុងចំណោម ៣ប្រកួតដែលនៅសល់នេះ។
 
ចំណែកជ័យលាភីលេខ៣ វិសាខា និង បឹងកេត កំពុងប្រដេញពិន្ទុគ្នា យ៉ាងប្រកៀកប្រកិត។ វិសាខា មាន៤៤ពិន្ទុ រីឯបឹងកេត មាន៤១ពិន្ទុ។
 
ដោយឡែក ក្នុងសប្ដាហ៍ទី២៨ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:០០ ល្ងាច។ ៣ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ក្នុងលីគនារដូវកាលនេះ បឹងកេត ចាញ់១ និងស្មើ២។ តើបឹងកេត អាចក្លាយជាឆ្អឹងទទឹងករបស់ស្វាយរៀង ក្នុងការរក៣ពិន្ទុបន្ថែម ដែរឬទេ?
 
ក្នុងពេលទន្ទឹមគ្នានោះ ភ្នំពេញក្រោន ទទួល វិសាខា នៅកីឡដ្ឋាន Smart RSN។ ខណៈក្រុមម្ចាស់ផ្ទះ មានការប្រកួតសំខាន់ៗ កីឡាករ Andres Neito ខ្សែបម្រើដ៏ល្អតាំងពីដើមរដូវកាល ត្រូវអវត្តមាន ដោយសារតែរបួសទ្រនាប់ជើងខាងស្ដាំ និងត្រូវវះកាត់ភ្លាមៗ។ យ៉ាងណាមិញ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នៅតែអាចទប់ស្ថានការបាន ព្រោះមានកីឡាករអាចជំនួសតំណែង Neito ជាបណ្ដោះអាសន្ន៕

Tag:
 Cambodian Premier Leauge
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com