CAMSOC ផ្តើមរកមូលនិធិ១លានដុល្លារ ទ្រទ្រង់អត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេម
ដោយ: ទេព ពិទូរ្យ​​     15, Feb 2023 , 3:09 pm        
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម​​​ និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) សហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ផ្តើមយុទ្ធនាការរកមូលនិធីពីមហាជន និងអ្នកជំនួញធំៗ ដើម្បីប្រមូលប្រាក់ឱ្យបាន១លានដុល្លារតាមគោលដៅ ដើម្បីបន្ថែមការផ្គត់ផ្គង់ទៅអត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លោក  វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC អំពាវនាវឱ្យមានការចូលរួមបរិច្ចាគឱ្យបានច្រើន ដើម្បីលើកទឹកចិត្តអត្តពលិកដណ្តើមមេដាយ។
នាពិធីសម្ពោធកម្មវិធីសប្បុរសធម៌ប្រាក់១លានដុល្លារដើម្បីជម្រើសជាតិកម្ពុជា នៅអាគារវឌ្ឍនៈ​ នៅថ្ងៃទី១៤ ខែកុម្ភៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បញ្ជាក់ថា ប្រាក់មូលនិធិដែលទទួលបាន នឹងត្រូវផ្តល់ឱ្យអត្តពលិកប្រើប្រាស់លើថ្លៃសម្លៀកបំពាក់ ស្បែកជើង ការហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម និងប៉ារ៉ាហ្គេម និងជាប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗ។
  


លោក Steven Path ស្ថាបនិក និងជានាយកប្រតិបត្តិ KhmerCare រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូផ្សេងទៀត បានចូលរួមយុទ្ធនាសប្បុរសធម៌នេះយ៉ាងខ្លាំងក្លា។ លោក Steven Path ដែលបានចូលរួមបរិច្ចាគមូលនិធិនេះជាង១ពាន់ដុល្លាររួចទៅហើយ លើកឡើងថា KhmerCare សហការជាមួយ CAMSOC បើកយុទ្ធនាការកៀរគរប្រាក់ ១លាន ដើម្បីជួយដល់អត្តពលិកកម្ពុជា ស្រពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្កេម និងប៉ារ៉ាហ្គេម ខាងមុខនេះ។ លោក ក៏បានអំពាវនាវឱ្យមានការចូលរួមសប្បុរសធម៌នេះដើម្បីគាំទ្រ និងលើកទឹកចិត្តក្រុមជម្រើសជាតិ។
 
ក្រៅពី KhmerCare មានការចូលរួមហសការពី CCD Partnership and Campaigns ដែលមានលោក Scott Neeson ជាស្ថានិក។ Raksa Koma Campaigns ដែលមានលោកស្រី ជា សិរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាហសស្ថានិក និងក្រុមហ៊ុនធំមួយចំនួនទៀត។
  


មូលនិធី១លានដុល្លារ លោក វ៉ាត ចំរើន ចាត់ទុកជារឿងសំខាន់សម្រាប់ក្រុមកម្ពុជា ដ្បិតប្រាក់ដ៏ច្រើននេះ នឹងអាចផ្គត់ផ្គង់ពួកគេបង្កើនការហ្វឹកហាត់ផ្សេងៗ។ អគ្គលេខាធិការ CAMSOC បានអំពាវនាវ ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ពិសេសវិស័យឯកជន និងអ្នកជំនួញ ចូលរួមឧបត្ថម្ភដល់អត្តពលិក តាមរយៈកម្មវិធីសប្បុរសធម៌១លានដុល្លារដល់ Team Cambodia នេះ។
 
គិតមកដល់ពេលនេះ មានអ្នកចូលរួមបរិច្ចាគចំនួន១៥៩នាក់ហើយ ដោយទទួលបានថវិការចំនួន ៤៥៩៣ដុល្លារ និងបរិច្ចាគផ្ទាល់ពីធនាគារ ABA ចំនួន១៥ម៉ឺនដុល្លារ។ លោកអ្នកអាចចូលរួមបរិច្ចាគកម្មវិធីនេះបានតាមរយៈ៖ https://khmercare.com/




រក្សាសិទ្ធិដោយ thmeythmey.com