ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្នើសុំ​បង្កើត«គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»នៅ​ថ្ងៃទី៣សីហា
27, Jul 2015 , 10:01 am        
រូបភាព
លោក សាម អ៊ី​ន សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ
លោក សាម អ៊ី​ន សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ
 
សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ជាង៨០នាក់ នឹង​ជួបជុំគ្នា​នៅ​ថ្ងៃអាទិត្យ​ទី២សីហា ដើម្បី​អនុម័ត​គោលការណ៍សំខាន់ៗ និង​គណៈកម្មការ​បណ្តោះ​អាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​គឺជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត និង​ដឹកនាំ​គណបក្សនយោបាយ​ថ្មី​មួយ​នេះ។



តាម​ការគ្រោងទុក គណៈកម្មការ​បណ្តោះអាសន្ន​ដែល​ចេញពី​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ នឹងដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស «ប្រជាធិបតេយ្យ​មូលដ្ឋាន» ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​ទី៣សីហា​ដើម​សប្តាហ៍​ក្រោយនេះ។ លោក សាម អ៊ី​ន សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ បានបញ្ជាក់​ព័ត៌មាន​នេះ​ ប្រាប់​សារព័ត៌មានថ្មីៗ នៅ​ព្រឹក​ថ្ងៃទី២៧ កក្កដា​​នេះ។

បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ គឺជា​បណ្តុំ​នៃ​ក្រុម​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​បាន​បង្ហើប​អំពី​បំណង​បង្កើត​គណបក្សនយោបាយ បន្ទាប់ពី​ពួកគេ​ខកចិត្ត​នឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ដែល​ត្រូវបាន​គេ​បង្ហាញ​តាម​មុខ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅពេលដែល​ពួកគេ​ជួបជុំគ្នាម្តងៗនោះ រួមមាន លោក យ៉ង់ សាំង​កុមារ លោក យ៉េ​ង វីរៈ លោក សាម អ៊ី​ន លោក កែម ឡី ជាដើម។

ដោយសារតែ​ជា​ក្រុម​បញ្ញវន្ត​ជំនាញ​ជាន់ខ្ពស់ ក្រុម​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​គណ​បក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ហាក់​មិនសូវ​បារម្ភ​អំពី​ឧបសគ្គ​ក្នុង​ក្របខណ្ឌ​នៃ​នីតិវិធី​ច្បាប់​ឡើយ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​បង្កើត​គណបក្ស​នោះឡើយ។ លោក សាម អ៊ី​ន បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ​ថា៖«យើង​បាន​សិក្សា​ស្វែងយល់​អំពី​ច្បាប់​ស្តី​គណបក្សនយោបាយ​ហើយ។ យើង​បាន​ត្រៀម​រៀបចំ​ទៅតាម​នីតិវិធី​ទាំងនោះ»។

ក្តីបារម្ភ​តែមួយ​នោះ​គឺ ស្លាក​សញ្ញា​គណបក្ស​ដែល​អាច​ស្រដៀង​នឹង​គណបក្សចាស់ៗ ហើយ​ដែល​ក្រសួងមហាផ្ទៃ​អាច​ស្នើ​ឲ្យ​កែសម្រួល។ ប៉ុន្តែ​បើតាម​លោក សាម  អ៊ី​ន ក្រុម​ស្ថាបនិក​គណបក្ស​ថ្មី​នេះ សង្ឃឹមថា​វា​នឹង​មិនមាន​បញ្ហា​ចំពោះ​ស្លាក​សញ្ញា​គណបក្ស​នេះ ដែល​ពួកគេ​ស្រឡាញ់​ពេញចិត្ត​ខ្លាំង​នោះទេ។

ដោយសារតែ​វា​មិនទាន់​ជា​ស្លាក​សញ្ញា​គណបក្ស​ផ្លូវការ​នៅឡើយ​នោះ លោក សាម អ៊ី​ន មិនទាន់​អាច​បង្ហាញ​រូបភាព​ស្លាក​សញ្ញា​គណបក្ស​នេះ​នៅឡើយ​ទេ។ លោក​គ្រាន់តែ​បង្ហើប​ថា វា​មាន​រូប​ត្រីកោណ និង​មាន​ពណ៌​បៃតង​ដែល​តំណាង​ឲ្យ​វិស័យ​កសិកម្ម ប្រជាធិបតេយ្យ ធម្មជាតិ និង​មាន​ពណ៌​ក្រហម​ដែល​តំណាង​ឲ្យ​ភាពយុត្តិធម៌​ជាដើម។



Tag:
 លោក កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com