ពិភពតារា៖ ញឹម ចាន់ថន ប្រកាសមិនយកប្តីក្មេងជាងខ្លួន
×
ភ្នំពេញ៖តារាសម្តែងពូកែលេងដើមទ្រូងកញ្ញា ញឹម ចាន់ថន កាលពីពេលកន្លងទៅ បានប្រកាសយ៉ាងដាច់ខាតថា ជាតិនេះ បើទោះរកប្តីមិនបាន ក៏មិនយកដែរប្តីមានអាយុក្មេងជាង។ ជាមួយការប្រកាសបែបនេះ ញឹម ចាន់ថន ក៏បានពន្យល់ដែរថា បានជានាងមិនយកប្តីក្មេង ព្រោះថា សម្រាប់នាង វាពិបាកនឹងហៅប្តីប្អូន មកថាបងៗណាស់។
នាង ញឹម ចាន់ថន បាននិយាយយ៉ាងប្រាកដថា បើទោះរកប្តីមិនបាន ក៏មិនយកដែរប្តីមានអាយុក្មេង ជាងនាង ដ្បិតអីនាងអះអាងថា ដូចជារឹងៗអណ្តាតយ៉ាងម៉េចទេ។ ចាន់ថន បន្តទៀតថា “សូម្បីតែម្តាយខ្ញុំក៏សូមអង្វរឲ្យខ្ញុំយកប្តីដែរ តែខ្ញុំមិនអាចព្រមធ្វើតាមគាត់បានទេ ព្រោះថា ខ្ញុំនៅស្រឡាញ់សិល្បៈ។
ទាក់ទងនឹងអាយុដែលចេះតែច្រើនទៅៗនោះ ញឹម ចាន់ថន បានប្រាប់ឲ្យដឹងថា“អាយុខ្ញុំច្រើនហើយ ម្តាយរបស់ខ្ញុំគាត់និយាយថា កូនឯងចាំអង្កាល់ទៀត ល្មមរកគូស្រករទៅ នៅលេងសិល្បៈអីក៏យូរម្ល៉េះ? ខ្ញុំប្រាប់ទៅគាត់វិញថា ម៉ាក់ឲ្យខ្ញុំឈប់ពីសិល្បៈម៉េចកើត បើខ្ញុំស្រឡាញ់យូរមកហើយ បើមានប្តី ប្តីគេឲ្យយើងឈប់ពីសិល្បៈហើយ ដូច្នេះខ្ញុំអត់ទាន់យកប្តីទេ។
មូលហេតុដែលម្តាយបង្ខំឲ្យអ្នកសម្តែងសិចស៊ីរូបនេះរកគូស្រករនោះ ត្រូវបាននាងបញ្ជាក់ឲ្យដឹងថា ដោយសារតែ ម្តាយនាងមានវ័យចំណាស់ទៅហើយ ហើយណាមួយ កូនស្រីនៅតែនាងម្នាក់តែប៉ុណ្ណោះដែលមិនទាន់មានគូស្រករនឹងគេ។
យ៉ាងណាក៏ដោយ គេជឿថា បើទោះជាការងារសិល្បៈតារាចម្រៀងរូបនេះហាក់មិនលេចធ្លោដូចកាលពី១០ឆ្នាំមុនក្តីក៏គេមិនដែលឃើញនាង ញឹម ចាន់ថន ពិបាកចិត្តនឹងរឿងស្នេហាឬលុយកាក់ឡើយខណៈមុខរបរតុបតែងឆាក និងតុបតែងផ្ទះរបស់នាងមមាញឹកស្ទើររកពេលសម្រាកគ្មាននោះ។ ប៉ុន្តែថ្ងៃណាមួយគេសង្ឃឹមថា ញឹម ចាន់ថន ដែលជាតារាសម្ញែងសម្រស់ដើមទ្រូង នឹងបើកបេះដូងទទួលយកស្នេហ៍ថ្មី ដោយមិនបាក់ស្បាតបិទទ្វារជារៀងរហូតនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com