ជាតិ
​​​ន​យោ​បាយ​ជាតិ​
អឺរ៉ុប ស្នើជាថ្មី ឲ្យកម្ពុជា រួបរួមគ្នា ស្របពេលមេដឹកនាំប្រឆាំង ត្រូវកាត់ទោសបន្ថែមឲ្យជាប់ពន្ធនាគារលើសពី២០ឆ្នាំ
02, Mar 2021 , 7:00 pm        
រូបភាព
លោក សម រង្ស៊ី (ឆ្វេងដៃ) និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីឆ្នាំ២០១៣។ រូបពី AFP
លោក សម រង្ស៊ី (ឆ្វេងដៃ) និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីឆ្នាំ២០១៣។ រូបពី AFP
ក្រោយតុលាការកម្ពុជា កាត់ទោសលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់អតីតគណបក្សប្រឆាំង៨រូបទៀត ឲ្យជាប់ពន្ធនាគារពី២០ឆ្នាំទៅ២៥ឆ្នាំ ពីបទឧបឃាត (ផែនការផ្តួលរំលំរដ្ឋាភិបាល) អ្នកនាំពាក្យសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យភាគីកាន់អំណាចនៅកម្ពុជានិងភាគីប្រឆាំង រួបរួមគ្នាវិញ។



តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក អ្នកនាំពាក្យសហភាពអឺរ៉ុប បានសរសេរថា៖«សហភាពអឺរ៉ុប សូមអំពាវនាវជាថ្មី ឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិឡើងវិញ តាមរយៈកិច្ចសន្ទនាដ៏ប្រាកដប្រជាជាមួយគ្នា»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនឆ្លើយតបឲ្យចំឡើយថា រដ្ឋាភិបាល និងក្រុមអ្នកប្រឆាំង អាចផ្តើមសន្ទនាជាមួយគ្នាសាថ្មីឬក៏អត់។ លោក គ្រាន់តែបញ្ជាក់ថា តាមច្បាប់កម្ពុជា មានតែនាយករដ្ឋមន្រ្តីម្នាក់ប៉ុណ្ណោះ ដែលអាចថ្វាយសំណើទៅព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោសដល់អ្នកប្រឆាំង ដែលកំពុងជាប់ទោស។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យសហភាពអឺរ៉ុប កត់សម្គាល់ថា តុលាការ បានបើកសវនាការកាត់ទោសមេដឹកនាំក្រុមប្រឆាំងទាំង៩រូប ទាំងដែលពួកលោក នៅក្រៅស្រុក មិនអាចវិលមកចូលរួមសវនាការបាន។ ការកាត់ទោសបែបនេះ ត្រូវអ្នកនាំពាក្យសហភាពអឺរ៉ុប ចាត់ទុកថា ជាការបំពាននីតិវិធី។

អ្នកនាំពាក្យសហភាពអឺរ៉ុប លើកឡើងទៀតថា យោងទៅតាមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ ហើយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងនោះ ប្រជាពលរដ្ឋកម្ពុជា គួរតែទទួលបានសិទ្ធិក្នុងការជំនុំជម្រះក្តីដោយត្រឹមត្រូវ។ អ្នកនាំពាក្យសហភាពអឺរ៉ុប សង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជា ត្រូវតែគោរពនីតិរដ្ឋ និងគោរពនីតិវិធីត្រឹមត្រូវ [ក្នុងប្រព័ន្ធតុលាការ] ហើយអាជ្ញាធកម្ពុជា ត្រូវតែធានាថា សិទ្ធិចូលរួមនយោបាយ និង សិទ្ធិជាមូលដ្ឋាន ដូចជា ការបញ្ចេញមតិ ការជួបជុំ ជាដើម ត្រូវបានគោរពយ៉ាងពេញលេញ។

លោក ផៃ ស៊ីផាន ឆ្លងតបថា កម្ពុជា ធ្វើអ្វីទៅតាមគោការណ៍របស់ខ្លួន និងបានគោរពទៅតាមនីតិរដ្ឋ។ លោក បញ្ជាក់ថា៖«យើង ជាម្ចាស់ស្រុក យើង មានច្បាប់ [របស់យើង] ក្នុងការអនុវត្ត»។

អ្នកនាំពាក្យសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍ ក្រោយមួយថ្ងៃនៃការប្រកាសសាលក្រមកាត់ទោសមេដឹកនាំប្រឆាំងទាំង៩រូប។ បើតាមសាលក្រម ដែលត្រូវបានតុលាការភ្នំពេញ ប្រកាស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ២៥ឆ្នាំ, អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ, អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។

ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំក្រុមប្រឆាំងទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានបានដកសិទ្ធពលរដ្ឋមួយចំនួនជាស្ថាពរថែមទៀត។ សិទ្ធិពលរដ្ឋ ដែលត្រូវតុលាការ ដកជាស្ថាពរពីពួកលោកទាំង៩រូប គឺសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និង សិទ្ធិបម្រើការងារជាមន្រ្តីរាជការ។ ការដកសិទ្ធិពលរដ្ឋជាស្ថាពរនេះ មានន័យថា ជាការដកមួយជីវិត។ ក្រៅពីនេះ ពួកលោកទាំង៩រូប ត្រូវបង់ប្រាក់រួមគ្នាចំនួន១៨០០លានរៀល (ជាង៤៤ម៉ឺនដុល្លារ) ចូលទៅរដ្ឋផងដែរ។

ជុំវិញការកាត់ទោសមេដឹកនាំប្រឆាំងទាំង៩រូបខាងលើ លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏បានបញ្ចេញមតិដែរ តាមរយៈបណ្តាញសង្គមធ្វីតធឺ។ ស្រដៀងនឹងអ្នកនាំពាក្យសហភាពអឺរ៉ុប ឯគអគ្គរដ្ឋទូតអាមេរិក យល់ថា ការកាត់ទោសនេះ គឺខ្វះនីតិវិធីត្រឹមត្រូវ ហើយលោក បានស្នើឲ្យអាជ្ញាធរកម្ពុជា បើកលម្អនយោបាយឲ្យទូលំទូលាយឡើងវិញ និងអនុញ្ញាតឲ្យគ្រប់ភាគី បានចូលរួមធ្វើសកម្មភាពដូចគ្នា។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ បានឆ្លើយនឹងលោក ផាទ្រិក មើហ្វី ថា ការសម្រេចរបស់តុលាការ គឺធ្វើទៅតាមបញ្ញត្តិច្បាប់របស់កម្ពុជា។ ចំពោះការទាមទាររបស់ឯកអគ្គរដ្ឋទូតអាមេរិក ឲ្យបើកលម្ហនយោបាយ លោក ជិន ម៉ាលីន អះអាងថា កម្ពុជា គ្មានអ្វី ដែលត្រូវបើកលម្ហនយោបាយនោះទេ ដ្បិតនៅកម្ពុជា លម្ហនយោបាយ ត្រូវបានបើកស្រាប់ទៅហើយ។

លោក សម រង្ស៊ី បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា សាលក្រមផ្តន្ទាទោសលោក និងថ្នាក់ដឹកនាំទាំង៨រូបរបស់លោក គឺជាសាលក្រមគួរឲ្យអស់សំណើច។ លោក បន្តថា ការផ្តន្ទាទោសនេះ គឺឆ្លុះបញ្ចាំងពីបំណងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់កម្ចាត់លោក ចេញពីឆាកនយោបាយនៅកម្ពុជា។

ការកាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨រូបរបស់លោកលើកនេះ គឺពាក់ព័ន្ធនឹងការរៀបផែនការចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហៅថា ផែនការ៩វិច្ឆិកា។ ដ្បិតគម្រោងវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ បរាជ័យ តែលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨របស់លោក នៅតែត្រូវបានចោទពីបទឧបឃាត។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី នាពេលនោះ ថា ប៉ងចូលមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល៕

Tag:
 សម រង្ស៊ី
  EU
  វប្បធម៌សន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com