ជាតិ
នាយករដ្ឋមន្ត្រីសរសើរពីការប្រឹងប្រែងរបស់ក្រសួងវប្បធម៌លើការលើកកម្ពស់វប្បធម៌ជាតិក្នុងវិបត្តិកូវីដ-១៩
03, Mar 2021 , 3:21 pm        
រូបភាព
រូប​ពីផេក Samdech Hun Sen
រូប​ពីផេក Samdech Hun Sen
ភ្នំពេញ៖ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទោះក្នុងវិបត្តិកូវីដ១៩ក្ដី។ ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចក៏បានសម្តែងការសោកស្តាយផងដែរចំពោះការខកខានរៀបចំពិធីជួបជុំក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាជំនួបប្រចាំឆ្នាំជាមួយសិល្បករ សិល្បការិនី។

 
ក្នុងសារលិខិតរបស់ខ្លួន  សម្ដេច ហ៊ុន សែន បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរៀបចំចងក្រងឯកសារសិក្សាស្រាវជ្រាវកម្រិតថ្នាក់ជាតិលើកដំបូង ស្ដីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ការសិក្សាស្រាវជ្រាវនោះ ក៏បានចងក្រងចម្រៀង សម្រាប់ច្រៀងអមនិងកំដរក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលជារបាំមូលដ្ឋានគ្រឹះតាំងពីបុរាណផងដែរ។ 
 
បើតាមសម្តេច ការចងក្រងនោះ នឹងអាចច្នៃប្រឌិតបង្កើតទៅជាចម្រៀងថ្មីៗសម្រាប់ច្រៀងអម ឬកំដរក្នុងស្នាដៃរបាំថ្មីៗផ្សេងទៀត។ ហើយឯកសារសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាឯកសារគោលដ៏មានសារសំខាន់ថ្មីមួយទៀត ដើម្បីទុកជាក្បួនខ្នាត សម្រាប់ការហាត់រៀនរបាំរបស់ក្មេងៗជំនាន់ក្រោយ។ 
 
ក្នុងសារលិខិតដដែល សម្ដេចក៏បានកោតសរសើរ ដល់ក្រសួងវប្បធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង៣ឆ្នាំកន្លងទៅ ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង១០០រូប ពីបរទេសមកវិញ។ នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមក។
 
ឆ្នាំ២០២១នេះគឺជាឆ្នាំទី៤ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី សិប្បករ និងអ្នកមានអាជីពក្នុងវិស័យវប្បធម៌ប្រមាណ៤ពាន់នាក់។ ប៉ុន្តែសម្ដេចបានសុំការអធ្យាស្រ័យ ចំពោះការមិនបានរៀបចំជំនួបក្នុងឆ្នាំនេះ ព្រោះការរីករាលដាលជំងឺកូវីដ-១៩។


រូប​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ 
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា យុវជនគឺជាសក្ដានុពលធនធានមនុស្ស ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សង្គមជាតិផងដែរ។ ក្នុងបរិបទវិបត្តិកូវីដ១៩ជាសកលនេះ ផ្នែកឌីជីថលក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែមានការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងពេញលេញ ក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គម និងទិដ្ឋភាពសេដ្ឋកិច្ច។
 
សម្រាប់ទិដ្ឋភាពសង្គម យុវជនកម្ពុជាត្រូវទទួលបានការលើកទឹកចិត្ត និងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិ ស្នេហាប្រជាជន និងស្នេហាវប្បធម៌ជាតិ ចៀសវាងនូវការភ្លើតភ្លើនភ្លេចខ្លួន បំផ្លាញវប្បធម៌ជាតិខ្លួនឯង។ 
 
ដោយឡែកសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចវិញ យុវជនត្រូវចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងសកម្មភាពគាំទ្រការផ្ដួចផ្ដើម និងគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានរក្សាការពារអត្តសញ្ញាណជាតិ។ និងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើងថែមទៀត ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌ ឱ្យកាន់តែរីកចម្រើនដោយយកចិត្តទុកដាក់ រក្សាលំនឹងនៃការអភិវឌ្ឍផ្នែកសិល្បៈវប្បធម៌ ទន្ទឹមគ្នាជាមួយការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
 
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ" ក្នុងឆ្នាំ២០២១នេះ ត្រូវប្រារព្ធតាមអនឡាញ ដោយមានការផ្សាយផ្ទាល់ របាំបុរាណ៣ទម្រង់ រួមមានរបាំបុរាណ “នារីសន្តិភាព”មានរយៈពេល៨នាទី។ របាំរឿង “ក្ងោកព្រះពោធិ៍សាត់” មានរយៈពេល៦០នាទី និងល្ខោនបាសាក់រឿង “កុមារទេព” ដែលមានរយៈពេល៤០នាទី។ របាំទាំងបីទម្រង់នេះ មានផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី និងទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
 

Tag:
 ទិវាវប្បធម៌
  វប្បធម៌
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com