ជាតិ
សុខភាព
វ៉ាក់សាំងកូវីដ-១៩! និស្សិតដែលត្រូវទៅសិក្សានៅបរទេសក៏ជាក្រុមអាទិភាពផងដែរ
04, Mar 2021 , 3:13 pm        
រូបភាព
ភ្នំពេញ៖ និស្សិតខ្មែរទាំងអស់ដែលត្រូវបន្តការសិក្សានៅបរទេស គឺបានស្ថិតនៅក្រុមអាទិភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(COVID-19)។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដែលឆ្លើយតបនឹងអ្នកសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

 
សម្តេច អនុញ្ញាត ហើយថែមទាំងអំពាវនាវដល់និស្សិតដែលត្រូវទៅបន្តការសិក្សានៅបរទេស ឱ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ខណៈកម្ពុជាបច្ចុប្បន្ន មានវ៉ាក់សាំងកូវីដ-១៩ចំនួនពីរប្រភេទ គឺវ៉ាក់សាំង ស៊ីណូហ្វាម(Sinopharm) និង អាស្ត្រាហ្សេនីកា (AstraZeneca)។ 
 
បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាមានបច្ចុប្បន្នចំនួន៩២៤,០០០ដូស នឹង៤០ម៉ឺនដូសបន្ថែមទៀតពីចិន គ្រោងមកដល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ដូច្នេះ កម្ពុជាគឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អទិភាពឱ្យនិស្សិតវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីបន្តការសិក្សានៅបរទេស។  
 
គិតត្រឹមថ្ងៃទី៤មីនា ឆ្នាំ២០២១ មានពលរដ្ឋនិងកងកម្លាំងទព័ខ្មែរ ចំនួន១២៥, ៦៦៨នាក់ហើយ បានចាក់វ៉ាក់សាំងSinopharm ខណៈថ្នាក់ដឹកនាំអាយុចាប់ពី៦០ឆ្នាំ ផ្តើមចាក់ AstraZeneca។ កន្លងមកក្រុមមនុស្សអទិភាពដែល នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន ផ្តល់អទិភាពឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  មានឥសរ្សជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល, កងកម្លាំងយោធា, គ្រូពេទ្យ, អ្នកសារព័ត៌មាន, អ្នកប្រមូលសំរាម និងក្រុមមន្តី្រផ្នែកពន្ធគយ និងពន្ធដារ ជាដើម។  
 
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩សរុបទូទាំងប្រទេសឡើង ឡើងដល់៩០៩ករណី ដោយមានអ្នកជំងឺ៤០២នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
 
 
 

Tag:
 អប់រំ
  វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com