ជាតិ
សង្គមជាតិ
បើមានអ្នកស្កេន QR Code ចេញពណ៌លឿង និងក្រហម ត្រូវរាយការណ៍ជាបន្ទាន់
10, Mar 2021 , 9:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់ម្ចាស់អាជីវកម្មនានា ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code Stop Covid-19 សម្រាប់ឲ្យអតិថិជនស្កេន ដើម្បីដឹងពីស្ថានភាពជំងឺកូវីដ-១៩របស់បុគ្គលទាំងនោះ។ នៅពេលដែលបុគ្គលទាំងនោះស្កេន ហើយបង្ហាញសញ្ញាពណ៌លឿង ឬក្រហម គឺម្ចាស់អាជីវកម្មនោះត្រូវតែរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។

 
ប្រព័ន្ធគ្រប់គ្រង QR Code ជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការប្រើប្រាស់ប្រព័ន្ធនេះ នឹងធ្វើឲ្យអ្នកស្កេនទាំងអស់ដឹងភ្លាមៗថា ពាក់ព័ន្ធឹនឹងជំងឺកូវីដ-១៩ឬក៏អត់។ ប្រព័ន្ធនេះក៏បង្ហាញពីអ្នកដែលកំពុងធ្វើចត្តាឡីស័ក ថាពួកគេបានចេញពីផ្ទះ ឬទីតាំងណាខ្លះផងដែរ។ 
 
ក្នុងករណីស្កេនទៅឃើញសញ្ញាពណ៌បៃតង គឺមានន័យថាបុគ្គលនោះមិនមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ឡើង។ ប៉ុន្តែបើស្កេនទៅចេញសញ្ញាពណ៌លឿង គឺបញ្ជាក់ថាបុគ្គលនោះកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក ប៉ុន្តែបើស្កេនចេញសញ្ញាពណ៌ក្រហម គឺបញ្ជាក់ថាបុគ្គលនោះមានកូវីដ-១៩។ 
 
ដូច្នេះម្ចាស់អាជីវកម្មនីមួយៗដែលមានអតិថិជន ឬបុគ្គលណាម្នាក់ដែលបានស្កេនឃើញនូវសញ្ញាទាំងពីរនេះ គឺត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
 
បើម្ចាស់អាជីវកម្មណា ដែលមិនរាយការណ៍ករណីកូវីដ-១៩ នៅតំបន់របស់ខ្លួនទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការផ្លូវច្បាប់ និងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទាំងស្រុង។
 
កន្លងមករដ្ឋបាលរាជធានីភ្នំពេញតែងតែសង្កេតឃើញថា អ្នកដែលធ្វើចត្តាឡីស័កនៅតាមគោលដៅរៀងៗខ្លួន គឺតែងតែមិនអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលឡើយ។ 
 
ដើម្បីកុំឲ្យមានករណីនេះកើតឡើង រដ្ឋបាលរាជធានីភ្នំពេញអំនាវនាវដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អនុវត្តតាមវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក៏ត្រូវឃ្លាំមើល និងណែនាំ ទៅបុគ្គលដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 
 
មកដល់ពេលនេះ មានទីតាំងជិត១០ម៉ឺនកន្លែងហើយ ដែលបានប្រើប្រាស់ប្រព័ន្ធ QR Code និងមានអ្នកស្កេននៅទីតាំងទាំងនោះជិត៥លានដងហើយ។ នេះបើតាមការផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ប្រព័ន្ធ QR Code នេះ ត្រូវបានបង្កើតនិងដាក់ឲ្យប្រើប្រាស់ដោយក្រសួងប្រៃសណីយ៍។ 
 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com