ជាតិ
វីដេអូ
ពលរដ្ឋ ចង់ឲ្យអ្នកលក់អាហារតាមដងផ្លូវបង្កើនអនាម័យ ដើម្បីសុខភាព និងសុវត្ថិភាពអតិថិជន
14, Mar 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ អាហារតាមដងផ្លូវ ជាទីពេញនិយមរបស់ពលរដ្ឋមួយចំនួន ព្រោះវាមានតម្លៃថោក ងាយស្រួលទិញ និងមានច្រើនជម្រើសសម្រាប់បរិភោគ។ ពលរដ្ឋ ចង់ឲ្យអ្នកលក់អាហារតាមដងផ្លូវបង្កើនអនាម័យចំណីអាហារ ត្រូវគិតគូរដល់សុវត្ថិភាព និងសុខភាព អ្នកបរិភោគផងដែរ។


 
 
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡាកម្ពុជា បានរៀបចំកម្មវិធី«លើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរតាមដងផ្លូវ (Street Food Vendors) ដើម្បីជំរុញអាហារតាមដងផ្លូវឲ្យកាន់តែមានគុណភាព និងសោភ័ណភាព។ កម្មវិធីនេះធ្វើឡើង ដោយបណ្ដុះបណ្ដាលអាជីវករខ្នាតតូច និងមធ្យម ឲ្យបង្កើនអនាម័យចំណីអាហារ និងសោភ័ណភាព ព្រោះជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ផងដែរ។ 
 
ជុំវិញកម្មវិធីរបស់ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា ពលរដ្ឋមួយចំនួនបានចូលរួមគាំទ្រ និងពេញចិត្ត ហើយចង់ឲ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវបង្កើនអនាម័យ ដើម្បីសុវត្ថិភាពអ្នកបរិភោគ។ 
 
លោក ជួន សារ៉េត ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង ហើយធ្លាប់ទិញអាហារតាមដងផ្លូវបរិភោគ។ លោក សារ៉េត ទិញអាហារតាមផ្លូវព្រោះមានតម្លៃថោកជាង អាហារតាមភោជនីយដ្ឋាន ហើយណាមួយអាហារតាមដងផ្លូវ ក៏ផ្ដល់ភាពងាយស្រួលដល់លោក ក្នុងការទិញ និងបរិភោគផងដែរ។


លោក ជួន សារ៉េត
 
មិនខុសពីលោក ជួន សារ៉េត ឡើយ ពលរដ្ឋមួយចំនួនផ្សេងទៀត ដែលជាអតិថិជនអាហារតាមផ្លូវ ក៏ទិញអាហារតាមផ្លូវព្រោះតម្លៃថោកដែរ។ អ្នកស្រី ប៉ុក ណារី បរិភោគអាហារតាមផ្លូវស្ទើរតែរាល់ថ្ងៃ ព្រោះតម្លៃថោក និងមានជម្រើសច្រើនសម្រាប់ខ្លួនបរិភោគ។ ព្រោះតែជាអតិថិជនអាហារតាមផ្លូវ អ្នកស្រី ណារី ក៏គិតគូរពីអនាម័យចំណីអាហារទាំងនោះ មុនពេលទិញមកបរិភោគផងដែរ។ 


អ្នកស្រី ប៉ុក ណារី
 
សម្រាប់លោក សម្បត្តិ ពិស័ក្ក ទិញអាហារតាមផ្លូវ ព្រោះតម្លៃថោក ហើយមួយវិញទៀតខ្លួនមិនមានពេលវេលាច្រើនក្នុងការចម្អិនឡើយ។ ម្ហូបអាហារតាមដងផ្លូវ បានផ្ដល់ភាពងាយស្រួលដល់និស្សិតរូបនេះ ប៉ុន្តែមុនពេលសម្រេចចិត្តទិញអាហារកន្លែងណាមួយ ពិស័ក្ក ក៏បានគិតគូរពីសុវត្ថិភាព អនាម័យលើចំណីអាហារទាំងនោះផងដែរ។ 

លោក សម្បត្តិ ពិស័ក្ក
 
ចំណែកឯ លោក ស៊ុល រ៉វី ក៏មិនខុសពីអ្នកទាំង៣ខាងលើដែរ ទិញអាហារតាមផ្លូវ ព្រោះតម្លៃថោកសមរម្យ ដែលខ្លួនអាចចំណាយបាន។ លោក រ៉វី យល់ថាអាហារតាមផ្លូវ វាងាយស្រួលទិញ ឬវេចខ្ចប់ នៅពេលលោក ធ្វើដំណើរម្ដងៗ។ 

លោក ស៊ុល រ៉វី
 
ពលរដ្ឋទាំង៤រូបខាងលើ បានបង្ហាញការពេញចិត្ត និងគាំទ្រ លើការបណ្ដុះបណ្ដាលអាជីវករលក់ដូរតាមដងផ្លូវ ដែលរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា ព្រោះអាចពង្រឹងសមត្ថភាព អ្នកលក់ដូរ និងបង្កើនការយកចិត្តទុកដាក់លើ សុវត្ថិភាព អនាម័យចំណីអាហារទៀតផង។
 
ជាងនេះទៅទៀត លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សហកម្មទេសចរណ៍ លើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលនេះ ដោយជំរុញអាជីវករលក់ដូរតាមផ្លូវឲ្យបង្កើនសុវត្ថិភាព អនាម័យ ចំណីអាហារខ្លួន ព្រោះជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី«ការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត ការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរតាមផ្លូវ (Street Food Vendors)»៕
 


Tag:
 កូកាកូឡាកម្ពុជា
 អាហារតាមផ្លូវ
 Street Food
© រក្សាសិទ្ធិដោយ thmeythmey.com