ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តើមិនពាក់ម៉ាស់ឬមិនរក្សាគម្លាតនៅកន្លែងណា ដែលត្រូវពិន័យប្រាក់?
15, Mar 2021 , 8:59 pm        
រូបភាព
អ្នកទៅចាក់វ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
អ្នកទៅចាក់វ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
មិនមែនមិនពាក់ម៉ាស់ឬមិនរក្សាគម្លាតសុវត្ថិភាពនៅកន្លែងណា ក៏ត្រូវពិន័យប្រាក់ដែរនោះទេ។ លុះត្រាតែកន្លែងនោះ ក្រសួងសុខាភិបាល កំណត់ថា ត្រូវតែពាក់ម៉ាស់និងត្រូវតែរក្សាគម្លាតសុវត្ថិភាព ហើយមិនស្តាប់តាមក្រសួងសុខាភិបាល ទើបអាចឈានដល់ការពិន័យប្រាក់។ យ៉ាងណា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព ទោះមិនរងការពិន័យប្រាក់ក៏ដោយ។

 

ប្រជាពលរដ្ឋភាគច្រើន ប្រហែលជាបានឮហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អំពីវិធានការថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដែលពិន័យប្រាក់លើអ្នកមិនពាក់ម៉ាស់ឬអ្នកមិនរក្សាគម្លាតសុវត្ថិភាព។ នៅកន្លែងណាក៏ដោយ ឲ្យតែមិនពាក់ម៉ាស់ ឬមិនរក្សាគម្លាតសុវត្ថិភាព នឹងត្រូវពិន័យប្រាក់? ឬក៏មានទីកន្លែងកំណត់ជាក់លាក់ ដែលត្រូវពិន័យ ពេលមិនពាក់ម៉ាស់ឬមិនរក្សាគម្លាតសុវត្ថិភាព? 
 
រដ្ឋាភិបាលកម្ពុជា ពិតជាបានចេញវិធានការស្តីពីការពិន័យប្រាក់លើអ្នកមិនពាក់ម៉ាស់ឬអ្នកមិនរក្សាគម្លាតសុវត្ថិភាពមែន តាមរយៈអនុក្រឹត្យលេខ៣៧ អនក្រ.កប ទើបនឹងចេញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែ កុំយល់ច្រឡំ! អនុក្រឹត្យនេះ ពុំបានកំណត់ថា ការពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនោះទេ ហើយក៏ពុំបានកំណត់ដែរថា បើប្រជាពលរដ្ឋទូទៅ មិនពាក់ម៉ាស់ឬមិនរក្សាគម្លាតសុវត្ថិភាព នឹងត្រូវពិន័យប្រាក់។
 
យ៉ាងណា អនុក្រឹត្យនេះ អនុញ្ញាតឲ្យអាជ្ញាធរ ពិសេសក្រសួងសុខាភិបាល អាចកំណត់ពីការពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព ជាកាតព្វកិច្ច លើក្រុមមនុស្ស ឬទីកន្លែងជាក់លាក់ណាមួយ នៅពេលក្រសួងសុខាភិបាល ពិនិត្យទៅឃើញថា ក្រុមមនុស្សឬទីកន្លែងនោះ មានហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩ ហើយបើក្រុមមនុស្សឬទីកន្លែងនោះ មិនអនុវត្ត ទើបអាចប្រឈមនឹងការរងពិន័យប្រាក់។ ប្រាក់ដែលត្រូវពិន័យ អាចពី២សែនរៀល ទៅ១លានរៀល និងពី២លានរៀល ទៅ ១០លានរៀល។ 
 
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពន្យល់ថា មុនអនុវត្តមាត្រាខ្លះ នៃអនុក្រឹត្យលេខ៣៧ អនក្រ.កប ដូចជា មាត្រា៥ ជាដើម ក្រសួងសុខាភិបាល នឹងចេញសេចក្តីសម្រេចឬប្រកាសមួយបន្ថែមទៀត កំណត់លម្អិត ពីបុគ្គលឬទីតាំងណាមួយ ដែលត្រូវពាក់ម៉ាស់និងត្រូវរក្សាគម្លាតសុវត្ថិភា។ លោក បន្តថា ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចឬប្រកាស កំណត់ឲ្យបុគ្គលឬទីតាំងណាមួយ ត្រូវតែពាក់ម៉ាស់ឬត្រូវតែរក្សាគម្លាតសុវត្ថិភាព គឺនៅពេលក្រសួងសុខាភិបាល ពិនិត្យឃើញថា បុគ្គលឬទីតាំងនោះ មានកម្រិតខ្ពស់នៃកាលរាលជំងឺកូវីដ-១៩។ 
 
លោក បន្ថែមថា នៅពេលមិនគោរពសេចក្តីសម្រេចឬប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងការពាក់ម៉ាស់និងរក្សាគម្លាត ក៏បុគ្គលឬទីតាំងនោះ មិនទាន់ទទួលការពិន័យប្រាក់ដែរ ដោយកំហុសលើកទី១ នឹងត្រូវរងការព្រមាននិងការណែនាំសិន ហើយបន្ទាប់ពីការព្រមាននិងការណែនាំរួចហើយ បើនៅតែមិនគោរពទៀត ទើបបុគ្គលឬទីតាំងនោះ រងការពិន័យប្រាក់។
 
លោក បកស្រាយទៀតថា បើជំងឺកូវីដ-១៩ រាលដាលខ្លាំង ការពាក់ម៉ាស់ អាចនឹងត្រូវកំណត់ ឲ្យអនុវត្តជាលក្ខណៈទូទៅ [ចំពោះប្រជាពលរដ្ឋទូទៅ]។ លោក បញ្ជាក់ថា៖«បើការរាលដាល [ជំងឺកូវីដ-១៩] នេះ ដល់ដំណាក់កាលមួយ មិនអាចគ្រប់គ្រងបាន អ៊ីចឹងការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែមកដល់ម៉ោងនេះ អត់ទាន់ដល់ [លក្ខណៈ] ទូទៅទេ»។
 
ការអធិប្បាយរបស់លោក កើត រិទ្ធ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជុំវិញការបង្កើតច្បាប់និងអនុក្រឹត្យនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ លោក កើត រិទ្ធ និង លោក ម៉ម ប៊ុនហេង ជាអ្នកទទួលបញ្ជាពីនាយករដ្ឋមន្រ្តី ក្នុងការតាក់តែងអនុក្រឹត្យលេខ៣៧ អនក្រ.កបឡើង។ 
 
មាត្រា៥ នៃអនុក្រឹត្យលេខ៣៧ អនក្រ.កប ចែងថា ការពាក់ម៉ាក់ ត្រូវធ្វើជាកាតព្វកិច្ច នៅតាមទីកន្លែង ដែលមានហានិភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ-១៩ ហើយបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងទីកន្លែង ដែលតម្រូវឲ្យមានការពាក់ម៉ាស់ ត្រូវកំណត់ដោយក្រសួងសុខាភិបាល។ 
 
បើបុគ្គលឬទីកន្លែងនោះ មិនគោរពកាតព្វកិច្ចក្នុងការពាក់ម៉ាស់ មន្រ្តីសុខាភិបាល ត្រូវព្រមាននិងណែនាំ ហើយបើនៅតែបន្តមិនពាក់ម៉ាស់ ក្រោយការព្រមាននិងណែនាំរួច បុគ្គលឬទីកន្លែងនោះ ត្រូវរងពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។ នេះបើតាមមាត្រា១៩។  
 
មាត្រា៦ ចែងថា រាល់សហគ្រាស គ្រឹះស្ថានឯកជន ឬ ម្ចាស់អាជីវកម្ម មិនត្រូវអនុញ្ញាតឲ្យបុគ្គល ដែលមិនធ្វើអនាម័យសម្លាប់មេរោគ បុគ្គល ដែលមានសីតុណ្ហភាពលើសពី៣៧,៥អង្សា ឬ បុគ្គល ដែលមិនពាក់ម៉ាស់ ចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ។ 
 
មាត្រា២០ ចែងពីការពិន័យថា បើនៅតែអនុញ្ញាតឲ្យបុគ្គល ដែលមិនធ្វើអនាម័យសម្លាប់មេរោគ បុគ្គល ដែលមានសីតុណ្ហភាពលើសពី៣៧,៥អង្សា ឬ បុគ្គល ដែលមិនពាក់ម៉ាស់ ចូលក្នុងទីកន្លែងរបស់ខ្លួន សហគ្រាស គ្រឹះស្ថានឯកជន ឬ ម្ចាស់អាជីវកម្ម នឹងត្រូវពិន័យប្រាក់ពី២លានរៀល ទៅ១០លានរៀល។
 
មាត្រា៧ ចែងថា រាល់ការរក្សាគម្លាតសុវត្ថិភាព ត្រូវមានយ៉ាងតិច ១ម៉ែត្រកន្លះ ហើយត្រូវអនុវត្តជាកាតព្វកិច្ច នៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬ ទីកន្លែងសាធារណៈនានា ដែលមានមនុស្សច្រើន តាមការកំណត់របស់ក្រសួងសុខាភិបាល។ 
 
បើមិនរក្សាគម្លាតសុវត្ថិភាពឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះ តាមការកំណត់របស់ក្រសួងសុខាភិបាលទេ ទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬ បុគ្គលនោះ នឹងត្រូវពិន័យប្រាក់តាមមាត្រា១៩ដែរ គឺពី២សែនរៀល ទៅ១លានរៀល។
 
ដ្បិតរដ្ឋាភិបាល មិនទាន់កំណត់ថា ការពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាពជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងមិនទាន់កំណត់ថា បើប្រជាពលរដ្ឋណា មិនពាក់ម៉ាស់និងមិនរក្សាគម្លាតសុវត្ថិភាព នឹងត្រូវពិន័យប្រាក់ តែរដ្ឋាភិបាល បានអំពាវនាវជារឿយៗឲ្យប្រជាពលរដ្ឋគ្រប់រូប នាំគ្នាពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពឲ្យបានជាប់ជានិច្ច ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ កំពុងរាតត្បាតខ្លាំងនៅកម្ពុជា៕ 
 

Tag:
 COVID-19
  ច្បាប់ទប់ស្កាត់កូវីដ-១៩
  អនុក្រឹត្យទប់ស្កាត់កូវីដ-១៩
  ការពាក់ម៉ាស់
  ការរក្សាគម្លាត
  ពិន័យប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com