ជាតិ
សង្គមជាតិ
កុំឲ្យសង្គមជេរស្តី!
16, Mar 2021 , 9:29 pm        
រូបភាព
សារជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបិទនឹងខ្លោងទ្វារនិងរបងសាលាបឋសិក្សាអនុវត្ត ក្នុងរាជធានីភ្នំពេញ។​ រូបពី AFP
សារជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបិទនឹងខ្លោងទ្វារនិងរបងសាលាបឋសិក្សាអនុវត្ត ក្នុងរាជធានីភ្នំពេញ។​ រូបពី AFP
មុនសម្រេចចិត្តធ្វើអ្វីក៏ដោយ ត្រូវពិចារណាជាប់ជានិច្ចថា អ្វីដែលអ្នកនឹងធ្វើនោះ ប៉ះពាល់បុគ្គលណាម្នាក់ ប៉ះពាល់ដល់មនុស្សច្រើនគ្នា ឬ ប៉ះពាល់សង្គមជាតិដែរទេ? ជាពិសេស ទង្វើណា ដែលសង្គម ស្អប់ខ្ពើម គឺត្រូវប្រុងប្រយ័ត្នឲ្យមែនទែន កុំឲ្យជ្រុលខ្លួនទៅប្រព្រឹត្តអំពើនោះ បើពុំដូច្នេះទេ អ្នក នឹងត្រូវមនុស្សក្នុងសង្គម ជេរស្តីជាមិនខាន និងចាត់ទុកអ្នក ជាមនុស្សបង្កបញ្ហាដល់សង្គមជាតិ។ 



ពេលនោះ កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់អ្នក នឹងស្អុយក្នុងសង្គម។ អ្វី ដែលជាផលអាក្រក់ជាងនេះទៀតនោះ គឺទង្វើខុសឆ្គងរបស់អ្នក នឹងត្រូវមនុស្សរាល់គ្នា ដឹងឮយ៉ាងលឿន និង ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈបណ្តាញសង្គម ក្នុងសម័យបច្ចេកវិទ្យានេះ។
 
ជាក់ស្តែង បច្ចុប្បន្ន កម្ពុជា កំពុងតែមានវិបត្តិដោយសារការយាយីពីជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋទូទៅ កំពុងតែចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺនេះ តែបែរជាមនុស្សមួយចំនួនតូច មិនត្រឹមតែមិនបានចូលរួមទប់ស្កាត់ជំងឺរាតត្បាតនេះទេ ហើយថែមទាំងបង្កបញ្ហាបណ្តាលឲ្យជំងឺនេះ មានឱកាសកាន់តែរាលដាលថែមទៀត។   
 
ឧទាហរណ៍ ថ្មីៗនេះ មានអ្នកដែលបានទៅតេស្តរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ប៉ុន្តែលទ្ធផលតេស្តមិនទាន់ចេញផង ហើយការធ្វើចត្តាឡីស័ក ក៏មិនទាន់គ្រប់រយៈពេល១៤ថ្ងៃ បែរជាចេញពីការចត្តាឡីស័ក ទៅចូលរួមកម្មវិធីនានា ទៅកន្លែងផ្សេងៗ ទៅជួបអ្នកនេះ ជួបអ្នកនោះ។ ក្រោយមក ទើបក្រសួងសុខាភិបាល ប្រកាសថា បុគ្គល ដែលចេញពីការធ្វើចត្តាឡីស័កនោះ មានលទ្ធផលវិជ្ជមានកូវីដ-១៩។
 
អ្នកប្រើប្រាស់បណ្តាញសង្គម មិនទុកមុខឲ្យឡើយ ដោយនាំគ្នារិះគន់បុគ្គលនោះ ជាមួយនឹងការប្រើពាក្យសម្តីធ្ងន់ៗ។ លើសពីនេះ បុគ្គលនោះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម ហៅថា ជាភ្នាក់ងារចម្លងជំងឺ។ 
 
សារព័ត៌មានថ្មីៗ មិនត្រេកអរនោះទេ ពេលឃើញអ្នកណាម្នាក់ ត្រូវគេរិះគន់ ហើយក៏មិនសាទរដែរ ចំពោះការជេរប្រមាថ តែគ្រាន់តែចង់ពញ្ញាក់ស្មារតីថា លទ្ធផល ដែលអ្នកទទួលបានបែបនេះ គឺកើតចេញពីហេតុ ដែលអ្នកបានប្រពឹត្ត។  

ចុងក្រោយ បុគ្គលនោះ បានត្រឹមតែសម្តែងការសោកស្តាយនិងសូមទោសប៉ុណ្ណោះ ចំពោះទង្វើមិនបានគិតមុខគិតក្រោយនេះ ប៉ុន្តែអ្វីៗ បានកើតឡើងរួចទៅហើយ និងត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម សាចពាក្យផ្តាសាជោគជាំពេញខ្លួនទៅហើយដែរ។ ចំណែក កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់បុគ្គលនោះ មិនងាយនឹងកសាងវិញឡើយ។  
 
មិនមែនតែការបង្កបញ្ហាបណ្តាលឲ្យជំងឺកូវីដ-១៩រាលដាលនោះទេ នៅមានបញ្ហាផ្សេងៗទៀត ដែលសង្គម មិនចង់ឲ្យអ្នកប្រព្រឹត្តនិងមិនចង់ឲ្យកើតមានឡើង ដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើចាប់រំលោភ និង អំពើហិង្សា ជាដើម។ 
 
អ្នក ត្រូវពិចាណាឲ្យបានដិតដល់ មុនសម្រេចចិត្តធ្វើអ្វីមួយ ប្រសើរជាងការប្រព្រឹត្តអំពើខុសឆ្គងជ្រុលទៅហើយ ទើបមកអង្គុយសោកស្តាយតាមក្រោយ។ 

«អំពើខុសឆ្លងម្តង ជួនកាល អាចធ្វើអ្នកខូចកេរ្តិ៍ឈ្មោះអស់មួយជីវិត។ ខូចកេរ្តិ៍ឈ្មោះ ប្រៀបដូចជាស្លាប់ទាំងរស់»៕
 
 

Tag:
 COVID-19
  ទស្សនៈ
  គំនិតពិចារណា
© រក្សាសិទ្ធិដោយ thmeythmey.com