ជាតិ
តើគួរបញ្ចេញមតិយ៉ាងដូចម្តេចឲ្យមានតម្លៃ?
17, Mar 2021 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
តើកម្ពុជាមានសេរីភាពក្នុងការបញ្ចេញមតិឬទេ? នេះ គឺជាសំណួរដែលអ្នកខ្លះយល់ថា លំហរបញ្ចេញមតិនៅកម្ពុជាត្រូវបានរឹតត្បិត រីឯអ្នកខ្លះទៀតថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជានៅទូលាយនៅឡើយ។


 
ដោយមិនចង់វែកញែកទៅលើការយល់ឃើញខាងលើនេះ ព្រោះ គ្មានអ្វីមកវាស់កម្រិតឲ្យដឹងច្បាស់លាស់នោះ ខ្ញុំគ្រាន់តែចង់បង្ហាញអារម្មណ៍របស់ខ្ញុំថា សព្វថ្ងៃនេះ វេទិកាបណ្តាញសង្គមហ្វេសប៊ុកហាក់បីដូចជាក្លាយទៅជាទីលានមួយដែលបុគ្គលភាគច្រើនអាចសម្តែងអារម្មណ៍ផ្ទាល់ខ្លួន មតិផ្ទាល់ខ្លួន មតិពាក់ព័ន្ធនឹងរឿងរ៉ាវសង្គម ឬនយោបាយជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះបានប្រើប្រាស់បណ្តាញសង្គមដើម្បីឌឺដងគ្នា ហែកកេរ្តិ៍គ្នា ឬជេរប្រមាថគ្នាក៏មានដែរ។ 
 
សកម្មភាពខាងលើនេះ តើជាសេរីភាពក្នុងការបញ្ចេញមតិឬទេ? ទោះតិច ឬច្រើន ខ្ញុំគិតថា វាជាផ្នែកមួយនៃសេរីភាពទៅហើយ។ ត្រូវ ឬខុសច្បាប់ វាជារឿងផ្សេងមួយទៀតដែលខ្ញុំមិនចង់លើកមកជជែកគ្នានៅក្នុងសំណេររបស់ខ្ញុំឡើយ។ 
 
ខ្ញុំខ្លួនឯងផ្ទាល់គាំទ្រគោលការណ៍ប្រជាធិបតេយ្យដែលបុគ្គលនីមួយៗត្រូវតែមានសិទ្ធិក្នុងការបញ្ចេញមតិ ឬបញ្ចេញយោបល់ ទោះបីមតិ-យោបល់នោះខុស ឬត្រូវក៏ដោយ។ មតិចម្រុះប្រៀបបានទៅនឹងសួនច្បារដែលមានផ្កាចម្រុះពណ៌ ឬគេហៅម្យ៉ាងទៀតថា«សួនប្រជាធិបតេយ្យនោះ»។ 
 
តែចំណុចមួយដែលខ្ញុំខកចិត្ត គឺថា គ្រប់គ្នាចេះតែបញ្ចេញមតិទៅលើគ្រប់រឿង ឬគ្រប់ប្រធានបទដែលខ្លួនឯង ពេលខ្លះ មិនទាំងមានចំណេះដឹងដើម្បីនឹងយល់សេចរឿងនោះផង។ ពេលខ្លះទៀត ខ្លួនឯងមិនទាំងដឹងដំណើរដើមទងនៃរឿងរ៉ាវនោះវាកើតឡើងយ៉ាងដូចម្តេចផង ក៏ចូលមកបញ្ចេញមតិដែរ។ ហើយពេលខ្លះទៀត វាជារឿងជំនាញសុទ្ធសាធ តែអ្នកទូទៅក៏ចូលមកនិយាយទាំងមិនសូវត្រូវក៏មានដែរ ដូចជា ករណីវ៉ាក់សាំង ជាដើម។ រឿងវ៉ាក់សាំង វាគឺជារឿងរបស់វេជ្ជបណ្ឌិត, វាជារឿងវេជ្ជសាស្រ្ត ដូច្នេះ មិនមែនកម្មករ កសិករ គ្រូបង្រៀនត្រូវនិយាយ ឬអត្ថាធិប្បាយច្រើនពេកទេទៅលើរឿងជំនាញនេះ(វេជ្ជសាស្ត្រ)។ 
 
ជាការពិត បើនិយាយពីសេរីភាពក្នុងការបញ្ចេញមតិ អ្វីៗក៏យើងអាចបញ្ចេញមតិបានដែរក្នុងនាមជាប្រជាពលរដ្ឋដែលនិយមសេរីភាពនោះ។ តែខ្ញុំចោទជាសំណួរថា តើយើងគួរបញ្ចេញមតិតែទៅលើរឿងអ្វីមួយដែលយើងមានចំណេះដឹង-ជំនាញ ឬយើងយល់ដឹងឬទេ? បើយើង«ធ្វើចេះ»តែអ្វីដែលយើងចេះ វាប្រសើរជាង យើង«ធ្វើចេះ»គ្រប់រឿងដែលយើងមិនសូវចេះ។ ឬខ្ញុំអាចនិយាយម្យ៉ាងទៀតថា គ្រប់គ្នាគួរបញ្ចេញមតិទៅតាមជំនាញរៀងៗខ្លួន ប្រសើរជាងបញ្ចេញមតិទៅលើគ្រប់រឿង។ 
 
នៅទីបញ្ចប់ ខ្ញុំសូមអធ្យាស្រ័យប្រសិនបើសំណេរខ្ញុំបាទខាងលើនេះប៉ះពាល់អារម្មណ៍អ្នកអានមួយចំនួន។ ជាថ្មីម្តងទៀត ការបញ្ចេញអារម្មណ៍របស់ខ្ញុំខាងលើនេះមិនមានបំណងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិឡើយ។ ផ្ទុយទៅវិញ ខ្ញុំចង់ឲ្យការបញ្ចេញមតិផ្អែកលើគតិ និងមានតម្លៃទៅវិញទេ៕

លិខិតមិត្តអ្នកអាន (លោក លឹម វាសនា ពលរដ្ឋភ្នំពេញ)  
 

© រក្សាសិទ្ធិដោយ thmeythmey.com