ជាតិ
សមាគមស្រី្តដើម្បីសង្គម គ្រោងដាក់ញត្តិទៅសម្ដេច ហ៊ុន សែន សុំលើកលែងថ្លៃទឹក ភ្លើង និងឈ្នួលផ្ទះ
18, Mar 2021 , 7:59 am        
រូបភាព
អ្នកចូលរួមស្នើសុំឲ្យមានការលើកលែងការបង់ថ្លៃទឹក ភ្លើង និងផ្អាកយលថ្លៃឈ្នួលផ្ទះ។ (រូបពី ស្រី្ត ដើម្បី សង្គម)
អ្នកចូលរួមស្នើសុំឲ្យមានការលើកលែងការបង់ថ្លៃទឹក ភ្លើង និងផ្អាកយលថ្លៃឈ្នួលផ្ទះ។ (រូបពី ស្រី្ត ដើម្បី សង្គម)
ភ្នំពេញ៖ សមាគមនស្រី្ត ដើម្បីសង្គម គ្រោងដាក់ញត្តិទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន ដើម្បីស្នើសុំ អន្តរាគមន៍លើកលែងបង់ថ្លៃទឹក ភ្លើង និងឲ្យម្ចាស់ផ្ទះផ្អាកយកឈ្នួលផ្ទះ នៅអំឡុងពេលរីករាលដាលកូវីដ-១៩។ លោក យាន រក្សា ប្រធានក្រុមប្រឹក្សានៃសមាគមស្រី្តដើម្បីសង្គម បញ្ជាក់ថា ការស្នើសុំការលើកលែងនេះ គឺសម្រាប់តែអ្នកខ្វះខាត ពិសេសសិស្សនិស្សិត និងកម្មកររោងចក្រ។



«សូមសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ ចំពោះម្ចាស់ផ្ទះដែលមានបន្ទប់ជួល មេត្តាផ្អាកយកថ្លៃឈ្នួលពីកម្មកររោងចក្រ, សូមសម្ដេច ហ៊ុន សែន មេត្តាកុំយក ថ្លៃទឹក ថ្លៃភ្លើង»។ នេះជាសាររបស់ពលរដ្ឋ ស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន។ 
 
លោក យាន រក្សា អះអាងថា គោលបំណងនៃការស្នើសុំឲ្យលើកលែងបង់ថ្លៃទឹក ភ្លើង និងផ្អាកយកឈ្នួលផ្ទះ គឺដើម្បីដោះស្រាយភាពខ្វះខាតរបស់ពលរដ្ឋនៅដំណាក់កាលរីករាលដាលនៃកូវីដ-១៩។ បើតាមលោក រក្សា យុទ្ធនាការនេះ គឺស្នើសុំឲ្យសម្ដេច ហ៊ុន សែន ដោះស្រាយបញ្ហាទឹក ភ្លើង និងផ្ទះជួល រយៈពេល៣ខែប៉ុណ្ណោះ ចាប់ពីខែមេសា ដល់មិថុនា។ ពលរដ្ឋ​៣០០នាក់ហើយ បានចូលរួមយុទ្ធនាការនេះហើយ ។ 
 
«បរិបទនេះ គឺកំពុងមានការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍កាន់ច្រើន ការចូលរួមប្រហែលមានគាំទ្រច្រើន ប៉ុន្តែពេលយកញត្តិទៅដាក់គឺក្រុមការងារអាចនឹងមានប្រមាណ១០នាក់ប៉ុណ្ណោះ ដើម្បីជៀសវាងបញ្ហាប្រឈមផ្សេងៗ។ ការស្នើសុំអន្តរាគមន៍នេះ គឺបានជួយសម្រាលការលំបាករបស់អ្នកខ្វះខាត និងគ្មានចំណូលនៅអំឡុងពេលរីករាលដាលកូវីដ-១៩ខ្លាំងក្នុងសហគមន៍»។ នេះបើតាមប្រធានក្រុមប្រឹក្សានៃសមាគម​ ស្រី្ត ដើម្បីសង្គម ដោយបន្ថែមថា យ៉ាងយូរពីរសប្ដាហ៍ទៀត ក្រុមលោកនឹងរៀបចំញត្តិទៅដាក់នៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន។
 
លោក លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ថា ការដាក់ញត្តិ គឺជាសេរីភាពរបស់សាធារណជន។ លោក គីមឡុង បានបញ្ជាក់ថា រដ្ឋាភិបាល ក៏មានយន្តការជួយអ្នករងគ្រោះដោយសារវិបត្តិកូវីដ-១៩ ជាហូរហែកន្លងមកដែរ ហើយដំណាក់កាលនេះ មិនទាន់ដល់ពេល ដែលរដ្ឋ គួរលើកលែងថ្លៃទឹក ភ្លើង និងអន្តរាគមន៍ឈ្នួលផ្ទះឡើយ។ ប៉ុន្តែរដ្ឋអាចពិចារណាឲ្យម្ចាស់អគារ ឬផ្ទះជួល ផ្អាកឬបន្ធូរបន្ថយថ្លៃឈ្នួល ដើម្បីសង្គ្រោះចរន្តសេដ្ឋកិច្ច នៅពេលស្ថានភាពកូវីដ-១៩ កាន់តែកើនឡើងធ្ងន់ធ្ងរ។ 
 
« យើងសង្កេតឃើញដំណាក់កាលនេះ រដ្ឋកំពុងមមាញឹកក្នុងការទប់ស្កាត់កូវីដ-១៩ ប្រសិនយើងមិនបានគិតឲ្យដិតដល់ ការធ្វើសកម្មភាពណាមួយ អាចបង្កជាឧបសគ្គ និងរំខានដល់ការទប់ស្កាត់រីករាលដាលកូវីដ-១៩ របស់រដ្ឋាភិបាល» ។ នេះបើតាមលើកឡើងរបស់លោក គីមឡុង ហើយលោកសង្កេតឃើញថា រដ្ឋាភិបាល កំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរ នៅដំណាក់នេះ គឺចំណូលធ្លាក់ចុះ ហើយចំណាយកើនឡើងខ្ពស់ សម្រាប់ទប់ស្កាត់កូវីដ-១៩។ 
 
ជុំវិញគម្រោងដាក់ញត្តិនេះ លោក ផៃ ស៊ីផាន មិនអាចបកស្រាយបានឡើយថា តើរដ្ឋ នឹងគិតគូរយ៉ាងណាខ្លះឡើយ។ អ្នកនាំពាក្យរូបនេះ ស្នើឲ្យសារព័ត៌មានថ្មីៗ រង់ចាំការឆ្លើយតបពីខាង ខុទ្ទកាល័យសម្ដេច ហ៊ុន សែន។ 
 
ប្រសិនបើគ្មានការឆ្លើយតប ​សមស្របណាមួយត្រឡប់វិញ ដើម្បីជួយកម្មករ និស្សិត និងអ្នករកស៊ីក្រៅប្រព័ន្ធទេនោះ សមាគម​ស្ត្រីដើម្បីសង្គម នឹងរកយុទ្ធសាស្រ្តផ្សេងបន្តទៀត ដើម្បីអន្តរាគមន៍លើបញ្ហានេះ។ នេះបើតាមលោក យាន រក្សា ប្រធានក្រុមប្រឹក្សានៃសមាគម​ស្រី្តដើម្បីសង្គម៕
 

Tag:
 ថ្លៃទឹក-ភ្លើង
  ឈ្នួលផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com