ជាតិ
ចិន នឹងបញ្ជូនវ៉ាក់សាំង Sinovac ជាង១លានដូសទៀត មកកម្ពុជា នៅចុងខែមីនា
19, Mar 2021 , 9:50 am        
រូបភាព
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ ចិននឹងផ្ដល់វ៉ាក់សាំង Sinovac ប្រមាណ១,៥លានដូសទៀត មកកម្ពុជា នៅថ្ងៃទី២៦ មីនា ។ នេះបើតាមសារពិសេសរបស់ប្រមុខរដ្ឋាភិបាល ដែលបង្ហាញក្តីព្រួយបារម្ភពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។


សម្ដេច ហ៊ុន សែន បានបញ្ជាក់ក្នុងសារពិសេសថា វ៉ាក់សាំង Sinovac នេះ មិនមែនជាជំនួយទេ ពោលគឺកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញពីចិនមកបន្ថែមទៀត សម្រាប់ពន្លឿនការចាក់ជូនប្រជាពលរដ្ឋ។ សម្ដេច បានកំណត់ផែនការចាក់វ៉ាក់សាំងការពារពលរដ្ឋ ពី១០ទៅ១៣លាននាក់។
 
នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
 
មូលហេតុដែលសម្ដេច បញ្ជាឱ្យរៀបចំយុទ្ធនាការនេះ ដោយសារតែបណ្ដាមន្ទីរពេទ្យខ្លះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមិនគិតដល់នយោបាយរដ្ឋាភិបាល។ បានន័យថា មន្ទីរពេទ្យខ្លះ បានយកវ៉ាក់សាំង Covishield នៃក្រុមហ៊ុន AstraZeneca ចាក់ឱ្យពលរដ្ឋ ដែលមានអាយុក្រោម៦០ ឆ្នាំ ដែលផ្ទុយពីការណែនាំរបស់សម្ដេច។ ប្រមុខរដ្ឋាភិបាល បានកំណត់ថា វ៉ាក់សាំង Sinopharm ចាក់លើពលរដ្ឋអាយុ១៨ ទៅ៥៩ឆ្នាំ ហើយវ៉ាក់សាំង AstraZeneca ចាក់លើពលរដ្ឋពីអាយុ៦០ឆ្នាំឡើងទៅ។
 
«ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង AstraZeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំ វៀលែងតែមានការអនុញ្ញាតរួចហើយ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បើពលរដ្ខណាទទួលបានវ៉ាក់សាំង AstraZeneca ដូសទី១ហើយនោះ គ្រូពេទ្យត្រូវចាក់ដូសទី២ ឱ្យពួកគេទៀត។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ វ៉ាក់សាំងSinopharm របស់ចិន ៦០ម៉ឺនដូស និង AstraZeneca ពីCOVAX ជាង៣២ម៉ឺនដូស។ គិតត្រឹមថ្ងៃទី១៩ មីនា មន្ត្រីរាជការ កងទ័ព និងពលរដ្ឋ ប្រមាណ៣១ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង Sinopharm និង AstraZeneca ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
 
គួរបញ្ជាក់ថា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន១៥៧៨នាក់ ក្នុងនោះ១០៦២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com