ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ដាក់លក់ទីស្នាក់ការអតីតបក្សប្រឆាំង ដើម្បីយកប្រាក់សងមេដឹកនាំបក្សកាន់អំណាច
15, Nov 2021 , 3:50 pm        
រូបភាព
ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក អ៊ឹម វណ្ណៈ ចៅក្រមនៃតុលាការភ្នំពេញ បានចេញដីកា៤ដាច់ដោយឡែកពីគ្នា ស្តីពីការសម្រេចដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ជាកូនបំណុល ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី។ ដីកាទាំងនោះ ត្រូវបានបង្ហោះ និងចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។



ដីកាទាំង៤នោះ គឺ ដីកាទី១ មានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី២ មានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី៣ មានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី៤ មានរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល។ កន្លងមក លោក សម រង្ស៊ី ត្រូវភាគីទាំង៤នេះ ដាក់ពាក្យប្តឹងពីបទចោទផ្សេងៗគ្នា ហើយទាមទារឲ្យលោក បង់ប្រាក់ជាការសងជំងឺចិត្ត។

ដោយសារពុំបានបង់ប្រាក់សងជំងឺចិត្តដល់ភាគីទាំង៤តាមការសម្រេចរបស់តុលាការ ទើបលោក សម រង្ស៊ី ជាមេដឹកនាំកំពូលរបស់ក្រុមប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បានក្លាយជាកូនបំណុល។ យោងតាមដីកាទាំង៤ លោក ត្រូវបង់ប្រាក់ដល់ទៅ១លានដុល្លារ ជូនសម្តេច ហ៊ុន សែន បង់ប្រាក់៦សែនដុល្លារ ជូនសម្តេច ហេង សំរិន បង់ប្រាក់ប្រមាណ៥សែនដុល្លារ ជូនសម្តេច ស ខេង និង បង់ប្រាក់ជាង៤,៤សែនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។

ចៅក្រម អះអាងក្នុងដីកាថា ការដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយបង្ខំ ហើយធ្វើទៅតាមសំណើរបស់ម្ចាស់បំណុល។ ចៅក្រម បញ្ជាក់ដូច្នេះថា៖«កម្មវត្ថ [គឺម្ចាស់បំណុល] សុំឲ្យអនុវត្តតាមវិធានការលក់ដោយបង្ខំនូវអចលនវត្ថុ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង...»។

លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មៗថា លោក ពុំទាន់បានឃើញដីកាស្តីពីការដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។ លោក មានប្រសាសន៍ថា៖«ខ្ញុំ អត់មានអ្វីត្រូវអត្ថាធិប្បាយរឿងហ្នឹងទេ»។

សារព័ត៌មានថ្មីៗ បានជូនសំណួរតាមបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់លោក គី តិច មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន និងការពារក្តីឲ្យសម្តេច ហេង សំរិន ដើម្បីសុំឲ្យបកស្រាយបន្ថែម អំពីការដែលតុលាការភ្នំពេញ ដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ តែលោក ពុំទាន់ឆ្លើយតប។

ចៅក្រម ពុំបានបង្ហាញក្នុងដីកាឡើយថា ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវដាក់លក់ក្នុងតម្លៃប៉ុន្មាន។ 

លោក គង់ សភា មន្រ្តីជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេសដែរនោះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកាសលក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ​ពីសំណាក់តុលាការកម្ពុជា គឺជានយោបាយបំភ័យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ ដេីម្បីបំបាក់ស្មារតីរបស់សកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។ ប៉ុន្តែ លោក យល់ថា ការបំភ័យនេះ គឺគ្មានប្រយោជន៍ឡើយ ព្រោះរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដល់ទីបញ្ចប់ហេីយ​៕



Tag:
 ទីស្នាក់ការ CNRP
© រក្សាសិទ្ធិដោយ thmeythmey.com